គណបក្សនយោបាយនីមួយៗ បានចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួននៅតាមផ្លូវ និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដូចជាវិទ្យុ ទូរទស្សន៍ និងកាសែតជាដើម។ ប៉ុន្តែអ្វីដែលផុសផុលខ្លាំងជាងគេសម្រាប់ការឃោសនារកសំឡេងឆ្នោតក្នុងអាណត្តិនេះនោះ គឺការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតបានមកដល់ ប្រព័ន្ធផ្សព្វផ្សាយទាំងឡាយកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើព្រឹត្តិការណ៍នេះ។ ស្ថាប័នសារព័ត៌មាននីមួយៗ លើកលែងតែស្ថាប័នឯករាជ្យប៉ុណ្ណោះ បានចាប់ផ្ដើមធ្វើការឃោសនាឱ្យគណបក្សនយោបាយណាដែលខ្លួនមានទំនោរទៅរក ហើយក្រៅពីនេះ បណ្ដាញសង្គមហ្វេសប៊ុក កំពុងក្លាយជាទីពេញនិយមសម្រាប់អ្នកឃោសនា។
បណ្ដាញសង្គមហ្វេសប៊ុក កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេរីភាពបញ្ចេញមតិរបស់មនុស្សម្នាក់ៗ។ យោងតាមរបាយការណ៍របស់គេហទំព័រ ប្លក់ ឌីសខូវើរ ខេមបូឌា (Blog Discover Cambodia) អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត (Internet) នៅក្នុងប្រទេសកម្ពុជា មានចំនួនជាង ២លាននាក់ (២.៤៦៦.៣០៥) គិតត្រឹមចុងខែតុលា ឆ្នាំ២០១២ ហើយក្នុងនោះជិត ៧សែននាក់ (៦៩០.៣០៥) ជាអ្នកប្រើប្រាស់បណ្ដាញសង្គម។
គិតមកដល់ត្រឹមថ្ងៃទី៣០ ខែមិថុនា នេះ ការឃោសនាមានរយៈពេលបួនថ្ងៃហើយ។ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានការផ្សព្វផ្សាយរូបភាព និងគោលនយោបាយគណបក្សផ្សេងៗជាច្រើនសម្រាប់បម្រើដល់ការទាក់ទាញរកសំឡេងឆ្នោត។ អ្នកប្រើប្រាស់មួយចំនួនបានបញ្ចេញមតិយោបល់របស់ខ្លួនចំពោះគណបក្សដែលគេពេញចិត្តនិងមិនពេញចិត្ត។
អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ឈ្មោះ វ៉ាន់ តារា បានបង្ហោះ និងចែកផ្សាយបន្តពីគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ នៅលើហ្វេសប៊ុក។ លោកបានបញ្ចេញមតិយោបល់តាមរយៈបណ្ដាញថ្មីនេះ អំពាវនាវឱ្យប្រជាជនខ្មែរបោះឆ្នោតជូនគណបក្សប្រឆាំងដែលទើបច្របាច់បញ្ចូលគ្នា។ បន្ថែមពីលើនេះ លោកក៏បានបង្ហោះជាវីដេអូចម្រៀងមួយ ដើម្បីស្នើឱ្យប្រជាជនផ្លាស់ប្ដូរមេដឹកនាំនៅពេលខាងមុខ។
ចំណែកឯអ្នកប្រើប្រាស់ម្នាក់ទៀតដែលមានឈ្មោះក្នុងហ្វេសប៊ុកថា ណាំ បេង វិញ បានបង្ហាញពីសេចក្ដីពេញចិត្តរបស់ខ្លួនចំពោះគណបក្សប្រជាជនកម្ពុជា ហើយលោកតែងតែបង្ហោះ និងចែករំលែករូបភាព ព្រមទាំងគោលនយោបាយគណបក្សមួយនេះ នៅលើទំព័ររបស់លោក។
លោកថា ការធ្វើបែបនេះ គឺដើម្បីមិត្តភក្តិរបស់លោកបានដឹងពីសកម្មភាព និងគោលនយោបាយគណបក្សប្រជាជន ដើម្បីឱ្យពួកគាត់បោះឆ្នោតជូន៖ «សំខាន់ខ្ញុំគឺជាសកម្មជន ជាយុវជនរបស់គណបក្សហ្នឹង ដូច្នេះខ្ញុំត្រូវយកគោលនយោបាយរបស់គាត់មកជួយចែករំលែក ហើយខ្ញុំតែងតែឃើញទង្វើល្អៗរបស់គាត់ជាច្រើន ដូចជាការចុះជួយប្រជាពលរដ្ឋ ការចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដូច្នេះខ្ញុំគិតថា នេះជាកត្តាសំខាន់ដែលជំរុញឱ្យខ្ញុំ ឬក៏វាដើរទន្ទឹមនឹងគំនិតរបស់ខ្ញុំ ដែលខ្ញុំត្រូវការធ្វើបែបហ្នឹង គឺចង់ឱ្យរាជរដ្ឋាភិបាលរបស់យើងយកទុកដាក់ឱ្យខ្លាំងចំពោះប្រជាពលរដ្ឋ ដូច្នេះហើយបានជាខ្ញុំចូលចិត្តការធ្វើនយោបាយបែបហ្នឹង»។
យ៉ាងណាមិញ ការប្រកាន់គណបក្សផ្សេងគ្នានេះ បានធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនចាប់ផ្ដើមប្រើបណ្ដាញសង្គមជាកន្លែងឌឺដង ឬវាយប្រហារគ្នាទៅវិញទៅមក។
ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា យើងស្រឡាញ់ខ្មែរ បានបង្ហោះរូបភាពជាច្រើនទាក់ទងនឹងការឃោសនាបោះឆ្នោត។ ក្នុងចំណោមរូបភាពទាំងនោះ មានរូបមួយដែលគេយកស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដាក់ទន្ទឹមគ្នា រួចចោទជាសំណួរថា “តើគណបក្សណាបោករាស្ត្រ និងសន្យាខ្យល់ពិតប្រាកដ?” ហើយសូមឱ្យអ្នកលេងហ្វេសប៊ុក មានមតិយោបល់។
ឆ្លើយតបនឹងសំណួរនេះ អ្នកគាំទ្រគណបក្សកាន់អំណាចបានលើកសរសើរបក្សរបស់ខ្លួនថា មិនដែលសន្យាខ្យល់ទេ មានតែការអភិវឌ្ឍជាតិ។ ចំណែកអ្នកគាំទ្របក្សប្រឆាំងវិញ បានវាយប្រហារបក្សកាន់អំណាចយ៉ាងចាស់ដៃ ដោយលើកឡើងថា បក្សនេះមិនមានគោលនយោបាយច្បាស់លាស់ បានត្រឹមតែចែកសារុង ប៊ីចេង រួចនិយាយបំផ្លើស និងតាមឈ្នានីសបក្សប្រឆាំង។
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយ លោក មឿន ឈានណារិទ្ធ បានមានប្រសាសន៍ថា បណ្ដាញសង្គមហ្វេសប៊ុក ជាមធ្យោបាយបំពេញបន្ថែមសម្រាប់ឃោសនាពីគោលជំហរនយោបាយរបស់គណបក្ស ហើយវាក៏ជាមធ្យោបាយបញ្ចេញមតិសម្រាប់ការផ្លាស់ប្តូរនៅក្នុងសង្គម។
លោក មឿន ឈានណារិទ្ធ៖ «អ្វីដែលខ្ញុំសង្កេតឃើញខ្លាំងជាងគេនោះ គឺគណបក្សនយោបាយ ដែលមិនមែនជាអ្នកកាន់អំណាច ដូចជាគណបក្សប្រឆាំងជាដើម គឺគាត់ពឹងផ្អែកទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហ្នឹង ដោយសារតែប្រព័ន្ធផ្សព្វផ្សាយចម្បង ដូចជា វិទ្យុ ទូរទស្សន៍ កាសែត ភាគច្រើន ជារបស់រដ្ឋាភិបាល ឬមាននិន្នាការគាំទ្ររដ្ឋាភិបាល អ៊ីចឹងគាត់កំពុងតែពឹងផ្អែកលើប្រព័ន្ធផ្សព្វផ្សាយសង្គមនេះឯង»។
កាលពីខែឧសភា កន្លងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីអំពាវនាវមួយដល់អ្នកប្រើប្រាស់បណ្ដាញផ្សព្វផ្សាយសង្គមទាំងអស់ ឱ្យចៀសវាងការផ្ដល់ព័ត៌មានមិនត្រឹមត្រូវអំពីដំណើរការបោះឆ្នោត (ជាពិសេសកាលបរិច្ឆេទនៃការបោះឆ្នោត)។ ខ្លឹមសារនៃសេចក្ដីអំពាវនាវនោះ ក៏បានស្នើដល់អ្នកប្រើប្រាស់ឱ្យចៀសវាងការធ្វើឱ្យមានភាពភ័យខ្លាច ការភ័ន្តច្រឡំ ភាពច្របូកច្របល់ បាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត ដើម្បីធានាឱ្យបាននូវបរិយាកាសសុខសន្តិភាព និងប្រកបដោយភាពជោគជ័យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៅថ្ងៃទីអាទិត្យ ទី២៨ កក្កដា ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
