មន្ត្រី​ពន្ធនាគារ​អនុញ្ញាត​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​សួរ​សុខ​ទុក្ខ​អ្នកស្រី មូរ សុខហួរ

0:00 / 0:00

មន្ត្រី​ពន្ធនាគារ​ព្រៃ​ស​អនុញ្ញាត​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប គឺ​លោក សុន ឆ័យ និង​លោក អ៊ូ ច័ន្ទឫទ្ធិ ចូល​សួរ​សុខ​ទុក្ខ​អ្នកស្រី មូរ សុខហួរ បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា។ ចំណែក​មនុស្ស ៧​រូប​ផ្សេង​ទៀត​ដែល​ត្រូវ​ឃុំ​ដាច់​ដោយ​ឡែក​ពី​អ្នកស្រី មូរ សុខហួរ នោះ មិន​ទាន់​មាន​ការ​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខទុក្ខ​នៅ​ឡើយ។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ បាន​ចូល​សួរ​សុខ​ទុក្ខ​អ្នកស្រី មូរ សុខហួរ ផ្ទាល់ បន្ទាប់ពី​ការ​ចាប់​ខ្លួន​គាត់​និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ៧​រូប​ផ្សេង​ទៀត​អស់​រយៈពេល​មួយ​សប្ដាហ៍​កន្លង​មក​នេះ។

ប្រធាន​ក្រុម​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ពេល​លោក​ជួប​អ្នកស្រី មូរ សុខហួរ នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​នោះ ឃើញ​គាត់​មាន​សុខភាព​ធម្មតា ហើយ​អ្នកស្រី​បាន​ផ្ដាំ​ផ្ញើ​មក​អ្នក​គាំទ្រ​ទាំង​អស់​ថា គាត់​មិន​សុខ​ចិត្ត​ឡើយ​ចំពោះ​ការ​ចាប់​គាត់​ដាក់​ខ្នោះដៃ​តាំង​ពី​នៅ​ស្នងការ​ប៉ូលិស​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា នោះ។

​អ្នកស្រី​ថា គាត់​គ្មាន​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ ហើយ​ការ​ចាប់​គាត់​ដាក់​ខ្នោះ​បែប​នេះ ជា​ការ​មាក់ងាយ​រូប​គាត់​ធ្ងន់ធ្ងរ​ណាស់ ដែល​គាត់​ជា​ស្ត្រី​និង​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ឈ្នះ​ឆ្នោត​ផង៖ «ទី​ពីរ គាត់​មាន​ផ្ដាំ​សួរ​ទៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ផង​ថា គាត់​មាន​សញ្ជាតិ​ជា​អាមេរិកាំង ហេតុ​អី​ស្ថានទូត​អត់​មាន​ទៅ​អើត​គាត់​សោះ​ពេញ​មួយ​អាទិត្យ​ហើយ? សូម​ឲ្យ​ជួយ​សម្រួល​ដល់​ស្វាមី​គាត់ ជា​ពិសេស​កូន​ស្រី​គាត់​ដែល​សុំ​ទៅ​ជួប​គាត់ ហេតុ​អី​មិន​ឲ្យ​កូន​ស្រី​គាត់​ទៅ​ជួប​ជាដើម?»

តែ​ទោះ​យ៉ាង​ណា លោក សុន ឆ័យ មើល​ឃើញ​ថា រដ្ឋាភិបាល​ហាក់​បន្ទន់​ឥរិយាបថ​ខ្លះ​តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខទុក្ខ​នេះ​ពេល​នេះ។ លោក​ក៏​សង្ឃឹម​ថា អ្នក​ទាំង ៨​នាក់​នោះ​នឹង​អាច​ដោះលែង​ឆាប់ៗ បើ​សិន​រដ្ឋាភិបាល​តម្កល់​ស្មារតី​ចង់​ដោះស្រាយ​បញ្ហា​នយោបាយ​ជាតិ​ដែល​កំពុង​ជាប់​គាំង​នោះ៖ «វា​ត្រូវ​តែ​មាន​ការ​បង្ហាញ​ពី​ឆន្ទៈ​ដោយ​ចាប់​ផ្ដើម​ពី​ការ​ដោះលែង​អ្នក​ ទាំង ៨​រូប​នោះ​ឲ្យ​បាន​មុន​ថ្ងៃ​ស្អែក ឲ្យ​ទទួល​បាន​បរិយាកាស​ការ​ចរចា​កាន់​តែ​ល្អ»

ស្រប​ពេល​គ្នា​នេះ​ដែរ មេធាវី​ការពារ​ក្តី​ឲ្យ​ជនសង្ស័យ លោក កែត ឃី មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​២១ កក្កដា លោក​ក៏​បាន​ចូល​សួរសុខទុក្ខ​អ្នក​ទាំង ៧​នាក់​ផ្សេង​ទៀត​ដែរ ហើយ​អ្នក​ទាំង​នោះ​មាន​សុខភាព​ធម្មតា​ទេ៖ «បញ្ហា​សុខភាព ការ​ស្នាក់​នៅ គឺ​អត់​មាន​អី​ចោទ​ទេ គ្រាន់​នៅ​ទី​នោះ​ម៉ោង ៩ ឬ​ម៉ោង ១០ អី​យ៉ាង​យូរ គឺ​បិទ​ភ្លើង ដល់​បិទ​ភ្លើង​ទៅ​វា​ហប់ វា​អត់​មាន​កង្ហារ វា​ហប់ គាត់​វា​ពិបាក ប៉ុន្តែ​ដោយសារ​តែ​ខាង​ពន្ធនាគារ​ហ្នឹង​ក្មេងៗ​វា​ជាប់​ជាមួយ​គាត់ គេ​អាណិត​អាសូរ គេ​ចេះ​តែ​បក់​ផ្លិត​ឲ្យ​បណ្ដាក់​គ្នា​ឲ្យ​គាត់»

​មេធាវី​មួយ​រូប​ទៀត គឺ​លោក សំ សុគង់ មាន​ប្រសាសន៍​ដែរ​ថា ដោយ​សំណុំ​រឿង​អ្នក​ទាំង ៨​នាក់​ស្ថិត​ក្នុង​ដំណាក់​កាល​កំពុង​ធ្វើ​ការ​ស៊ើបសួរ។ ពួកគាត់​អាច​នឹង​ដោះលែង​បាន​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​អង្គ​សវនាការ​ទេ គឺ​អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើប​សួរ៖ «ទាក់​ទង​នឹង​រឿង​ចរចា​អី​ហ្នឹង ជា​រឿង​មួយ​ផ្សេង ប៉ុន្តែ​បើ​តាម​ផ្លូវ​ច្បាប់ បើ​តុលាការ​រក​ទៅ​មិន​ឃើញ មិន​មាន​បន្ទុក​ភស្តុតាង ឬ​ពុំ​រក​ឃើញ​នូវ​កំហុស ចៅក្រម​ស៊ើបសួរ​គាត់​មាន​ឆន្ទានុសិទ្ធិ​មួយ​សម្រេច​ឲ្យ​ជន​ជាប់​ចោទ​ហ្នឹង​ រួច​ផុត​ពី​បទ​ចោទ​ទៅ​តាម​ផ្លូវ​ច្បាប់ មិន​បាច់​ឆ្លង​កាត់​តុលាការ​ទេ»

​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នក​ទាំង ៨​នាក់ បាន​ឲ្យ​ដឹង​ទៀត​ថា ពួកគាត់​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការ​ប្តឹង​ទាស់​ទៅ​នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​ដែល​ពួកគាត់​បាន​ដាក់​កាល​ពី​ថ្ងៃ​សុក្រ ទី​១៨ កក្កដា កន្លង​ទៅ​នេះ។ មេធាវី​បញ្ជាក់​បន្ថែម​ថា ប្រសិនជា​ពាក្យ​ប្ដឹង​ទាស់​នោះ​បរាជ័យ​ពួកគាត់​នឹង​រៀបចំ​ដាក់ពាក្យ​ប្ដឹង​សុំ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​បន្ត​ទៀត។

​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ៧​នាក់ និង​មន្ត្រី​កិច្ចការ​សាធារណៈ​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់ខ្លួន​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​ថ្ងៃ​កើត​មាន​អំពើ​ហិង្សា​រវាង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ និង​សកម្មជន​អ្នកគាំទ្រ​គណបក្ស កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​អ្នក​ទាំង ៨​នាក់ ពី​បទ​ដឹកនាំ​ធ្វើ​កុបកម្ម បទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា និង​បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។