រដ្ឋ​សភា​ទទួល​បាន​របៀបវារៈ​ពី​បក្ស​ប្រឆាំង​ទាក់ទង​រឿង​ជួប​ចរចា​ជាមួយ​បក្ស​ប្រជាជន

0:00 / 0:00

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា លោក​បាន​ទទួល​របៀបវារៈ​ពី​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ ទាក់ទង​រឿង​ការ​ជួប​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា នេះ ដែល​និយាយ​ពី​សភាពការណ៍​នយោបាយ​កំពុង​កើត​ឡើង។ ទាក់ទង​ប្រធានបទ​នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា របៀបវារៈ​នេះ គណបក្ស​ប្រជាជន​កម្ពុជា អាច​ជួប​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ បាន ព្រោះ​ប្រធានបទ​នេះ​ទាក់ទង​នឹង​វប្បធម៌​សន្ទនា។

សភាពការណ៍​នយោបាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ នឹង​លើក​យក​ទៅ​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រួមមាន ការ​គាប​សង្កត់​របស់​ស្ថាប័ន​រដ្ឋ​លើ​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល ស្ថាប័ន​បោះឆ្នោត និង​ការ​វិលត្រឡប់​ចូល​ស្រុក​របស់​លោក សម រង្ស៊ី មុន​ការ​បោះឆ្នោត​ដោយ​គ្មាន​ទោស។ នេះ​ជា​ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ។

លោក យឹម សុវណ្ណ ថ្លែង​ប្រាប់​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ទី​ស្នាក់​កណ្ដាល​នៃ​គណបក្ស​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា ថា ប្រធាន​ក្រុម​ពង្រឹង​វប្បធម៌​សន្ទនា​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម នឹង​ទូរស័ព្ទ​ទៅ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រៀបចំ​ឲ្យ​មានការ​ជួប​ប្រជុំ។ លោក​បន្ត​ថា អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​ខ្លួន​ដោះស្រាយ​បញ្ហា​នៅ​ពេល​នេះ គឺ​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​ការ​ចង់​បាន​របស់​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ៖ « គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ដោះស្រាយ​បញ្ហា​ឆ្លើយ​តប​ទៅ​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​លោក បាន គីមូន អគ្គលេខា យើង​ត្រៀម​ជានិច្ច​ដើម្បី​ស្រាយ​បញ្ហា»

ទាក់ទង​រឿង​នេះ ប្រធាន​ក្រុម​ពង្រឹង​វប្បធម៌​សន្ទនា​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ឲ្យ​ដឹង​ថា លោក​មិន​បាន​ទូរស័ព្ទ​ជជែក​ផ្ទាល់​ជាមួយ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ប៉ុន្តែ​បាន​ធ្វើ​ឡើង​តាម​រយៈ​អគ្គលេខាធិការ​រង​រដ្ឋ​សភា​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ និង​អគ្គលេខាធិការ​រដ្ឋ​សភា ភាគី​គណបក្ស​ប្រជាជន​កម្ពុជា។

​ការវិវឌ្ឍន៍​ចុង​ក្រោយ​នៃ​ការ​ជួប​គ្នា អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា អគ្គលេខាធិការ​រង​នៃ​រដ្ឋសភា មក​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ ហ៊ុល ប៊ុនថា បាន​ទូរស័ព្ទ​មក​លោក​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ថា គណបក្ស​សង្គ្រោះ​ជាតិ លើក​យក​ប្រធានបទ​ពី​សភាពការណ៍​នយោបាយ​ដែល​កំពុង​កើត​ឡើង​ទៅ​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ដដែល​ថា ដោយសារ​លោក​កំពុង​នៅ​ខេត្ត ហើយ​ជា​ថ្ងៃ​ចុង​សប្ដាហ៍​ផង​នោះ លោក​មិន​ទាន់​បាន​ជម្រាប​ដំណឹង​នេះ​ទៅ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដោយ​លោក​នឹង​ផ្ដល់​ដំណឹង​នេះ​នៅ​សប្ដាហ៍​ក្រោយ គឺ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​មិថុនា៖ «គាត់ ( លោក ហ៊ុល ប៊ុនថា ) និយាយ​ទាក់ទង​សភាពការណ៍​នយោបាយ។ គាត់​ស្នើ​ដែរ ប៉ុន្តែ​ខ្ញុំ​ជាប់​រវល់​នៅ​ខេត្ត »

ដោយ​ឡែក​អ្នក​វិភាគ​នយោបាយ លោក កែម ឡី យល់​ថា ការ​ជួប​គ្នា​លើក​នេះ ត្រូវ​មាន​អាជ្ញាកណ្ដាល​ដែល​ជា​ព្រះមហាក្សត្រ ឬ​សម្ដេច​ព្រះសង្ឃ​ដើម្បី​ឃ្លាំមើល ឬ​សម្របសម្រួល ត្រូវ​មាន​អ្នក​សង្កេតការណ៍ និង​ត្រូវ​ផ្សាយ​ផ្ទាល់​ឲ្យ​សាធារណជន​បាន​ដឹង ជៀសវាង ឬ​កាត់​បន្ថយ​ការ​សន្យា​ដែល​សរសេរ​នៅ​ដៃ ប៉ុន្តែ​ត្រូវ​អ្នក​នយោបាយ​យក​ជើង​លុបចោល។ លោក កែម ឡី យល់​ថា ការ​ចរចា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ជា​ករណី​មួយៗ មិន​មែន​ជា​ដំណោះ​ស្រាយ​ល្អ​ទេ អ្វី​ដែល​សំខាន់​ត្រូវ​ពង្រឹង​ឲ្យ​តុលាការ​ឲ្យ​ក្លាយ​ជា​តុលាការ​ឯករាជ្យ « បើ​ស្នើ​ហើយ​គេ​ចាប់​ឡើង​វិញ​ដដែល​ទេ ចឹង​គឺ​ការ​កែប្រែ​មូលដ្ឋាន កែប្រែ​ប្រព័ន្ធ​តុលាការ ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​សភា​ទើប​ជា​រឿង​សំខាន់»

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា គម្រោង​ជួប​គ្នា​នេះ គឺ​ជួប​ត្រឹមតែ​ក្រុម​ពង្រឹង​វប្បធម៌​សន្ទនា។

កាល​ពី​សប្ដាហ៍​មុន​ប្រធាន​ក្រុម​ពង្រឹង​វប្បធម៌​សន្ទនា លោក ប៉ុល ហំម ប្រកាស​ថា ភាគី​គណបក្ស​សង្គ្រោះ​ជាតិ ក្រៅ​ពី​រូប​លោក មាន​លោក ហូរ វ៉ាន់ លោក ម៉ៅ មុនីវណ្ណ និង​លោក អ៊ូ ច័ន្ទឫទ្ធិ។ ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ដែរ​ថា ប្រសិនបើ​ជំនួប​ត្រឹម​ក្រុម​ពង្រឹង​វប្បធម៌​សន្ទនា ភាគី​គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាសភាព​ម្ខាង ៥​រូប ដឹកនាំ​ដោយ​លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌។

លោក សុខ ឥសាន ប្រាប់​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ថា បើ​មាន​ជំនួប​មែន ការ​ជជែក​គ្នា​នោះ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ជាប់​ទោស​បាន​រួច​ផុត​ការ​ចោទ​ប្រកាន់​ទេ។ ចំណែក​ការ​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ដោយ​គ្មាន​ទោស​ក៏​មិន​អាច​ធ្វើ​ទៅ​រួច​បាន​ដែរ « ចូល​មក​ដើម្បី​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​មក មិន​មែន​ចូល​មក​រួច​ខ្លួន​ទេ។ បើ​ចឹង​នឹង​មាន​វប្បធម៌​និទ្ទណ្ឌភាព។ ចំណែក​ឯកឧត្តម កឹម សុខា ត្រូវ​ចេញ​មុខ​មក​ពន្យល់​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​គាត់​ឲ្យ​បាន​ច្បាស់ »

គិត​មក​ទល់​ពេល​នេះ មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ចំនួន ១៩​នាក់ កំពុង​ជាប់​ឃុំ ក្រៅ​ពី​នេះ មន្ត្រី​សង្គម​ស៊ីវិល​នៃ​សមាគម​អាដហុក (ADHOC) ៤​នាក់ អគ្គលេខាធិការ​រង គ.ជ.ប ម្នាក់ និង​យុវជន​មួយ​ចំនួន​ទៀត ក៏​កំពុង​ជាប់ឃុំ​ដែរ។ ស្ថាប័ន​អន្តរជាតិ​កំពូលៗ រួម​មាន​អង្គការ​សហប្រជាជាតិ សភា​អឺរ៉ុប និង​ស្ថាប័ន​ផ្សេងៗ​ទៀត ស្នើ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។