បក្ស​ប្រឆាំង​នៅ​ប៉ោយប៉ែត​ធ្វើ​យុទ្ធនាការ​លើក​ស្លាក​ទោះ​បក្ស​រង​ការ​រំលាយ

0:00 / 0:00

ក្រុមប្រឹក្សា​សង្កាត់​ផ្សារ​កណ្ដាល គណបក្ស​សង្គ្រោះជាតិ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នាំគ្នា​សម្រុក​លើក​ស្លាក​គណបក្ស ដោយ​មិន​ខ្វល់​រឿង​ការ​រំលាយ​បក្ស និង​ការ​អូសទាញ​ឲ្យ​អោយ​ចូល​រួម​ជាមួយ​គណ​បក្ស​កាន់អំណាច​ឡើយ។ ចៅសង្កាត់​ផ្សារ​កណ្ដាល​អះអាង​ថា ពួកគាត់​ធ្វើ​យុទ្ធនាការ​លើក​ស្លាក​គណបក្ស​នេះ ដើម្បី​ត្រៀមខ្លួន​ឆ្ពោះ​ទៅ ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ផ្សារ​កណ្ដាល លើក​ឡើង​ថា មូលហេតុ​ដែល​ពួកគាត់​លើក​ស្លាក​គណបក្ស​នេះ ដើម្បី​បំពេញ​តាម​បំណង​ម្ចាស់​ឆ្នោត ដែល​ស្រលាញ់ និង​គាំទ្រ​គណបក្សប្រឆាំង។

ចៅសង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ឃុន ចន្ទី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ តុលា ថា ល្គឹកណា​គណបក្ស​ប្រឆាំង​នៅ​មាន​ដង្ហើម​ដក​នៅ​ឡើយ គឺ​ពួកគាត់​នៅតែ​បន្ត​សកម្មភាព​ដើម្បី​ពង្រឹង​គណបក្ស ដោយ​មិន​ងាករេ​ឡើយ។ ស្ត្រី​ចៅសង្កាត់​ផ្សារ​កណ្ដាល​រូប​នេះ អះអាង​ទៀត​ថា បើ​ទោះ​ជា គណបក្ស​ខ្លួន​ជាប់​បណ្ដឹង​រំលាយ​គណបក្ស នៅ​តុលាការ​កំពូល​ក៏ដោយ ក៏​មិន​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​នោះ​ឡើយ។ លោក​អ្នកស្រី​បន្ថែម​ថា ផ្ទុយទៅវិញ កាន់តែ​សកម្ម ដោយ​នាំគ្នា​លើក​ស្លាក​គណបក្ស​ជា​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ទៀត​ផង៖ «ដោយសារ​យើង​គិត​ថា គណបក្ស​សង្គ្រោះជាតិ មិនមែន​អ្នកណា​ផ្ដល់​ឲ្យ​ទេ គឺ​ប្រជាពលរដ្ឋ​អ្នកផ្ដល់​ឲ្យ។ ការ​លើក​ស្លាក​នេះ​មាន​ទំហំ​២​ម៉ែត្រ ២​តឹក ទំហំ មួយ​ម៉ែត្រ ៨​តឹក ទទឹង​៨​តឹក និង​បណ្ដោយ​២​ម៉ែត្រ​២​តឹក។ ហើយ​ប្រជាពលរដ្ឋ​គាត់​អបអរសាទរ គាត់​ថា​យើង​លើក​ស្លាក​នេះ​ធ្វើ​ឲ្យ​ពួកគាត់​ជឿ​ថា​គណបក្ស​សង្គ្រោះជាតិ​អត់​រលំរលាយ​ទៅ​ណា​ទេ»។

ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ជា​ចំហ​ថា មេឃុំ​ចៅសង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​ណា ចង់​មក​ចូល​ជាមួយ​គណបក្ស​របស់​លោក នឹង​រក្សា​តំណែង​ទទួល​បាន​ប្រាក់ខែ​ដដែល៖ «នយោបាយ​វា​ត្រូវ​មាន​ការ​ប្រមែប្រមូល​គ្នា​អីចឹង ! លោក​ឯង​និយាយ​ថា មិច ? ទាល់តែ​ខ្ញុំ​ទៅ​ជេរ​ម៉ែ​គេ​បាន​វា​ត្រឹមត្រូវ។ ខ្ញុំ​អំពាវនាវ​តាមរយៈ​នៃ​ការ​ផ្ដល់​ឱកាស​ផ្ដល់​លទ្ធភាព​អ្នក​អត់​មាន​កន្លែង​ទេ ហើយ​មេ​ដឹកនាំ​របស់​អ្នក ខ្ញុំ​មិន​ថា​ប៉ុន្មាន​ទេ តុលាការ​គេ​នឹង​ពិនិត្យ មិនមែន​រំលាយ​គណបក្ស​ជាប់​ទេ អ្នក​គ្មាន​មេ​គ្មាន កើយ​ទេ រាប់​សិប ឬ​ដល់​រយ​នាក់​ដែល​ត្រូវ​ហាម​ឃាត់​ធ្វើ​នយោបាយ​ក្នុង​រយៈពេល​៥​ឆ្នាំ»។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា សកម្មជន​គណបក្សប្រឆាំង ធ្វើ​យុទ្ធនា​ការ​លើក​ស្លាក​គណបក្ស ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​របស់​ពួកគាត់​ដោយ​ស្របច្បាប់ ក្នុងនាម​ប្រទេស​ប្រជាធិបតេយ្យ។ លោក កន សាវាង្ស ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​លើកទឹកចិត្ត ទៅលើ​ការសំដែង​មតិ​ដោយ​អហិង្សា​របស់​ពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ និង​ដោយ​ពុំ​មាន​ការ​លាប​ពណ៌​ដាក់គ្នា៖ «លើកលែងតែ​គាត់​ប្រមូលផ្ដុំ​ធ្វើជា​ចលាចល​ស្អី​មួយ មាន​អសន្តិសុខ ប៉ុន្តែ​សុំ​ប្រើ​ពាក្យ​អសន្តិសុខ​ឲ្យ​ត្រូវ កុំ​ឲ្យ​យកពាក្យ​អសន្តិសុខ​ធ្វើជា​លេស សម្រាប់​ធ្វើ​ការ​បង្ក្រាប​ការ​បញ្ចេញ​សេរីភាព​គឺ​មិន​ត្រឹមត្រូវ​ទេ»។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ផ្សារ​កណ្ដាល មាន​គម្រោង​លើក​ស្លាក​គណបក្ស​ឲ្យ​បាន​ជាង ៤០​ផ្ទាំង នៅ​គ្រប់​ភូមិ ដោយ​យក​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​ធ្វើ​យុទ្ធនាការ។ រហូត​មក​ទល់​ពេលនេះ​ការ​លើក​ស្លាក នៅសល់ ២​ភូមិ​ទៀត​ក្នុងចំណោម​១០​ភូមិ នឹង​ត្រូវ​បញ្ចប់។ ការ​លើក​ស្លាក​គណបក្ស​សង្គ្រោះជាតិ នៅ​ក្រុង​ប៉ោយប៉ែត​នេះ មិន​ទាន់​មាន​ការ​រំខាន​ពី​អាជ្ញាធរ​ទេ​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។