តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ចំនួន ២រូបទៀត គឺលោក ឡុង រី និងលោក នុត រំដួល ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែកក្កដា។
ការចាប់ខ្លួននេះ ធ្វើឡើងនៅគេហដ្ឋានរបស់លោកទាំង២ ក្នុងបុរីពិភពថ្មី ដែលស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។ ការឃាត់ខ្លួនតំណាងរាស្ត្របក្សប្រឆាំងជាបន្តបន្ទាប់នេះ ធ្វើឡើងស្របពេលដែលសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចូលតុលាការ ដើម្បីសួរបញ្ជាក់ នៅថ្ងៃទី២៥ ខែកក្កដា ខាងមុខ។
លោក ឡុង រី តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ មណ្ឌលបន្ទាយមានជ័យ និងលោក នុត រំដួល តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចស្នងការដ្ឋានរាជធានីភ្នំពេញ ចុះចាប់ខ្លួនដល់គេហដ្ឋាន នៅវេលាម៉ោងប្រមាណ ៣ និង ៣០នាទី ក្នុងពេលដែលលោកទាំងពីរកំពុងស្ថិតនៅក្នុងគេហដ្ឋានតែមួយជាមួយគ្នា តាំងពីព្រឹកថ្ងៃទី១៧ ខែកក្កដា រង់ចាំក្រែងមានការកោះហៅពីតុលាការ។ បន្ទាប់ពីការចាប់ខ្លួន លោកទាំងពីរត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនយកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខណ្ឌសែនសុខ។
ប្រភពពីសហការីរបស់អ្នកតំណាងរាស្ត្រទាំងពីរ ដែលសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា មុនពេលចាប់ខ្លួន ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានទូរស័ព្ទទៅកាន់ លោក ឡុង រី ដើម្បីប្រាប់អំពីការចាប់ខ្លួន ហើយឲ្យលោកទាំងពីរចុះជួបសមត្ថកិច្ចដែលទៅនាំខ្លួននោះ។ ប្រភពដដែលនេះបញ្ជាក់ថា ក្នុងពេលចាប់ខ្លួននោះ ពុំមានការប្រទូសរ៉ាយអ្វីនោះឡើយ ដោយសារ លោក ឡុង រី និងលោក នុត រំដួល បានសម្រេចចិត្តជាមុន ចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់តុលាការ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថា ការចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់នេះ គឺជារឿងអយុត្តិធម៌ខ្លាំងណាស់ចំពោះគណបក្សប្រឆាំង ប៉ុន្តែលោកថា ទោះជាយ៉ាងណា ព្រឹត្តិការណ៍ទាំងនេះមិនបានធ្វើឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ភ័យខ្លាចនោះទេ។ ផ្ទុយទៅវិញ ពួកគេរឹតតែរួមចិត្តរួមថ្លើម ប្ដេជ្ញាការពារលទ្ធិប្រជាធិបតេយ្យឲ្យបានខ្លាំងក្លាជាទីបំផុត។ លោកចាត់ទុកការចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នេះ ថាជាការបំពានច្បាប់។
លោក យ៉ែម បុញ្ញឫទ្ធិ៖ «យើងសង្កេតឃើញថា ដំណើរប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ហ្នឹងដើរថយក្រោយកាន់តែឆ្ងាយទៅៗ ហើយការឃាត់ខ្លួន ឬឃុំខ្លួនបេក្ខជនជាប់ឆ្នោតរបស់បក្សសង្គ្រោះជាតិ ហ្នឹង យ៉ាងអយុត្តិធម៌ជាទីបំផុត។ អ្នកមានទោស អ្នកប្រើអំពើហិង្សា បែរជារួចខ្លួន ហើយអ្នកដែលការពារប្រជាធិបតេយ្យ អ្នកដែលការពារប្រជាពលរដ្ឋនោះ បែរជារងគ្រោះទៅវិញ។ យើងនៅមានក្តីសង្ឃឹមថា ការដោះស្រាយបញ្ហាវិបត្តិជាប់គាំងនយោបាយហ្នឹងដោយសន្តិវិធី និងអហិង្សា ពីព្រោះយើងចង់បានប្រជាធិបតេយ្យសេរី ពហុបក្សទាំងអស់គ្នា សម្រាប់ប្រជាជាតិយើងទាំងមូល»។

អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេត នៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ដែលបានតាមដានចំពោះការចាប់ខ្លួននេះ មានប្រសាសន៍ថា លោក ឡុង រី និងលោក នុត រំដួល អាចនឹងត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅក្នុងស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃទី១៧ កក្កដា មុនពួកគេត្រូវបានបញ្ជូនទៅកាន់តុលាការនៅថ្ងៃបន្ទាប់។ ទាក់ទងនឹងការចាប់ខ្លួនវិញ លោក អំ សំអាត កត់សម្គាល់ថា វាកំពុងបង្ហាញឲ្យឃើញថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងធ្លាក់ចុះយ៉ាងគំហុក និងមានស្ថានភាពធ្ងន់ធ្ងរក្រៃលែង។ ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា ក៏កំពុងរឹតបន្តឹងសិទ្ធិសេរីភាពក្នុងការជួបជុំបន្ថែមទៀត ដែលប្រការនេះ លោក អំ សំអាត ថាកំពុងរុញច្រានស្ថានភាពនយោបាយនៅកម្ពុជា ឲ្យកាន់តែមានភាពតានតឹងបន្ថែមទៀត។
លោក អំ សំអាត៖ «ខ្ញុំគិតថា អានេះវាជារឿងមួយដែលកាន់តែធ្វើឲ្យពលរដ្ឋយើងហ្នឹង ហៅថាខឹងសម្បា មានការខឹង ជាពិសេសចំពោះអ្នកដែលគាំទ្រគណបក្សសង្គ្រោះជាតិ ហ្នឹង ហើយចឹង យើងចេះតែបារម្ភពីបញ្ហាទាំងអស់ហ្នឹង ហើយយើងបារម្ភថា ប្រហែលជាថ្ងៃ២៥ ហ្នឹង នឹងអាចមានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ច្រើន នឹងមកគាំទ្រឯកឧត្តម កឹម សុខា»។
ជុំវិញព្រឹត្តិការណ៍ចាប់ខ្លួនគណបក្សប្រឆាំងនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី បានចេញដីកាកោះនៅថ្ងៃទី១៦ ខែកក្កដា អញ្ជើញ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឲ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ខាងមុខ ដើម្បីសួរបញ្ជាក់រូបលោកក្នុងនាមជាមេដឹកនាំគណបក្សសង្គ្រោះជាតិ។
ព្រមជាមួយគ្នា លោក កឹម សុខា ក៏បានអំពាវនាវឲ្យបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំងអស់ ដែលកំពុងនៅបរទេស ឲ្យត្រឡប់ចូលស្រុកវិញជាប្រញាប់ ដើម្បីឆ្លើយតបចំពោះសេចក្តីត្រូវការរបស់ពលរដ្ឋ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៧ ខែកក្កដា ឲ្យដឹងថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នឹងវិលត្រឡប់មកប្រទេសកម្ពុជា វិញនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។