គណបក្ស​ប្រឆាំង​នៅ​ខែត្រ​ក្រចេះ​គ្រោង​ដាក់​ពាក្យ​ប្ដឹង​ជុំវិញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន

0:00 / 0:00

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ក្រចេះ គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខែត្រ​នេះ ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា។ ពាក្យ​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​ពីរ​ករណី ដោយ​ស្នើ​ឲ្យ គ.ជ.ប ពិនិត្យ​ប្រសិទ្ធភាព​សន្លឹកឆ្នោត​មិន​បាន​ការ និង​ករណី​ជំនួយការ​អាជ្ញាធរ​ភូមិ ឃ្លាំ​មើល​ការ​បោះឆ្នោត។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែត្រ​ក្រចេះ ចាត់​ទុក​ការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ខែត្រ​ក្រចេះ មាន​ភាព​ល្អ​ប្រសើរ​ច្រើន​ជាង​អាណត្តិ​មុន ក៏ប៉ុន្តែ​បរិយាកាស​មុន​ថ្ងៃ​បោះឆ្នោត មាន​ស្ថានភាព​មិន​ល្អ​មួយ​ចំនួន​រួម​មាន ការ​ចែក​អំណោយ និង​ការ​ប្រើ​ឧបករណ៍​បំពង​សំឡេង​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃ​ហាមឃាត់។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ក្រចេះ លោក អឿ គឹមហ៊ាន ឲ្យ​ដឹង​ថា ក្រុម​ការងារ​លោក​បាន​ត្រៀម​ឯកសារ​ពាក់ព័ន្ធ​នានា​ប្ដឹង​ជំនួយការ​អាជ្ញាធរ​ភូមិ​ម្នាក់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់ គ.ជ.ប និង​ករណី​ការិយាល័យ​មួយ​ចំនួន​នៅ​ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ មាន​សន្លឹកឆ្នោត​មិន​បាន​ការ​ច្រើន ហេតុ​នេះ​លោក​ទាមទារ​ឲ្យ គ.ជ.ប ពិនិត្យ​សន្លឹកឆ្នោត​ឥត​បាន​ការ​ទាំងនោះ​ឡើង​វិញ៖ «រហូត​ដល់​ម៉ោង​នេះ ឥឡូវ​យើង​កំពុង​រៀបចំ​បណ្ដឹង​នៅ​ក្នុង​ការិយាល័យ​មួយ​ចំនួន​នៅ​ខែត្រ​ក្រចេះ ហ្នឹង ដែល​មាន​លទ្ធផល​បោះឆ្នោត​មិន​បាន​ការ​ច្រើន។ ចឹង​យើង​សុំ​ប្ដឹង​ពិនិត្យ​សុពលភាព​នៃ​សន្លឹកឆ្នោត​ឡើង​វិញ »

នៅ​ខែត្រ​ក្រចេះ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​៥០១ មាន​ឃុំ-សង្កាត់​ចំនួន​៤៧។ ខែត្រ​នេះ​មាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ចំនួន​ជាង ៨៩​ភាគរយ (៨៩,៨៧%) ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១៧​ម៉ឺន​នាក់ (១៧.១២០​នាក់) មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត។

លេខាធិការ​រង​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខែត្រ​ក្រចេះ លោក តន់ តារា មាន​ប្រសាសន៍​ថា រហូត​មក​ទល់​ពេល​នេះ គ.ជ.ប ពុំ​ទាន់​ទទួល​ពាក្យ​បណ្ដឹង​ពី​តំណាង​គណបក្ស​នយោបាយ​ណា​មួយ​នៅ​ឡើយ​ទេ ហើយ គ.ជ.ប នឹង​ដោះស្រាយ​បណ្ដឹង​របស់​គណបក្ស​នយោបាយ​នានា​ឲ្យ​ចប់​សព្វគ្រប់ ទើប​ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ។ ដោយឡែក​លទ្ធផល​បឋម លោក​ជំរុញ​ឲ្យ​អាស៊ីសេរី សួរ​ទៅ​តំណាង​គណបក្ស​នយោបាយ​វិញ៖ «យើង​កំពុង​តែ​ធ្វើ​ពុំ​ទាន់​ចេញ​ជា​លទ្ធផល​ទេ តែ​លោក​អាច​ទាក់ទង​ទៅ​គណបក្ស​នយោបាយ​បាន»។

នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់​ថា ការ​រាប់​សន្លឹកឆ្នោត​អាស្រ័យ​លើ​តំណាង​គណបក្ស​នយោបាយ​នានា ពិនិត្យ​មើល​ទាំងអស់​គ្នា​ផ្អែក​តាម​គំរូ​សន្លឹកឆ្នោត​របស់ គ.ជ.ប បាន​កំណត់ ក៏ប៉ុន្តែ​បើ​តំណាង​គណបក្ស​ណា​មិន​យល់ស្រប អាច​ដាក់​ពាក្យ​បណ្ដឹង​បាន។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ករណី​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ គ.ជ.ប អាច​សម្រេច​បើក​កញ្ចប់​សន្លឹកឆ្នោត​ពិនិត្យ​សាជាថ្មី​តាម​នីតិវិធី។ ចំណែក​ករណី​អាជ្ញាធរ​ភូមិ​ឈរ​ក្នុង​បរិវេណ​បោះឆ្នោត បើ​ទោះ​បី​ជា​ខុស​នីតិវិធី​ក្តី គឺ​មិន​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នោះ​ទេ៖ «គេ​មាន​គំរូ​សន្លឹកឆ្នោត​តើ ! សន្លឹកឆ្នោត​ណា​អត់​បាន​ការ បើ​សិន​ជា​ខុស​គំរូ គ . . ប ហ្នឹង គេ​អាច​ប្ដឹង​បាន បើ​សិន​ជា​ករណី​ធ្ងន់ធ្ងរ​ច្រើន​អី គេ​អាច​សម្រេច​បើក​កញ្ចប់​ពិនិត្យ​មើល​សន្លឹកឆ្នោត​អត់​បាន​ការ​ហ្នឹង »

លទ្ធផល​បឋម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែត្រ​ក្រចេះ បង្ហាញ​ថា ខែត្រ​នេះ​មាន​ឃុំ-សង្កាត់​ចំនួន​៤៧ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ ៣៨​ឃុំ-សង្កាត់ និង​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ ៩​ឃុំ-សង្កាត់។

ខែត្រ​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​៨ ឈរ​ឈ្មោះ​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ រួម​មាន៖

  • គណបក្ស​ប្រជាជន​កម្ពុជា

  • គណបក្ស​សង្គ្រោះ​ជាតិ

  • គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ

  • គណបក្ស​ហ៊្វុនស៊ិនប៉ិច

  • គណបក្ស​ខ្មែរ​រួបរួម​ជាតិ

  • គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ

  • គណបក្ស​ជនជាតិ​ដើម​ដើម្បី​ប្រជាធិបតេយ្យ

  • និង​គណបក្ស​សញ្ជាតិ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។