បក្ស​ប្រឆាំង​ចាត់​ទុក​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ថា​ជា​រឿង​នយោបាយ

មន្ត្រី​គណបក្ស​ប្រឆាំង ចាត់​ទុក​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​អំពាវនាវ​ឲ្យ​ជន​ល្មើស​បំផ្លាញ​ស្លាក​គណបក្ស​ប្រឆាំង​តាម​មូលដ្ឋាន​នានា ឲ្យ​ចេញ​មុខ​សារភាព​នោះ​ថា គឺ​ជា​រឿង​នយោបាយ ជា​ជាង​ការ​ស្វែង​រក​យុត្តិធម៌។

0:00 / 0:00

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក ហ៊ុន សែន ជំរុញ​អ្នក​បំផ្លាញ​ស្លាក​គណបក្ស​ប្រឆាំង​កន្លង​មក ត្រូវ​ចូល​ខ្លួន​សារភាព ដោយ​លោក​បាន​សន្យា​ថា​នឹង​លើក​ទោស ហើយ​ថែម​ទាំង​ផ្ដល់​រង្វាន់​ពិសេស ដើម្បី​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ហៅ​សារ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៤ មិថុនា នៅ​ខេត្ត​កំពង់ចាម ថា​គឺ​ជា​ការ​បង្កើត​ភាព​អាប់អួ​បន្ថែម​ទៀត​ទៅ​វិញ​ទេ នៅ​មុន​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នឹង​ត្រូវ​ចាប់​ផ្ដើម​នា​ពេល​ខាង​មុខ​នេះ។

លោក យឹម សុវណ្ណ អះអាង​ថា អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ និង​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត នឹង​មិន​មាន​ន័យ​អ្វី​នោះ​ទេ។ លោក​បន្ត​ថា តែ​ផ្ទុយ​ទៅ​វិញ បញ្ហា​នេះ​នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​ថែម​ទៀត​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​ដែល​នឹង​មក​ដល់​ក្នុង​សប្ដាហ៍​នេះ។ លោក​គិត​ថា មាន​រឿងរ៉ាវ​ជាច្រើន​ករណី​ទៀត​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នៅ​មិន​ទាន់​បាន​ផ្ដល់​យុត្តិធម៌​នៅ​ឡើយ ហើយ​ច្រើន​តែ​យក​ឃាតក​សិប្បនិម្មិត ឬ​អ្នក​ពាក់ព័ន្ធ​ដែល​បាន​រៀបចំ​ទុក​ជា​មុន​មក​សម្ដែង​ជា​សាធារណៈ។

លោក យឹម សុវណ្ណ៖ «ធ្លាប់​ឃើញ​បទ​ពិសោធន៍​កន្លង​មក​ហ្នឹង ឧទាហរណ៍​ដូច​នៅ​ឆ្នាំ​១៩៩៧ ហ្នឹង មាន​ការ​គប់​គ្រប់​បែក​ទៅ​លើ​ហ្វូង​បាតុករ រួច​បែរ​ជា​ឆ្លើយ​ថា​មិន​ទាន់​ទាំង​ធ្វើ​ការ​ស៊ើប​អង្កេត​ផង ឆ្លើយ​ថា​ឯកឧត្ដម​ប្រធាន សម រង្ស៊ី ហ្នឹង​គប់​ខ្លួន​ឯង។ រឿង​ហ្នឹង​វា​កើត​ឡើង​ដដែលៗ​ទេ ទៅ​បង្ក​ឡើង​ដោយ​គ្រាន់​តែ​វា​មាន​ការ​ភាន់​ច្រឡំ ធ្វើ​ឲ្យ​មាន​ការ​អាប់អួ​ទៅ​ដល់​បរិយាកាស​នៃ​ការ​បោះឆ្នោត​ទេ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ពី​ជំហរ និង​គោល​នយោបាយ​រដ្ឋាភិបាល​របស់​លោក​កាល​ពី​ថ្ងៃ​ទី២៤ មិថុនា ថា​នឹង​មិន​លើកលែង​ទោស​ឡើយ ទោះ​ត្រូវ​ប្រើ​ពេល​ស៊ើប​អង្កេត​យូរ​ឆ្នាំ​ចំពោះ​អ្នក​ពាក់ព័ន្ធ​ទាំង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ឬ​បក្ស​ដទៃ​ដែល​ជាប់​សង្ស័យ​ពី​បទ​បំផ្លាញ​ស្លាក​របស់​បក្ស​ប្រឆាំង​នេះ​ក៏ដោយ។ ក៏ប៉ុន្តែ លោក ហ៊ុន សែន អះអាង​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្នាក់​ក្រោម​ជាតិ​នឹង​មិន​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​ឡើយ។

យ៉ាង​ណា​ក៏ដោយ លោក យឹម សុវណ្ណ ចាត់​ទុក​ថា ក្រសួង​មហាផ្ទៃ គួរ​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​ភាព​មិន​ប្រក្រតី​នេះ​មុន​ពេល​ប្រតិកម្ម​របស់​លោក ហ៊ុន សែន កើត​ឡើង។ លោក​គិត​ថា ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ វា​នឹង​ប៉ះពាល់ និង​មាន​ឥទ្ធិពល​ដល់​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​របស់​មន្ត្រី​ជំនាញ។

កាល​ពី​ថ្ងៃ​ទី២១ មិថុនា គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​នៃ​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្ដី​ណែនាំ​ចំនួន ៩​ចំណុច​សំខាន់ៗ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​បញ្ជា​ដឹកនាំ និង​ចាត់​តាំង​កម្លាំង​រក្សា​សន្តិសុខ​ក្នុង​ថ្ងៃ​យុទ្ធនាការ​ឃោសនា និង​ថ្ងៃ​បោះឆ្នោត។ បន្ថែម​លើ​នេះ ក្រសួង​មហាផ្ទៃ ចាត់​ទុក​ថា ឧបទ្ទវហេតុ​នានា ដូចជា​គំរាម​កំហែង បំភិត​បំភ័យ និង​ការ​ទម្លាក់​ស្លាក​គណបក្ស​នៅ​តាម​មូលដ្ឋាន គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់​ដាច់​ខាត។

លោក ហង្ស ពុទ្ធា នាយក​អង្គការ និចហ្វិក (Nicfec) ចាត់​ទុក​សារ​នយោបាយ​ដ៏​កម្រ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ​ថា ជា​ផ្នែក​មួយ​នៃ​ការ​ទទួល​ខុស​ត្រូវ និង​ជា​ការ​ផ្សះផ្សា​ផ្នែក​នយោបាយ​ក្នុង​ន័យ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ដែល​ពុំ​ធ្លាប់​មាន៖ «ជំហាន​ទី​មួយ យើង​ឃើញ​ថា រវាង​គណបក្ស​ទាំង​ពីរ​ពុំ​ដែល​បាន​និយាយ​អំពី​ចំណុច​ល្អ​រវាង​គ្នា និង​គ្នា​ទេ។ ហើយ​ការ​ដែល​ខូចខាត​របស់​ភាគី​ម្ខាងៗ វា​ទៅ​ជា​រឿង​ដែល​បំពេញ​សេចក្ដី​ពេញ​ចិត្ត​របស់​ខ្លួន​ទៅ​វិញ។ ប៉ុន្តែ​លើក​នេះ​បាន​បង្ហាញ​ថា សកម្មភាព​បំផ្លាញ​ស្លាក​ហ្នឹង គណបក្ស​កាន់​អំណាច ឬ​ក៏​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​មិន​សប្បាយ​ចិត្ត​ទិដ្ឋភាព​បែប​នេះ​ដែរ»

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី២៣ មិថុនា ស្លាក​គណបក្ស​ប្រឆាំង​មួយ​នេះ​មាន​ចំនួន ១០៣​ស្លាក នៅ​ទូទាំង​ប្រទេស ត្រូវ​គេ​រំខាន និង​បំផ្លាញ​ចោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។