ក្រុមអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានសាទរចំពោះការព្រមព្រៀងគ្នារវាងបក្សកាន់អំណាច និងបក្សប្រឆាំងដើម្បីបញ្ចប់ស្ថានភាពជាប់គាំងផ្នែកនយោបាយដែលអូសបន្លាយអស់រយៈពេលជិត ១ឆ្នាំ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ប៉ុន្តែក្រុមអ្នកវិភាគខ្លះបានព្យាករថា កិច្ចព្រមព្រៀងនេះនឹងនៅតែមិនអាចធ្វើឲ្យដំណើរការបោះឆ្នោតនៅឆ្នាំ២០១៨ មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ដដែល។
គណបក្សប្រជាជនកម្ពុជា បានសម្រេចដូចបំណងប្រាថ្នារបស់ខ្លួនក្នុងការយកឈ្នះលើការចរចាជាមួយគណបក្សប្រឆាំងបន្ទាប់ពីប្រើយុទ្ធសាស្ត្រឈ្នះៗ ចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ៧រូប និងសកម្មជនមួយរូបដាក់ឃុំឃាំង ដែលសង្គមស៊ីវិលចាត់ទុកថា ជាការចាប់ខ្លួនធ្វើជាចំណាប់ខ្មាំងដើម្បីបង្ខំឲ្យបក្សប្រឆាំង ចូលតុចរចាដោះស្រាយវិបត្តិនយោបាយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតចាត់ទុកការព្រមព្រៀងផ្នែកនយោបាយរវាងបក្សប្រឆាំងនិងបក្សកាន់អំណាច ដើម្បីបញ្ចប់ជម្លោះនយោបាយក្រោយការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣ នោះគ្រាន់ជាលទ្ធផលមួយដើម្បីឈានទៅរកការដោះលែងក្រុមតំណាងរាស្ត្របក្សជំទាស់ប៉ុណ្ណោះ។
ក្រុមអ្នកឃ្លាំមើលខ្លះបង្ហាញថា គណបក្សសង្គ្រោះជាតិទទួលបរាជ័យក្នុងការទាមទារឲ្យរដ្ឋសភាបោះឆ្នោតតាមរូបមន្ត ២/៣ ក្នុងការអនុម័តលើការជ្រើសរើសសមាសភាព គ.ជ.ប ដែលខ្លួនចង់បាននោះ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា មានប្រសាសន៍ថា បើទោះបីជាមានការយល់ព្រមគ្នាលើសមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ដោយ ក៏ឯករាជភាពរបស់ គ.ជ.ប នៅតែមានកម្រិតដដែល។
ការព្រមព្រៀងរវាងបក្សកាន់អំណាចនិងបក្សប្រឆាំងកាលពីថ្ងៃទី២២ ខែកក្កដា នេះ ក្រៅពីឯកភាពគ្នារៀបចំក្បាលម៉ាស៊ីនរដ្ឋសភា ដោយបែងចែកតួនាទីដឹកនាំនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា គណបក្សទាំងពីរក៏បានឯកភាពគ្នាទៅលើសមាសភាព ៩រូប នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងនោះសមាសភាព ៤រូប មកពីខាងគណបក្សប្រជាជនកម្ពុជា ហើយសមាសភាព ៤រូបទៀតមកពីខាងគណបក្សដែលមានអាសនៈនៅក្នុងសភាដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល ហើយ ១រូបទៀតគឺត្រូវជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា។ ប្រសិនបើរើសសមាសភាពមួយរូបទៀតមិនបានទេនោះ គ.ជ.ប ដែលមានស្រាប់នៅតែបន្តអនុវត្តកិច្ចការដដែល។ ប៉ុន្តែនៅពេលណាជ្រើសរើសបានសមាសភាពមួយរូបទៀតពីការបោះឆ្នោតដោយសំឡេង ៥០ភាគរយបូក១ នៅ គ.ជ.ប រួចហើយ នោះរដ្ឋសភានឹងធ្វើការបោះឆ្នោតដោយសំឡេង ៥០ភាគរយបូក១ ដើម្បីអនុម័តបន្ថែម។
ប៉ុន្តែទោះបីជាបែបនេះក្ដី លោក គល់ បញ្ញា បញ្ជាក់ថា យ៉ាងហោចណាស់គណបក្សប្រឆាំងអាចមានលទ្ធភាពខ្លះក្នុងការចូលរួមជ្រើសរើសសមាសភាព គ.ជ.ប ជាជាងការសម្រេចជាអត្តនោម័តិពីខាងគណបក្សប្រជាជនកម្ពុជា។
ចំណុចគន្លឹះដែលក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ តែងចង់បាននោះគឺការកែទម្រង់ គ.ជ.ប ឲ្យមានឯករាជ្យតាមរយៈការបញ្ចូលសមាសភាពបីរូបពីខាងបក្សប្រឆាំងបីរូបពីបក្សកាន់អំណាច និងបីរូបទៀតពីសង្គមស៊ីវិល ហើយមានការអនុម័តយល់ព្រមដោយសំឡេង ២/៣ នៃសមាជិករដ្ឋសភា។ ចំណុចនេះហើយបានធ្វើឲ្យស្ថានការណ៍នយោបាយនៅកម្ពុជា ជាប់គាំង ដោះស្រាយមិនចេញ ខណៈគណបក្សកាន់អំណាចទាមទារឲ្យរដ្ឋសភាធ្វើការសម្រេចយល់ព្រមលើសមាសភាព គ.ជ.ប តាមរូបមន្ត ៥០% + ១។
ជុំវិញការព្រមព្រៀងនយោបាយរវាងបក្សកាន់អំណាច និងបក្សសង្គ្រោះជាតិនេះដែរ អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម លោក កែម ឡី បញ្ជាក់ថា ដំណោះស្រាយនយោបាយរវាងគណបក្សធំៗទាំងពីរនៅកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ គឺគ្រាន់តែជាការបន្ធូរបរិយាកាសតានតឹងក្នុងសង្គម និងគ្រាន់តែជួយសម្រាលដល់ការជាប់ឃុំឃាំងរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងប៉ុណ្ណោះ។
លោកបន្តថា កិច្ចព្រមព្រៀងនេះនឹងមិនអាចធ្វើឲ្យដំណើរការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខធ្វើប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ ដោយសារគណបក្សទាំងពីរនៅមិនទាន់ព្រមព្រៀងគ្នាលើស្តង់ដារ ឬនីតិវិធីនៃការបោះឆ្នោតនៅឡើយ។
លោក កែម ឡី ចាត់ទុកការព្រមព្រៀងនេះថា គ្មានប្រយោជន៍អ្វីសម្រាប់មហាជន និងសម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមនោះឡើយ។ លោក កែម ឡី បញ្ជាក់ថា យ៉ាងហោចណាស់កិច្ចព្រមព្រៀងនយោបាយរវាងបក្សប្រឆាំងនិងបក្សកាន់អំណាចត្រូវបានកំណត់និយមន័យនៃពាក្យប្រាំ អ្វីជាសេរី អ្វីជាយុត្តិធម៌ អ្វីជាឯករាជ្យ អ្វីជាអព្យាក្រឹត ហើយអ្វីជាភាពត្រឹមត្រូវនោះឡើយ។
ក្រុមមេដឹកនាំបក្សប្រឆាំងកន្លងមកតែងសន្យាចំពោះមុខមហាជនថា ខ្លួននឹងតស៊ូដើម្បីកែទម្រង់ គ.ជ.ប ឲ្យឯករាជ្យ ទាល់តែបាន ហើយថា ខ្លួននឹងមិនចូលប្រជុំសភាទេប្រសិនណារដ្ឋសភាមិនព្រមអនុម័តសមាសភាព គ.ជ.ប តាមរូបមន្ត ២/៣ នោះ។
ក្រុមអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាច្រើន បានចោទជាសំណួរថា តើគណបក្សសង្គ្រោះជាតិ នៅពេលនេះនឹងមានវាសនាដូចគណបក្សហ៊្វុនស៊ិនប៉ិចដែរ ឬយ៉ាងណា? ហើយថា តើគណបក្សសង្គ្រោះជាតិ នឹងអាចរកយុត្តិធម៌ដល់អ្នកដែលបានបាត់បង់ជីវិត និងអ្នករងរបួសពីការខិតខំធ្វើបាតុកម្មគាំទ្រគណបក្សមួយនេះដែរឬទេ? រីឯការដែលគណបក្សសង្គ្រោះជាតិ ប្រែចិត្តយល់ព្រមទទួលយករូបមន្ត ៥០% + ១ ក្នុងការអនុម័តសមាសភាព គ.ជ.ប នៅពេលនេះ គឺផ្ទុយពីការសន្យារបស់ខ្លួនចំពោះម្ចាស់ឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។