បក្ស​ប្រឆាំង​គ្រោង​ធ្វើ​ពិធី​បង្សុកូល​ជូន​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​១៧ មេសា

គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ជូន​ដំណឹង​ថា គណបក្ស​នេះ​នឹង​រៀបចំ​ធ្វើ​ពិធី​បង្សុកូល​រាប់​បាត្រ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​នៅ​សប្ដាហ៍​ក្រោយ។

ក្នុង​លិខិត​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​៦ មេសា បាន​សរសេរ​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ស្នើសុំ​ទីតាំង​នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង ដើម្បី​រៀបចំ​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរក្រហម ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៧ មេសា។

អនុ​ប្រធាន​រដ្ឋបាល​ទូទៅ​នៃ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង លោក ណោ រ៉ា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ទទួល​លិខិត​ស្នើសុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៤ មេសា ក៏​ប៉ុន្តែ​លោក​មិន​ទាន់​បាន​បញ្ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ទេ ដោយ​សារ​តែ​ជា​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្ដាហ៍។

លោក ណោ រ៉ា៖ «ខ្ញុំ​បាន​ទទួល​លិខិត​ហ្នឹង​មែន គ្រាន់​តែ​ថ្នាក់​ដឹក​នាំ​ខ្ញុំ​អត់​ទាន់​បាន​សម្រេច​ទេ។ លិខិត​ហ្នឹង​ខ្ញុំ​បាន​ទទួល​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទៅ​ហើយ ហើយ​ថ្ងៃ​សុក្រ​ហ្នឹង មន្ត្រី​ខ្ញុំ​ក្រោមៗ មិន​ទាន់​ផ្ដល់​លោក​ជំទាវ​ខ្ញុំ​ទេ​នៅ​ថ្ងៃ​សុក្រ​ហ្នឹង។ អ៊ីចឹង​ឯកសារ​ហ្នឹង​ទាល់​តែ​ថ្ងៃ​ច័ន្ទ បាន​ខ្ញុំ​ដាក់​ដំណើរការ​ឡើង​ទៅ»

ប្រធាន​គណបក្ស​សង្គ្រោះ លោក សម រង្ស៊ី ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​៦ មេសា ថា គម្រោង​គណបក្ស​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​១៧ មេសា នឹង​ត្រូវ​តែ​ធ្វើ ទោះ​ជា​មិន​ទាន់​មាន​ទីតាំង​ជាក់​លាក់​ក៏ដោយ៖ «ខ្ញុំ​មិន​ទាន់​បញ្ជាក់​ជា​មួយ​គណៈកម្មការ​រៀបចំ​បុណ្យ​ហ្នឹង​ផង។ ប៉ុន្តែ​ច្បាស់​ជា​ធ្វើ បើ​មិន​ធ្វើ​កន្លែង​ណា​មួយ ក៏​ធ្វើ​នៅ​កន្លែង​មួយ​ទៀត​ដែរ​បាទ!»

ក្នុង​លិខិត​ស្នើសុំ​ទីតាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​សរសេរ​បន្ត​ថា ពិធី​បង្សុកូល​ដែល​គ្រោង​ធ្វើ​​នោះ នឹង​មាន​លោក សម រង្ស៊ី ប្រធាន និង​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​អធិបតី និង​អ្នក​ចូលរួម​ចំនួន​ប្រមាណ ៥០០​នាក់ និង​ព្រះសង្ឃ​ចំនួន ៥០​អង្គ ហើយ​កម្មវិធី​ចាប់​ផ្ដើម​ពី ៧ ដល់​ម៉ោង ១១ និង ៣០​នាទី​ព្រឹក នៃ​ថ្ងៃ​ទី​១៧ មេសា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។