មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង កំពុងព្រួយបារម្ភខ្លាចក្រែង ប្រជាពលរដ្ឋនៅក្នុងខេត្តនេះទៅចុះឈ្មោះបោះឆ្នោតមិនបានដល់២០ភាគរយ ហើយអាចនឹងប៉ះពាល់ដល់ការបោះឆ្នោតនៅពេលខាងមុខ ព្រោះរយៈពេលនៃការចុះឈ្មោះ នៅសល់ជាងមួយសប្ដាហ៍ទៀតនឹងត្រូវបញ្ចប់ហើយ។
មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង លើកឡើងថា នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត គ្រប់ទីកន្លែង នៅក្នុងខេត្តមួយនេះ រហូតមកដល់ពេលនេះ ស្ទើរតែមិនមានពលរដ្ឋណាម្នាក់ ទៅចុះឈ្មោះឡើយ។
ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង លោក ជា ជីវ មានប្រសាសន៍នៅថ្ងៃទី៣១ តុលា នេះថា បញ្ហាចម្បង ដែលធ្វើឲ្យចំនួនប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតបានតិច ដោយសារគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោត ខ្វះការផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះ។ មន្ត្រីបក្សប្រឆាំងរូបនេះ អះអាង ទៀតថា ប្រសិនបើនៅគណៈកម្មការចុះឈ្មោះបោះឆ្នោត នៅតែមិនខ្វល់រឿងការចុះឈ្មោះបោះឆ្នោតទៀត គឺប្រជាពលរដ្ឋ ដែលមិនទាន់ចុះឈ្មោះ នៅក្នុងខេត្តមួយនេះ នឹងបាត់បង់សិទ្ធិក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅឆ្នាំ២០១៨ ជាពុំខាន ពីព្រោះមកទល់ពេលនេះ ទើបតែមានអ្នកមកចុះឈ្មោះ បានប្រហែល ១៥ភាគរយ ប៉ុណ្ណោះ៖ «បើសិនជាចំនួនតិច ដូច្នេះឆន្ទៈនៃការបោះឆ្នោតនឹងធ្វើឲ្យគណបក្សកាន់អំណាចដឹកនាំប្រទេសបានតាមអំពើចិត្ត។ ប៉ុន្តែបើពលរដ្ឋចុះឈ្មោះបោះឆ្នោតបានច្រើន ដូច្នោះគណបក្សកាន់អំណាចនឹងមិនអាចធ្វើអ្វីសម្រេចតែចិត្តគាត់បានដូចពេលមុនទៀតទេ»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង លោក វន ពន ទទួលស្គាល់ថា ពិតជាមានប្រជាពលរដ្ឋ មកចុះឈ្មោះបោះឆ្នោត បានតិចតួចប្រាកដមែន ក៏ប៉ុន្តែលោកអះអាង ថាមន្ត្រីគណៈកម្មការចុះឈ្មោះបោះឆ្នោត បានខំប្រឹងជំរុញប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន អស់ពីសមត្ថភាពហើយ តែគ្មានមនុស្សមកចុះឈ្មោះ។ លោកបន្ថែមទៀត ថា អ្នកដែលមិនបានមកចុះឈ្មោះ ភាគច្រើនគឺប្រជាពលរដ្ឋធ្វើចំណាកស្រុក ទៅក្រៅប្រទេស៖ «ឥឡូវយើងធ្វើរហូតដល់ចាស់ជរាយើងចុះទៅដល់ផ្ទះទៀតផង។ ខ្ញុំសួរទៅមន្ត្រីរបស់ខ្ញុំ គេថាអស់ហើយអ្នកដែលត្រូវចុះឈ្មោះបោះឆ្នោតនោះ បើនៅក៏មានតែមនុស្សចាស់ជរាទេ។ យើងចង់បានថា តើមានអនុសាសន៍យ៉ាងមិចដើម្បីជំរុញឲ្យប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតបានច្រើន សូមលើកសំណើយើងនឹងយកទៅអនុវត្តន៍»។
មន្ត្រីគណបក្សប្រឆាំង សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងថា នៅថ្ងៃបញ្ចប់នៃការចុះឈ្មោះ យ៉ាងច្រើនពលរដ្ឋទៅចុះឈ្មោះ មិនដល់២០ភាគរយនោះទេ។ បញ្ហានេះអាចនឹងប៉ះពាល់ ដល់លទ្ធផលនៃការបោះឆ្នោត នៅពេលខាងមុខ ព្រោះមិនឆ្លុះបញ្ចាំពីឆន្ទៈពិតប្រាកដ របស់ប្រជាពលរដ្ឋឡើយ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការខុមហ្រ្វែល (Comfrel) លោក កន សាវាង្ស មានប្រសាសន៍ថា បញ្ហាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតតិចនេះ មួយផ្នែកធំ បណ្ដាលមកពីប្រជាពលរដ្ឋ ធ្វើចំណាកស្រុក។ លោកអះអាងថា ដើម្បីដោះស្រាយបញ្ហានេះ សមាជិកសភាតំណាងរាស្ត្រ ត្រូវធ្វើវិសោធនកម្មច្បាប់ បោះឆ្នោតថ្មី ធ្វើយ៉ាងណាឲ្យពលករនៅក្រៅប្រទេស អាចចុះឈ្មោះបោះឆ្នោតបាន៖ «ដូច្នេះសរុបមកយើងឃើញថា ប្រជាពលរដ្ឋជាងមួយលាននាក់ នឹងត្រូវបាត់បង់សិទ្ធិបោះឆ្នោត ហើយការបាត់បង់សិទ្ធិនេះយើងមិនអាចថា គ្រប់គ្រាន់ ឬមិនគ្រប់គ្រាន់ តែយើងចង់និយាយថា សិទ្ធិប្រជាពលរដ្ឋមិនត្រូវបានធានាឲ្យបានគ្រប់គ្រាន់ ក្នុងការផ្ដល់សេវាចុះឈ្មោះបោះឆ្នោតជូនពលករដែលធ្វើចំណាកស្រុក»។
ពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួច នៅខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី៣០ តុលា មាន ៣២.៦៣៧ នាក់ ក្នុងចំណោមអ្នកដែលចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី មានជាង ២០ម៉ឺននាក់ ក្នុងនោះអ្នកដែលផ្ទេរឈ្មោះចូលពីខាងក្រៅ មាន ៣.០៨២នាក់ និងប្ដូរការិយាល័យបោះឆ្នោតមាន ១.១៥៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។