មេឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង កូតាពីគណបក្សសង្គ្រោះជាតិប្ដេជ្ញានឹងមិនចុះចូលជាមួយកាន់អំណាចដាច់ខាត បើទោះបីជារដ្ឋាភិបាលរកមធ្យោបាយចង់រំសាយបក្សសង្គ្រោះជាតិក្ដី។ ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យមេឃុំ-ចៅសង្កាត់គណបក្សសង្គ្រោះជាតិចុះចូលនឹងខ្លួន បើចង់រក្សាដំណែងក្រោយគណបក្សប្រឆាំងត្រូវរំលាយ។
មេឃុំស្រែគរ មកពីគណបក្សសង្គ្រោះជាតិ ចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែន ដែលប្រកាសឲ្យមេឃុំ-ចៅសង្កាត់ គណបក្សសង្គ្រោះជាតិ ចុះចូលនឹងខ្លួនស្រដៀងគ្នានឹងសម័យខ្មែរក្រហម ឬសម័យកម្ពុជាប្រជាធិបតេយ្យ ដែលគេប្រកាសឲ្យយោធាទាំងអស់ចុះចូលជាមួយខ្មែរក្រហម ហើយគេនឹងរក្សាតំណែងឲ្យនៅដដែល តែធាតុពិតតំណែងទាំងនោះ បានសាបសូន្យក្នុងពេលដ៏ឆាប់យ៉ាងខ្លី។
មេឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង លោក សៀក មេគង្គ ឲ្យដឹងនៅថ្ងៃទី២៣ តុលា ថា តំណែងរបស់លោក ជាតំណែងពលរដ្ឋផ្ដល់ឲ្យតាមរយៈការបោះឆ្នោត និងធានាដោយច្បាប់ស្ដីពីការគ្រប់រដ្ឋបាលឃុំ-សង្កាត់ និងច្បាប់ស្ដីពីការបោះឆ្នោត ហេតុនេះការរំសាយអាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់លោក ហ៊ុន សែន គឺជាទម្រង់គំរាមកំហែងប្រព័ន្ធច្បាប់ធ្ងន់ធ្ងរ និងប្លន់សន្លឹកឆ្នោតពលរដ្ឋ។ លោកអះអាងថា នឹងមិនភ័យព្រួយចំពោះការទូងស្គររបស់លោក ហ៊ុន សែន នោះទេ ហើយលោកនឹងបន្តធ្វើកិច្ចការងារ តាមតួនាទីដែលច្បាប់បានកំណត់៖ «រឿងពលរដ្ឋបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិនេះ ពិភពលោក គេដឹងហើយថា មិនដែលបានអំណោយឲ្យពលរដ្ឋទេ។ គ្មានពីណារំលាយមេឃុំ និងចៅសង្កាត់គណបក្សសង្គ្រោះជាតិបានទេ ព្រោះតំណែងនេះទឹកចិត្តពលរដ្ឋទាំងអស់»។
លោក សៀក មេគង្គ សង្កត់ធ្ងន់ថា បើរដ្ឋាភិបាលរំសាយអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់របស់លោក ហាក់ដូចជា ការរំលាយច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ និងច្បាប់ស្ដីពីការបោះឆ្នោតដែរ ព្រោះតំណែង និងតួនាទីរបស់លោកការពារដោយច្បាប់នេះ តាមប្រព័ន្ធសមាមាត្រ ហើយ គណៈកម្មការជាតិរៀបចំការបោះឆ្នោតក៏គួរតែរំលាយដែរ ព្រោះគណៈកម្មការនេះបានជ្រើសតាំងលោកកាន់តំណែង តាមអំណាចសន្លឹកឆ្នោត៖ «ត្រូវដករំលាយយើងអត់បារម្ភទេ ពីព្រោះយើងអត់មានចង់បានតំណែងណាធំជាងហ្នឹង ឬអត់ទេ។ ចាំបាច់គាត់បន្តធ្វើអី បើពលរដ្ឋរាល់ថ្ងៃឲ្យខ្ញុំហ្នឹង។ ខ្ញុំគិតថា គាត់ទូងស្គរទាល់ច្រកគាត់ហើយ»។
កាលពីថ្ងៃទី២២ តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការទទួលយកមន្ត្រីបក្សប្រឆាំងនៅគ្រប់ឃុំ-សង្កាត់ទាំងអស់នេះ ជាការអនុវត្តនយោបាយឈ្នះឈ្នះ ដែលលោកធ្លាប់ធ្វើជាមួយខ្មែរក្រហម។ ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ទទូចឲ្យសមាជិកគណបក្សលោកកុំអន់ចិត្តឡើយ។
ពលរដ្ឋរស់នៅខែត្រស្ទឹងត្រែង លោក ថាន់ វ៉ន ព្រមានថា លោកនឹងមិនចូលរួមបោះឆ្នោតដាច់ខាតបើគណបក្សជំទាស់ត្រូវរំសាយ។ លោកចាត់ទុកការរំលាយគណបក្សសង្គ្រោះជាតិ មិនខុសគ្នានឹងរំលាយប្រជាធិបតេយ្យមិនច្បាស់លាស់នៅកម្ពុជា ដែលជាមូលហេតុបង្កប៉ះពាល់ដល់ការផ្ដល់សេវាសាធារណៈដល់ពលរដ្ឋ និងអសន្តិសុខក្នុងសង្គម នឹងរីកធំឡើង បង្កប៉ះពាល់ដល់ជីវភាពពលរដ្ឋធ្ងន់ធ្ងរ៖ «បើសិនរំលាយគណបក្សសង្គ្រោះជាតិនេះទៅ ប្រៀបបានរំលាយប្រជាធិបតេយ្យចោល ច្បាប់រដ្ឋធម្មនុញ្ញក៏ព្រួយ ព្រួយចិត្តខ្លាចបាត់បង់ កាលណាដែលយើងទៅ នាំមានការចាប់ចងដាក់គុក ចៀសវាងមិនផុតទេ»។
ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់មាត្រា១១ ចែងថា ក្រុមប្រឹក្សាឃុំ-សង្កាត់មានអាណត្តិ ៥ ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលមានក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីចូលកាន់តំណែង។
មន្ត្រីអង្កេតជាន់ខ្ពស់ នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស ពន្យល់ថា គ្រប់អាសនៈ នៅឃុំសង្កាត់ និងរដ្ឋសភាក្ដី ពុំមែនជាការចាត់តាំង ដោយបុគ្គលណាម្នាក់ និងជាការទិញដូរនោះទេ វាកើតឡើងដោយការបោះឆ្នោតពីពលរដ្ឋសម្រេចចិត្ត។ លោកអង្កេតឃើញថា មកទល់ពេលនេះពុំទាន់មានសញ្ញាណាមួយគណបក្សសង្គ្រោះជាតិ ត្រូវរំលាយ ឬមិនរំលាយនោះទេ ព្រោះជានីតិវិធីរបស់តុលាការ ក៏ប៉ុន្តែបែរជាមានការគំរាមកំហែង អំឡុងពេលតុលាការស៊ើបអង្កេត គឺជារឿងមិនត្រឹមត្រូវ៖ «មិនអាចមានគណបក្សណាមួយ អូសទាញបញ្ចុះបញ្ចូល គឺធ្វើនយោបាយបំភ័យ ព្រោះថា កៅអីទាំងអស់នោះ ពុំមែនជាការទិញដូរទេ គឺកើតឡើងដោយការបោះឆ្នោតដោយពលរដ្ឋ»។
លោក សៀក មេគង្គ បានជាប់ឆ្នោតជាមេឃុំស្រែគរ ពីរអាណត្តិមកហើយ។ កាលពីអាណត្តិទី ៣ លោកជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាឃុំស្រែគរ កូតាពីគណបក្ស សម រង្ស៊ី ហើយនៅអាណត្តិទី៤ លោកជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាឃុំកូតាពីគណបក្សសង្គ្រោះជាតិ។ នៅឃុំស្រែគរមាន ៥អាសនៈ និងមានគណបក្សចំនួន ២ ចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ។ លទ្ធផលផ្លូវការគណបក្សសង្គ្រោះជាតិ ទទួលបាន ៣អាសនៈ និងគណបក្សប្រជាជនកម្ពុជាទទួលបាន ២អាសនៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។