សង្គម​ស៊ីវិល​ស្នើសុំ​ឲ្យ​លុប​សារាចរ​ណែនាំ​របស់​ប្រធាន​រដ្ឋសភា

0:00 / 0:00

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្នើ​ឲ្យ​ប្រធាន​រដ្ឋសភា​ពិចារណា​ក្នុង​ការ​លុប​ចោល​សារាចរ​ណែនាំ​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​បែបបទ​ការងារ​របស់​គណៈកម្មការ​នៃ​រដ្ឋសភា។ យន្តការ​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ប្រធាន​រដ្ឋសភា​អនុវត្ត​ដូច​នេះ គឺ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ។

អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​ដំណើរ​ការ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​តួនាទី​របស់​សភា ទាមទារ​ឲ្យ​ប្រធាន​រដ្ឋសភា ត្រូវ​លុប​ចោល​ដោយ​គ្មាន​លក្ខខណ្ឌ ចំពោះ​សារាចរ​ណែនាំ​អំពី​កិច្ចការ​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​បែបបទ​ការងារ​របស់​គណៈកម្មការ​នានា​នៃ​រដ្ឋសភា។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីស្នាក់ការ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា លោក អ៊ូ វីរៈ ប្រធាន​ក្រុម​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) និយាយ​ថា វា​ពិត​ជា​ហួស​ចិត្ត​ដែល​ប្រធាន​រដ្ឋសភា​ទាំង​មូល មក​ធ្វើ​កិច្ចការ​ដែល​ផ្ទុយ​ពី​គោលការណ៍​ច្បាប់។ លោក​ឲ្យ​ដឹង​ថា ប្រការ​ដែល លោក ហេង សំរិន ប្រធាន​រដ្ឋសភា សម្រេច​ចិត្ត​ចេញ​សារាចរ​ណែនាំ​មួយ​នេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ប្រព័ន្ធ​ប្រជាធិបតេយ្យ គឺ​កំពុង​ចុះ​អន់​ថយ​ទៅៗ។

ម្យ៉ាង​វិញ​ទៀត មធ្យោបាយ​នេះ គឺ​អាច​ជួយ​រក្សា​លំនឹង​នៃ​អំណាច​កាន់​តែ​មាន​ប្រសិទ្ធភាព។ លើស​ពី​នេះ​ទៀត ការ​បង្កើត​កៅអី​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រឆាំង រឹត​តែ​គ្មាន​ន័យ​ថែម​ទៀត៖ «អ្វី​ដែល​ខ្ញុំ​មើល​មែន​ទែន គឺ​គាត់​ចង​ទាំងអស់។ ឥឡូវ​យើង​មើល​តួនាទី​គណបក្ស​ប្រឆាំង​នៅ​ក្នុង​នេះ គឺ​យើង​មើល​ទី​មួយ យើង​មើល​តួនាទី​មួយ​ដែល​មាន​តួនាទី​ខ្ពស់ គឺ​អនុប្រធាន​ទី​មួយ។ តាម​ពិត អនុប្រធាន​ទី​មួយ​ឥត​មាន​អំណាច​ទេ​ជា​តួនាទី​អង្គុយ​អម​ប្រធាន សម្រាប់​លំអ​ប្រធាន​នៅ​ខាង​ស្ដាំ»

ដោយ​ឡែក ទិដ្ឋភាព​ទូទៅ​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា ឯណោះ​វិញ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​គេ​ស្គាល់​ជាទូទៅ​ថា តែង​ហ៊ាន​ប្រតិកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដោយ​ចំៗ​នោះ បាន​ប្រើប្រាស់​វេទិកា​នេះ​ដោយ​ចំអក​ឡកឡឺយ​ផង និង​បកស្រាយ​ផ្លូវ​ច្បាប់​ផង ចំពោះ​ការ​អនុវត្ត​គោល​នយោបាយ​របស់​សភា ដែល​សង្គម​ស៊ីវិល​ទាំង​នេះ​ហៅ​ថា តែង​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ជានិច្ច​នោះ ពេល​ខ្លះ​បាន​បង្កើត​បរិយាកាស​នាំ​ឲ្យ​ផ្ទុះ​សំណើច​នៅ​ក្នុង​វេទិកា​ថែម​ទៀត​ផង។

(ពី​ឆ្វេង)៖ ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក (Adhoc) លោក នី ចរិយា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា និង​ប្រធាន​ក្រុម​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​អំពី​សារាចរ​របស់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នា​ទីស្នាក់ការ​នៃ​អង្គការ​ខុមហ្វ្រែល កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៤។
(ពី​ឆ្វេង)៖ ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក (Adhoc) លោក នី ចរិយា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា និង​ប្រធាន​ក្រុម​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​អំពី​សារាចរ​របស់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នា​ទីស្នាក់ការ​នៃ​អង្គការ​ខុមហ្វ្រែល កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៤។ (RFA/Morm Moniroth)

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល និយាយ​ថា ស្ថាប័ន​អង្គការ​មិន​មែន​រដ្ឋាភិបាល ទទូច​ស្នើសុំ​ឲ្យ​ស្ថាប័ន​រដ្ឋសភា ត្រូវ​តែ​លុប​ចោល​នូវ​សារាចរ​ណែនាំ​ដែល​ចេញ​ដោយ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន។ លោក​បន្ត​ថា វា​គួរ​ឲ្យ​ចម្លែក​ណាស់​ដែល​សុខៗ ប្រធាន​រដ្ឋសភា ស្រាប់​តែ​ចេញ​សារាចរ​បែប​នេះ ដែល​ពុំ​ធ្លាប់​មាន​ពី​មុន។ លោក​គិត​ថា ការ​ប្រើប្រាស់​យន្តការ​នេះ គឺ​ប្រឆាំង​រដ្ឋធម្មនុញ្ញ និង​រឹត​តែ​ពុំ​អាច​ទៅ​រួច​ទៀត​នោះ គឺ​លក្ខន្តិកៈ​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​តែ​ម្ដង៖ «បន្ទាប់​ពី​រដ្ឋធម្មនុញ្ញ​មក គឺ​បទបញ្ជា​ផ្ទៃ​ក្នុង​ហ្នឹង​ហើយ។ អ៊ីចឹង គេ​នឹង​សិក្សា​រឿង​ហ្នឹង។ រឿង​សារាចរ​រឿង​អី រឿង​ស្អី​សារាចរ​ប្រធាន​ហ្នឹង។ វា​ឥត​មាន ពី​ដើម​វា​ឥត​មាន​ចេញ​អ៊ីចឹង​សោះ»

ប្រតិកម្ម​ប្រឆាំង​សេចក្ដី​សម្រេច​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ពេល​នេះ ធ្វើ​ឡើង ២០​ថ្ងៃ​បន្ទាប់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ចេញ​សារាចរ​ណែនាំ​ស្ដីពី​បែបបទ​ការងារ​របស់​គណៈកម្មការ​នានា​នៃ​រដ្ឋសភា។ លិខិត​ដែល​មាន​ចុះ​ហត្ថលេខា​ដោយ លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឲ្យ​ដឹង​ថា ដើម្បី​សម្រួល​ឲ្យ​មាន​ឯកភាព​ក្នុង​បែបបទ​រដ្ឋបាល និង​ក្នុង​ការ​អនុវត្ត​ការងារ​ក្នុង​នាម​ជា​ប្រធាន​រដ្ឋសភា បាន​ចេញ​នូវ​គោលការណ៍​មួយ​ចំនួន។ ក្នុង​នោះ​រួម​មាន ការ​ប្រជុំ​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់ និង​សេចក្ដី​ស្នើ​ច្បាប់ ការ​ប្រជុំ​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​អនុវត្ត​ច្បាប់ ការ​ប្រជុំ​ផ្សេងៗ​របស់​គណៈកម្មការ និង​ការ​រក្សា​សណ្ដាប់ធ្នាប់​ក្នុង​បរិវេណ​រដ្ឋសភា។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​ចាត់​របៀប​ធ្វើ​ការ​របស់ លោក ហេង សំរិន ដែល​ចេញ​សារាចរ​នៅ​ពេល​នេះ ថា​មិន​ខុស​ពី​សន្តិសុខ​យាម​នៅ​របង​សភា​នោះ​ទេ។ ចំណែក លោក ឈាង វុន សមាជិក​នៃ​រដ្ឋសភា​វិញ ឆ្លើយ​តប​យ៉ាង​ខ្លី​ថា លោក​ជាប់​រវល់​ប្រជុំ មុន​នឹង​ផ្ដាច់​ទូរស័ព្ទ។ ដោយ​ឡែក​សមាជិក​សភា​ផ្សេង​ទៀត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ទី​២ ខែ​តុលា។

ពាក់ព័ន្ធ​រឿង​នេះ លោក នី ចរិយា ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក (Adhoc) ថ្លែង​ថា ការ​អនុវត្ត​ដូច​នេះ​របស់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន គឺ​ប្រឆាំង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ។ លោក​បន្ត​ថា តួនាទី​របស់​ប្រធាន​រដ្ឋសភា ពុំ​មាន​ចែង​ទាល់​តែ​សោះ​អំពី​កាតព្វកិច្ច និង​ការ​ទទួល​ខុស​ត្រូវ ដែល​ចាំបាច់​ត្រូវ​តែ​ចេញ​បែបបទ​ដូច​នេះ។ ម្យ៉ាង​វិញ​ទៀត លិខិត​បទដ្ឋាន​ដូច​អ្វី​ដែល លោក ហេង សំរិន កំពុង​តែ​អនុវត្ត​នៅ​ពេល​នេះ គឺ​ពុំ​មាន​សុពលភាព​តាម​ផ្លូវ​ច្បាប់​សោះ​ឡើយ។ ពោល គឺ​សារាចរ​នេះ​មាន​តម្លៃ​ស្មើ​លិខិត​ជូន​ដំណឹង​មួយ​ប៉ុណ្ណោះ៖ «ប្រធាន​រដ្ឋសភា​ហ្នឹង គ្រាន់​តែ​ជា​អ្នក​សម្រប​សម្រួល​ទេ ហើយ​ទទួល​យក​ញត្តិ និង​អ្វី​ទាំង​ឡាយ​ដែល​រដ្ឋសភា​បាន​អនុម័ត។ សួរ​ថា តើ​ប្រធាន​រដ្ឋសភា​នៅ​ពេល​ដែល​ចេញ​សារាចរ​នេះ​មក តើ​ប្រធាន​រដ្ឋសភា​បាន​អនុវត្ត ឬ​ក៏​អាច​អនុវត្ត​នៅ​មាត្រា​៨៧ នៃ​រដ្ឋធម្មនុញ្ញ​បាន​ទេ? ឧទាហរណ៍​ញត្តិ គាត់​ទទួល​ញត្តិ​ម៉េច​បាន បើ​ឃាត់​ប្រជាជន​មិន​ឲ្យ​ចូល​ទៅ​ដាក់​ញត្តិ​ហើយ»

ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ប្រសិន​បើ​សារាចរ​នេះ​អាច​ដំណើរ​ការ​ដូច​ការ​គ្រោង​ទុក វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ចំពោះ​ការ​រីក​លូតលាស់​នៃ​ពន្លក​លទ្ធិប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។