បក្ស​ប្រឆាំង​ស្នើ​សមាជិក​សភា​អឺរ៉ុប​ធ្វើ​អាជ្ញា​កណ្ដាល​ដោះស្រាយ​នយោបាយ​នៅ​កម្ពុជា

គណបក្ស​ប្រឆាំង​ស្នើ​ឲ្យ​ភាគី​សមាជិក​សភា​សហភាព​អឺរ៉ុប ធ្វើ​ជា​អាជ្ញា​កណ្ដាល​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា។ ការ​ស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​សភា​សហភាព​អឺរ៉ុប នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា។

ប្រធាន​នាយកដ្ឋាន​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា លោក សម រង្ស៉ី និង​លោក កឹម សុខា បាន​ស្នើ​ឲ្យ​ភាគី​សភា​សហភាព​អឺរ៉ុប ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ជំនួប​រវាង​ភាគី​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច។ អ្នកស្រី​បន្ត​ថា ភាគី​អន្តរជាតិ​ចង់​ស្វែង​យល់​ពី​ស្ថានភាព​នៅ​កម្ពុជា ពិសេស​គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​មូលហេតុ​នៃ​ទំនាស់​នយោបាយ ជាដើម។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​អន្តរជាតិ​ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ដោយ​ជា​ដំបូង​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត បំពេញ​តួនាទី​ឯករាជ្យ។

អ្នកស្រី​បាន​បញ្ជាក់​ថា ភាគី​សហភាព​អឺរ៉ុប ក៏​បាន​សួរ​ភាគី​បក្ស​ប្រឆាំង​ថា ព្រម​ចូល​រដ្ឋសភា ឬ​អត់​នោះ​ដែរ។ តែ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ប្រាប់​ថា បើ​មិន​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ទេ បក្ស​សង្គ្រោះ​ជាតិ មិន​ចូល​រដ្ឋសភា​ឡើយ។

គណៈ​ប្រតិភូ​នៃ​សមាជិក​សភា​សហគមន៍​អឺរ៉ុប ទទួល​បន្ទុក​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ និង​សមាគម​អាស៊ាន ដឹក​នាំ​ដោយ លោក វើណើ ឡានហ្គែន (Werner Langen) មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​កម្ពុជា រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨ ខែ​មីនា។ ប្រតិភូ​អឺរ៉ុប នឹង​សិក្សា​លើ​ការងារ​ទំនាក់ទំនង​រវាង​សហគមន៍​អឺរ៉ុប និង​កម្ពុជា ដូច​ជា ការ​រៀប​ចំ​ការ​បោះ​ឆ្នោត សាលា​ក្តី​ខ្មែរ​ក្រហម ដំណោះស្រាយ​ដីធ្លី ជំរុញ​លទ្ធិប្រជាធិបតេយ្យ សេរីភាព​បញ្ចេញ​មតិ និង​បញ្ហា​ស្ករ​អំពៅ ជាដើម។ ប្រតិភូ​អឺរ៉ុប នឹង​ជួប​ជាមួយ​មន្ត្រី​បក្ស​កាន់​អំណាច​ជាច្រើន​រូប​ទៀត​ផង រួម​មាន អនុ​ប្រធាន​រដ្ឋសភា អ្នកស្រី ឃួន សុដារី អ្នក​តំណាង​រាស្ត្រ លោក ឈាង វុន រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី​លោក សុខ អាន ព្រម​ទាំង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។