អ្នកឃ្លាំមើលការចុះឈ្មោះបោះឆ្នោតនៅខែត្រស្ទឹងត្រែង ឲ្យដឹងថា មិនសូវមានពលរដ្ឋចាប់អារម្មណ៍ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែល គ.ជ.ប បានបិទប្រកាសនៅតាមការិយាល័យឃុំ-សង្កាត់រយៈពេល ៣ថ្ងៃមកហើយ គិតត្រឹមថ្ងៃទី៥ មករា។ មន្ត្រីសង្គមស៊ីវិលបារម្ភខ្លាចពលរដ្ឋប្រឈមបាត់បង់សិទ្ធិបោះឆ្នោត ប្រសិនបើឈ្មោះក្នុងបញ្ជីបោះឆ្នោតមានភាពមិនប្រក្រតី។
អ្នកឃ្លាំមើលការចុះឈ្មោះបោះឆ្នោត និងមន្ត្រីអង្គការខុមហ្វ្រែល (COMFREL) អំពាវនាវនៅថ្ងៃទី៥ មករា សុំឲ្យពលរដ្ឋប្រញាប់ផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មីរបស់ គ.ជ.ប នៅតាមឃុំ ឬសង្កាត់រៀងៗខ្លួន។
ការអំពាវនាវនេះ ធ្វើឡើងក្រោយពីរកឃើញថា វត្តមានពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសង្កាត់ស្ទឹងត្រែង រយៈពេល ៣ថ្ងៃ គិតត្រឹមថ្ងៃទី៥ មករា មានប្រហែលជាង ១០០នាក់។ ចំណែកពលរដ្ឋនៅតាមជនបទស្ទើរតែពុំមានពលរដ្ឋទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត។
សមាជិកក្រុមប្រឹក្សាខែត្រ និងជាអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តស្ទឹងត្រែង លោក សាត ស៊ិន អង្កេតឃើញថា មានកត្តាមួយចំនួនដែលពលរដ្ឋខកខានមិនបានទៅផ្ទៀងផ្ទាត់ចុះឈ្មោះបោះឆ្នោត ដូចជាខ្វះការផ្សព្វផ្សាយ ឬកង្វះព័ត៌មាន និងបញ្ជីឈ្មោះរបស់ គ.ជ.ប នៅឆ្ងាយពីលំនៅឋានពលរដ្ឋ។ លោកមើលឃើញថា ការផ្សព្វផ្សាយព័ត៌មានរបស់ គ.ជ.ប ជំរុញឲ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ក៏ហាក់មិនគ្រប់ជ្រុងជ្រោយដែរ។
លោកថា អ្នកឃ្លាំមើលការចុះឈ្មោះបោះឆ្នោតមកពីគណបក្សសង្គ្រោះជាតិ ខែត្រស្ទឹងត្រែង រកឃើញជនជាតិវៀតណាម ជាង ២០នាក់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយក្រុមការងារលោក នឹងរៀបចំពាក្យបណ្ដឹងទៅ គ.ជ.ប នៅពេលឆាប់ៗនេះ៖ « អត់មានគ្រប់ជ្រុងជ្រោយទេ អត់មានឃើញអាជ្ញាធរណាដើរប្រាប់ប្រជាពលរដ្ឋឲ្យទៅពិនិត្យឈ្មោះ ហើយនិងឃើញមាន មានពីណាមួយចាក់មេក្រូផ្សព្វផ្សាយឲ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះទេ »។
អាស៊ីសេរី មិនអាចទាក់ទងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង លោក ពុយ ចាន់ថាឡាក់ ដើម្បីសុំការបំភ្លឺបញ្ហានេះបានទេនៅថ្ងៃទី៥ មករា ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន។
ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង ដែលបានមកពិនិត្យបញ្ជីឈ្មោះនៅសង្កាត់ស្ទឹងត្រែង គឺលោកស្រី កាន់ ណារ៉ា ឲ្យដឹងថា គ.ជ.ប បានបិទបញ្ជីឈ្មោះបោះឆ្នោតឲ្យពលរដ្ឋផ្ទៀងផ្ទាត់មានលក្ខណៈងាយស្រួល ពលរដ្ឋខ្លះមិនចេះអានអក្សរក៏អាចរកឃើញដែរ ព្រោះមានបិទរូបថត និងមានអាជ្ញាធរឃុំប្រចាំការ ចង្អុលបង្ហាញនៅគ្រាដែលពួកគេរកឈ្មោះមិនឃើញ។ លោកស្រីបញ្ជាក់ថា មូលហេតុដែលលោកស្រីសម្រេចចិត្តពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដើម្បីឲ្យប្រាកដថា លោកស្រីមានសិទ្ធិបោះឆ្នោតនៅមណ្ឌលណាមួយជាក់លាក់៖ « ចឹងបានថារវល់ប៉ុណ្ណាក៏យើងឆ្លៀតពេលដែរ។ មកផ្ទៀងផ្ទាត់ខ្លាចអត់មានឈ្មោះនៅក្នុងហ្នឹង ខ្លាចអត់មាន »។
មន្ត្រីកម្មវិធីជាន់ខ្ពស់នៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា គ.ជ.ប អាជ្ញាធរមូលដ្ឋាន និងគ្រប់គណបក្សនយោបាយ ត្រូវចូលរួមផ្សព្វផ្សាយជំរុញពលរដ្ឋពិនិត្យបញ្ជីឈ្មោះបោះឆ្នោតក្នុងបញ្ជីថ្មី ដើម្បីឲ្យប្រាកដថាឈ្មោះរបស់ពលរដ្ឋមានក្នុងបញ្ជីបោះឆ្នោត។ លោកបារម្ភថា បើពលរដ្ឋមិនបានទៅផ្ទៀងផ្ទាត់ចុះឈ្មោះបោះឆ្នោតទេ ពលរដ្ឋអាចប្រឈមការបាត់បង់សិទ្ធិបោះឆ្នោត ប្រសិនបើជាទិន្នន័យឈ្មោះពលរដ្ឋមានបញ្ហា៖ « បើយើងមើលមែនទែនទៅ ការផ្សព្វផ្សាយព័ត៌មានរបស់ គ . ជ . ប នៅមានកម្រិត។ យើងមើលការចុះឈ្មោះបោះឆ្នោតមានទាំងពីការចែកខិត្តប័ណ្ណ ការប្រកាសតាមភូមិអីផង ប្រជាពលរដ្ឋយើងនៅតែមានបញ្ហាក្នុងការចន្លោះប្រហោងក្នុងការចុះឈ្មោះបោះឆ្នោត »។
គ.ជ.ប បានជំរុញឲ្យពលរដ្ឋផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួនខុសអក្ខរាវិរុទ្ធ និងថ្ងៃខែឆ្នាំកំណើត និងមានបញ្ហាផ្សេងៗ ត្រូវធ្វើការតវ៉ា ឬផ្តល់ព័ត៌មាននេះទៅមន្ត្រីរៀបចំការបោះឆ្នោតនៅតាមឃុំ-សង្កាត់នីមួយៗ ដើម្បីកែតម្រូវឲ្យបានទាន់ពេលចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។
តួលេខរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង ឲ្យដឹងថា ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរយៈពេល ៣ខែកាលពីឆ្នាំ២០១៦ បានជិត ៨ម៉ឺននាក់ ស្មើនឹង ៨៩% ក្នុងចំណោមពលរដ្ឋជាង ៨ម៉ឺននាក់ (៨០.០៥៣នាក់) ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។