បេក្ខជនតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ បានចេញផ្សាយលិខិតចំហមួយចោទប្រកាន់ថា ចេតនារំខានរបស់សមាជិកគណបក្សប្រជាជនកម្ពុជា និងការខ្វះសមត្ថភាពរបស់មន្ត្រីរៀបចំការបោះឆ្នោតឃុំ និងស្រុកពញាឮ ខេត្តកណ្ដាល នាំឲ្យមានអំពើហិង្សាកើតឡើងក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។
លិខិតចុះថ្ងៃទី១៨ កក្កដា របស់បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអៀង ឲ្យដឹងថា ព្រឹត្តិការណ៍ដែលបានកើតឡើងនៅស្រុកពញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី១៥ កក្កដា គឺបង្កឡើងដោយក្រុមសមាជិកគណបក្សប្រជាជនកម្ពុជា។ លិខិតបន្តថា ក្រុមនេះបង្កើតឡើងសម្រាប់ចាំអុកឡុក និងរំខានសកម្មភាពឃោសនារបស់គណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់។
លិខិតឲ្យដឹងទៀតថា អ្នកដែលទទួលខុសត្រូវចំពោះអំពើហិង្សាដែលបានកើតឡើងនេះ គឺជាបន្ទុករបស់មន្ត្រីគណៈកម្មការខេត្តកណ្ដាល រៀបចំការបោះឆ្នោត និងមន្ត្រីឃុំរៀបចំការបោះឆ្នោត ដែលពុំមានសមត្ថភាពក្នុងការចាត់វិធានការដោះស្រាយដោយប្រសិទ្ធភាព។
ម្យ៉ាងវិញទៀត អនុប្រធានគណៈកម្មការប្រតិបត្តិស្រុកពញាឮ ខេត្តកណ្ដាល របស់គណបក្សសង្គ្រោះជាតិ លោក ស៊ិន សីហា បញ្ជាក់ថា នៅថ្ងៃកើតហេតុ លោក ប៊ុត សាខន សកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៧ កក្កដា ពុំបានស្ថិតនៅក្នុងព្រឹត្តិការណ៍នោះទេ។ លោកចាត់ទុកថា ការចាប់ខ្លួនសកម្មជនរបស់បក្សប្រឆាំងនេះ ធ្វើឡើងក្រោមហេតុផលនយោបាយ៖ «នេះនិយាយទៅដូចគំរាមខាងនយោបាយ ខាងសង្គ្រោះជាតិ ខ្ញុំមិនឲ្យយុវជនដទៃទៀត ហ៊ានងើបក្បាលដើម្បីចូលរួមដង្ហែគណបក្សសង្គ្រោះជាតិ»។
លោក ប៊ុត សាខន អាយុប្រហែល ២០ឆ្នាំ ត្រូវបានសមត្ថកិច្ចស្រុកពញាឮ ចាប់ខ្លួនដោយពុំមានដីកា កាលពីថ្ងៃទី១៧ កក្កដា។ ហើយបានបញ្ជូនភ្លាមៗ ក្រោយពីការចាប់ខ្លួនបន្តទៅឃុំនៅពន្ធនាគារខេត្តកណ្ដាល គិតមកដល់ថ្ងៃទី១៨ កក្កដា ដែលជាប់សង្ស័យថាបានបង្កហិង្សាប្រឆាំងក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៥ កក្កដា។
ក៏ប៉ុន្តែ ករណីនេះត្រូវបានប្រធានប្រតិបត្តិគណៈកម្មការស្រុកពញាឮ របស់គណបក្សសង្គ្រោះជាតិ លោក ភួង សុខា ឲ្យដឹងថា សកម្មជនគាំទ្រគណបក្សគ្រប់គ្រងអំណាច គ្រោះថ្នាក់នោះ គឺធ្លាក់ពីលើម៉ូតូដោយខ្លួនឯងក្នុងពេលឃោសនា និងព្យាយាមរំខានក្បូនដង្ហែរបស់បក្សសង្គ្រោះជាតិ ជាច្រើនដង។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល លោក គឹម ហុង អះអាងថា លោកពុំមានពេលវេលាដើម្បីបំភ្លឺបញ្ហានេះទេ ព្រោះជាប់រវល់ប្រជុំ៖ «ខ្ញុំកំពុងប្រជុំគ្នា កំពុងប្រជុំមនុស្សច្រើនពេក ស្ដាប់អត់ឮទេ»។
លិខិតចុះថ្ងៃទី១៨ កក្កដា របស់លោក អេង ឆៃអៀង បញ្ជាក់ថា ស្រុកពញាឮ ជាភូមិសាស្ត្រមួយដែលត្រូវរងការរំខានជាញឹកញាប់ពីគណបក្សប្រជាជនកម្ពុជា ក្នុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោត។ ការអុកឡុកនេះ កើតឡើងជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០០៨ ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ និងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៣។ អង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត ចាត់ទុកថា ដំណើរការបោះឆ្នោតនៅកម្ពុជា ត្រូវគេរកឃើញថា នៅតែមិនទាន់មានភាពចាស់ទុំផ្នែកនយោបាយនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
