គណបក្សសង្គ្រោះជាតិ ទាត់ចោលការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់មកលើលោក កឹម សុខា និងថ្នាក់ដឹកនាំផ្សេងទៀតរបស់គណបក្សនេះ។ គណបក្សសង្គ្រោះជាតិ ព្រមានថា បើការទាមទារមិនទទួលបានជោគជ័យ គណបក្សនឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មអហិង្សា។ សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ បែបនេះ បន្ទាប់ពីតុលាការរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឲ្យប្រធានស្ដីទីគណបក្ស គឺលោក កឹម សុខា ជាប់ពន្ធនាគារ ៥ខែ និងពិន័យជាប្រាក់ ៨សែនរៀល។
ភ្លាមៗក្រោយតុលាការប្រកាសសាលក្រមដែលសម្រេចឲ្យលោក កឹម សុខា ជាប់ពន្ធនាការ និងពិន័យជាប្រាក់ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្រាប់អ្នកគាំទ្ររបស់ខ្លួនក្នុងសន្និសីទសារព័ត៌មាននាទីស្នាក់ការកណ្ដាលគណបក្ស ឲ្យអ្នកគាំទ្រត្រៀមខ្លួនមកភ្នំពេញ ក្នុងករណីចាំបាច់ណាមួយ។
តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ និយាយថា គណបក្សសង្គ្រោះជាតិ មិនភ្ញាក់ផ្អើលការសម្រេចរបស់តុលាការនេះទេ។ លោកប្រាប់ទៅអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បន្តតស៊ូដើម្បីឲ្យមានការផ្លាស់ប្ដូរ និងដើម្បីយុត្តិធម៌៖ «យើងតស៊ូទាំងអស់គ្នាដើម្បីការពារទឹកដីខ្មែរ ដើម្បីការពារយុត្តិធម៌នៅកម្ពុជា នៅពេលណាយើងត្រូវការកម្លាំងឡើងមកភ្នំពេញ ទាំងអស់គ្នា»។
ការថ្លែងបែបនេះរបស់លោក អ៊ូ ច័ន្ទឫទ្ធិ ស្រដៀងគ្នានឹងសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ដែលបង្ហោះប៉ុន្មានម៉ោងក្រោយការសម្រេចរបស់តុលាការ។ គណបក្សសង្គ្រោះជាតិ ព្រមានថា បើការទាមទារមិនបានទទួលជោគជ័យ គណបក្សនឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មអហិង្សា។ សេចក្ដីថ្លែងការណ៍ដដែលចោទប្រកាន់ថា សាលក្រមរបស់តុលាការស្ថិតក្រោមសម្ពាធរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបង្ហាញវត្តមាន និងថ្លែងជាសាធារណៈក្នុងថ្ងៃតុលាការបើកសវនាការនេះដែរ។
ប្រាប់អ្នកគាំទ្រប្រមាណ ៥០០នាក់ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចោទប្រកាន់ថា ការប្រើប្រាស់ប្រព័ន្ធតុលាការលើរូបលោក គឺជាការរារាំងមិនឲ្យលោក មានសិទ្ធិចូលរួមក្នុងការបោះឆ្នោតនៅពេលខាងមុខ៖ «ការប្រើប្រាស់ប្រព័ន្ធតុលាការវាយប្រហារប្រឆាំងមកលើសិទ្ធិនយោបាយសិទ្ធិបោះឆ្នោតរបស់ខ្ញុំនេះ មិនមែនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ភាពត្រឹមត្រូវនៃការបោះឆ្នោតនោះទេ លើសពីនេះទៅទៀតជាការវាយប្រហារទៅលើលទ្ធិប្រជាធិបតេយ្យ។ ថ្ងៃនេះខ្ញុំ កឹម សុខា មិនទុក្ខថ្ងៃមុខប្រជាពលរដ្ឋត្រូវតែបានសុខ»។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដដែល គណបក្សសង្គ្រោះជាតិ ពន្យល់ថា ការអំពាវដល់ពលរដ្ឋឲ្យចូលរួមជាមួយគណបក្សសង្គ្រោះជាតិ គឺដើម្បីការពារសេរីភាព របបប្រជាធិបតេយ្យសេរីពហុបក្ស និងអភ័យឯកសិទ្ធិសភា។
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ថា ពួកគេនឹងបន្តតាមដានព្រឹត្តិការណ៍នេះ ដោយនាំគ្នាមកជួបប្រជុំនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ ពួកគេអះអាងថា នឹងការពារលោក កឹម សុខា ប្រសិនបើមានការចាប់ខ្លួនលោក កឹម សុខា ពីក្រុមសមត្ថកិច្ច។
ក្រោយការប្រកាសសាលក្រមរបស់តុលាការរាជធានីភ្នំពេញ អ្នកគាំទ្រគណបក្សគណបក្សនេះ នៅតែមានវត្តមាននៅទីស្នាក់ការកណ្ដាលគណបក្ស ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដដែល។ ដោយឡែកមិនឃើញមានក្រុមសមត្ថកិច្ចដាក់ពង្រាយ ឬចល័តនៅបរិវេណទីស្នាក់គណបក្សសង្គ្រោះជាតិនោះទេ ប៉ុន្តែមានដាក់កម្លាំងសមត្ថកិច្ច និងរនាំងដែកនៅផ្លូវ ៦០ម៉ែត្រ ចេញពីក្បាលថ្នល់ ឆ្ពោះទៅចាក់អង្រែ៕
ទស្សនាវីដេអូ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។