ចៅ​សង្កាត់​ថ្មី​សង្កាត់​ឡាបានសៀក​ប្ដេជ្ញា​រួម​គ្នា​ជាមួយ​បក្ស​កាន់​អំណាច​អភិវឌ្ឍ​មូលដ្ឋាន

0:00 / 0:00

ចៅ​សង្កាត់​ឡាបានសៀក ក្រុង​បានលុង ខេត្ត​រតនគិរី ជា​បេក្ខភាព​គណបក្ស​សង្គ្រោះ​ជាតិ សរសើរ​អាជ្ញាធរ​ខេត្ត​រតនគិរី ថា​រៀបចំ​ប្រកាស​សុពលភាព និង​ពិធី​ផ្ទេរ​តំណែង​ក្នុង​ស្មារតី​មិន​រើសអើង​គណបក្ស​នយោបាយ និង​លើក​ទឹក​ចិត្ត​ឲ្យ​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ក្រុម​ប្រឹក្សា សហការ​គ្នា​បម្រើ​ពលរដ្ឋ​ឲ្យ​បាន​រីក​ចម្រើន។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ឈ្នះ​ឆ្នោត​លើក​ដំបូង​ក្នុង​តំណែង​ជា​ចៅ​សង្កាត់​ឡាបានសៀក ក្រុង​បានលុង ខេត្ត​រតនគិរី ប្ដេជ្ញា​ពង្រឹង​សាមគ្គីភាព​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បំពេញ​ការងារ​ក្នុង​អាណត្តិ​ទី​៤ ឲ្យ​ទទួល​បាន​ការ​អភិវឌ្ឍ និង​គ្មាន​ការ​រើសអើង​គណបក្ស​នយោបាយ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ក្រោយ​ពិធី​ប្រកាស​សុពលភាព និង​ពិធី​ផ្ទេរ​ភារកិច្ច​ចូល​បំពេញ​ការងារ​របស់​ក្រុម​ប្រឹក្សា​សង្កាត់​ឡាបានសៀក ដែល​ប្រព្រឹត្ត​ទៅ​នៅ​សាលា​ក្រុង​បានលុង នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កក្កដា។

ចៅ​សង្កាត់​ឡាបានសៀក ដែល​ត្រូវ​ចូល​កាន់​តំណែង លោក មី ឌីន ថ្លែង​ថា ពិធី​ផ្ទេរ​តំណែង​ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​នៃ​បក្ស​កាន់​អំណាច ប្រព្រឹត្ត​ឡើង​ឈរ​លើ​ស្មារតី​ប្រជាធិបតេយ្យ សាមគ្គីភាព និង​គ្មាន​ការ​រើសអើង​បក្ស​នយោបាយ។ លោក​ថា នឹង​ប្ដេជ្ញា​បន្ត​ការ​កសាង​ទំនុក​ចិត្ត និង​សាមគ្គី​ផ្ទៃក្នុង​របស់​ក្រុម​ប្រឹក្សា​សង្កាត់​ថ្មី​ឲ្យ​បាន​កាន់​តែ​ល្អ ដើម្បី​រួម​គ្នា​បម្រើ​បំណង​របស់​ពលរដ្ឋ​ដែល​ចង់​ឲ្យ​មាន​យុត្តិធម៌ និង​ការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន៖ « បក្ស​មួយ​ធ្វើ​ផ្សេង បក្ស​មួយ​ធ្វើ​ផ្សិង អ៊ីចឹង​ការ​អភិវឌ្ឍ​អត់​រីក​ចម្រើន​ទេ។ គោលដៅ​យើង​តែ​មួយ​ទេ គឺ​អភិវឌ្ឍ​រួម​គ្នា។ ពួក​គាត់​អត់​មាន​រើសអើង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បក្ស​សង្គ្រោះ​ជាតិ ក៏​អត់​រើសអើង​ពួក​គាត់ »

អាជ្ញាធរ​ខេត្ត​រតនគិរី កំពុង​ចាត់​មន្ត្រី​រៀបចំ​ប្រកាស​សុពលភាព និង​ផ្ទេរ​តំណែង​ក្រុម​ប្រឹក្សា​ចំនួន ៥០​ឃុំ-សង្កាត់​ដែល​ទើប​ឈ្នះ​ឆ្នោត​ក្នុង​ឱកាស​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ដែល​នឹង​ត្រូវ​ចូល​បំពេញ​ការងារ​ចាប់​ពី​ពេល​ប្រកាស​សុពលភាព​រួច​រាល់ ក្នុង​នោះ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ជា​មេ​ឃុំ​ពីរ​ឃុំ-សង្កាត់ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ ៤៨​ឃុំ-សង្កាត់។

លេខា​អង្គការ​ខុមហ្វ្រែល (Comfrel) ខេត្ត​រតនគិរី លោក ជូន ភីនដារ៉ា ដែល​បាន​ចូលរួម​ពិធី​ផ្ទេរ​ភារកិច្ច​ចៅ​សង្កាត់​ឡាបានសៀក សាទរ​សារ​ណែនាំ​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច​នៅ​ខេត្ត​រតនគិរី ដែល​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​សង្កាត់​ថ្មី រួម​គ្នា​បំពេញ​ការងារ​ដោយ​គ្មាន​ការ​រើសអើង​គណបក្ស​នយោបាយ។

លោក​ថា មន្ត្រី​ក្រុម​ប្រឹក្សា​សង្កាត់​ថ្មី​ជា​បេក្ខភាព​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​តែ​អនុវត្ត​តាម​គោល​នយោបាយ​បក្ស​ដែល​បាន​សន្យា​ជាមួយ​ពលរដ្ឋ​ម្ចាស់​ឆ្នោត៖ « ជា​ចំណុច​ល្អៗ​ដែល​គាត់​បាន​ផ្តល់ គួរ​ធ្វើ​តាម​សេចក្តី​ណែនាំ ឬ​តាម​នីតិវិធី​ផ្សេងៗ​ដែល​មាន និង​ការ​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ ទាក់ទង​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន »

អភិបាល​រង​ខេត្ត​រតនគិរី លោក លី វិន កត់​សម្គាល់​ថា កន្លង​ទៅ សកម្មជន​នយោបាយ​តែង​លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឲ្យ​ខាតបង់​ផល​ប្រយោជន៍​ពលរដ្ឋ។ លោក​ប្រៀប​ប្រដូច​ចៅ​សង្កាត់​ទៅ​នឹង​មនុស្ស​ដែល​មាន​ក្បាល​ពីរ គឺ​ក្បាល​មួយ​គិតគូរ​ផែនការ​ដឹកនាំ​ក្រុម​ប្រឹក្សា​ឃុំ និង​ក្បាល​មួយ​ទៀត ត្រូវ​អនុវត្ត​តួនាទី​បម្រើ​រាស្ត្រ​ពិតប្រាកដ៖ « ឥឡូវ​មិន​មែន​ប្រយោជន៍​គណបក្ស​ទេ ប្រយោជន៍​រួម ដូច្នេះ​អ្វី​ដែល​យើង​សន្យា​ទាំង​ប៉ុន្មាន យើង​នាំ​គ្នា​ធ្វើ​ទៅ។ យើង​ត្រូវ​ខិតខំ​ទាំងអស់​គ្នា​ទៅ​អ្នក​ចេះ​បង្រៀន​អ្នក​មិន​ចេះ »

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​សង្កាត់​ឡាបានសៀក ភាគច្រើន​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​អះអាង​ថា បញ្ហា​អសកម្ម​ដែល​បន្សល់​ពី​មេ​ឃុំ​អាណត្តិ​មុនៗ​ដូចជា​បញ្ហា​សំរាម​កកស្ទះ​នៅ​ទីផ្សារ បញ្ហា​តម្លៃ​កសិផល​ចុះ​ថោក ដែល​ទាមទារ​ឲ្យ​ចៅ​សង្កាត់​ថ្មី​ដោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។