ជំទប់ទី១ ឃុំខ្នាចរមាស គណបក្សសង្គ្រោះជាតិ នៅស្រុកបវេល ខេត្តបាត់ដំបង ដែលទើបបញ្ចប់តំណែងដោយសារការរំលាយគណបក្ស កំពុងព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ក្ដីបារម្ភនេះ បន្ទាប់ពីមន្ត្រីគណបក្សប្រឆាំងរូបនេះបានទទួលលិខិតពីប៉ូលិសឃុំខ្នាចរមាស កោះហៅរូបគាត់ទៅជួបដើម្បីសាកសួរផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ។
មន្ត្រីគណបក្សប្រឆាំងនៅឃុំខ្នាចរមាស សម្ដែងការមិនពេញនឹងមន្ត្រីប៉ូលិសមូលដ្ឋានដែលបានកោះហៅរូបគាត់សាកសួរនេះ ថាជាការតាមធ្វើទុក្ខបុកម្នេញមកលើសកម្មជនគណបក្សប្រឆាំងឥតស្រាកស្រាន្ត។
ជំទប់ទី១ ឃុំខ្នាចរមាស គណបក្សសង្គ្រោះជាតិ លោក ឡុង នឹម ឲ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ថា ក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីខែវិច្ឆិកា មក គឺលោកមិនបានធ្វើសកម្មភាពនយោបាយនោះឡើយ ហើយកាលពីថ្ងៃទី១១ កុម្ភៈ គឺជាលើកដំបូងដែលលោកបានទៅចូលរួមការងារមនុស្សធម៌ជាមួយប្រជាពលរដ្ឋចែកអំណោយជូនចាស់ជរានៅភូមិរូងអំពិល ឃុំខ្នាចរមាស។
មន្ត្រីបក្សប្រឆាំងរូបនេះអះអាងទៀតថា ទំនងដោយសារតែលោកចូលរួមការងារសង្គមនេះហើយបានជាប៉ូលិសលោកទៅសាកសួរនោះ៖ «បាទ! ខ្ញុំយល់ឃើញថា ករណីហ្នឹងដូចជាការបិទសិទ្ធិសេរីភាពមកលើខ្លួនខ្ញុំផ្ទាល់ ព្រោះគ្រាន់តែរឿងប៉ុណ្ណឹងមិនគួរប៉ូលិសដាក់លិខិតកោះហៅខ្ញុំទៅសាកសួរទេ ហើយនៅក្នុងអារម្មណ៍របស់ខ្ញុំវាអាក់អន់ចិត្តជាខ្លាំងចំពោះរឿងនេះ»។
លិខិតកោះហៅរបស់នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្នាចរមាស ចុះថ្ងៃទី១៥ ខែកុម្ភៈ កោះហៅលោក ឡុង នឹម ទៅជួបនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីសាកសួររឿងផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ។
ឆ្លើយតបនឹងបញ្ហានេះ នាយរងប៉ុស្តិ៍រដ្ឋបាលឃុំខ្នាចរមាស លោក ឱ ថុល អះអាងថា មូលហេតុដែលលោកកោះហៅមន្ត្រីគណបក្សប្រឆាំងរូបនេះទៅជួប ដោយសារមិនចង់ឲ្យលោក ឡុង នឹម រស់នៅប្រព្រឹត្តខុសច្បាប់ទម្លាប់របស់រដ្ឋអំណាច៖ «បាទ! ការងារហ្នឹងមិនអីទេ គឺខ្ញុំគ្រាន់តែចង់ជួបពិភាក្សាជាមួយគាត់ ព្រោះប្រទេសយើងវាមានច្បាប់ ហើយបើគាត់ធ្វើអីសុំច្បាប់ពីមេភូមិ មេឃុំ ឬពីអភិបាលស្រុកទៅ»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា ការចែកអំណោយមនុស្សធម៌ជូនចាស់ជរាគឺពុំមានអ្វីខុសច្បាប់នោះទេ។ លោក ហេង សាយហុង ចាត់ទុកការកោះហៅដោយមន្ត្រីប៉ូលិសនេះថា ជាការបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ៖ «សមត្ថកិច្ចចេះតែគិតវែងឆ្ងាយភ័យតែខ្លួនហ្នឹងហើយ ប៉ុន្តែអ្វីដែលខ្ញុំយល់ច្បាស់ គឺជាការគាបសង្កត់សិទ្ធិសេរីភាពកំពុងតែរឹតត្បិតខ្លាំងបំផុតចំពោះប្រជាពលរដ្ឋ ចំពោះអ្នកមានសន្ដានចិត្តចង់ធ្វើបុណ្យធ្វើទានដើម្បីសង្គមជាតិដូចគ្នានៅក្នុងមូលដ្ឋានមិនហ៊ានធ្វើបុណ្យដាក់ទាន»។
ទោះយ៉ាងណាជំទប់ទី១ គណបក្សប្រឆាំងឃុំខ្នាចរមាស លោក ឡុង នឹម អះអាងថា លោកនឹងចូលទៅជួបលោកនាយរងប៉ុស្តិ៍នគរបាលឃុំខ្នាចរមាស តាមការកោះហៅនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ក៏ប៉ុន្តែលោកមានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនទៅថ្ងៃមុខ ហើយលោកក៏ទទូចឲ្យប៉ូលិស និងអាជ្ញាធរពាក់ព័ន្ធឈប់តាមធ្វើទុក្ខបុកម្នេញមកលើរូបលោក និងសកម្មជនគណបក្សសង្គ្រោះជាតិ ទៅថ្ងៃខាងមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។