​លទ្ធផល​នៃ​កិច្ច​ប្រជុំ​រវាង​បក្ស​ប្រជាជន​និង​បក្ស​សង្គ្រោះ​ជាតិ

កិច្ច​ពិភាក្សា​រវាង​មេដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​រក​ដំណោះស្រាយ​នយោបាយ​ដើម្បី​ឈាន​ទៅ​បញ្ឈប់​ការ​ធ្វើ​មហា​បាតុកម្ម​ទេ។

ក្នុង​ជំនួប​ត​ទល់​គ្នា​រយៈ​ពេល​ប្រមាណ ៥​ម៉ោង នៅ​វិមាន​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ទទូច​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ដើម្បី​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​មិន​ព្រម​ឯកភាព​ឡើយ។

របៀប​វារៈ​សំខាន់​បំផុត​ដែល​បាតុករ​ប្រមាណ ១០​ម៉ឺន​នាក់ ទាមទារ​ឲ្យ​គណបក្ស​កាន់​អំណាច​យល់​ព្រម​នោះ គឺ​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ដើម្បី​សើរើ​លទ្ធផល​បោះ​ឆ្នោត។ ប៉ុន្តែ​គណបក្ស​កាន់​អំណាច​នៅ​តែ​មិន​យល់​ស្រប​ឡើយ។ កិច្ច​ប្រជុំ​ចំណាយ​ពេល​អស់​ប្រមាណ ៥​ម៉ោង ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​លើ​បញ្ហា​សំខាន់ៗ ៣​ចំណុច គឺ​បញ្ឈប់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​គ្រប់​ប្រភេទ រៀបចំ​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត និង​កំណត់​បើក​ការ​ចរចា​ជា​បន្តបន្ទាប់​នៅ​មុន​ថ្ងៃ​ទី​២៣ ខែ​កញ្ញា។

មន្ត្រី​អ្នក​នាំ​ពាក្យ​អង្គ​ប្រជុំ​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ប្រាក់ សុខុន ប្រកាស​ថា កិច្ច​ពិភាក្សា​នេះ​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​បក​ក្រោយ​ដើម្បី​សើរើ​លទ្ធផល​បោះ​ឆ្នោត​វិញ​ទេ ហើយ​បក្ស​កាន់​អំណាច​ប្ដេជ្ញា​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​របស់​អង្គ​ព្រះមហាក្សត្រ ក្រោយ​ស្មារតី​បង្រួបបង្រួម​និង​ឯកភាព​ជាតិ​ជា​ធំ។ លោក​បញ្ជាក់​ថា ព្រះមហាក្សត្រ​បាន​ព្រះរាជទាន​លិខិត​កោះ​ប្រជុំ​ជា​លើក​ដំបូង​ចំនួន ៦៨ ដែល​មាន​ន័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត ៦៨​កៅអី ដោយ​មិន​អាច​មាន​ការ​កែប្រែ​ឡើយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពេល​ចេញ​ពី​​ប្រជុំ​នៅ​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១៣។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពេល​ចេញ​ពី​​ប្រជុំ​នៅ​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១៣។ (RFA/Mom Sophon)

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​អង្គ​ប្រជុំ​មក​ពី​បក្ស​ប្រឆាំង លោក យឹម សុវណ្ណ ហៅ​កិច្ច​ពិភាក្សា​នេះ​ថា ជា​ប្រការ​គួរ​សោកស្ដាយ។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ ព្យាយាម​ស្វែង​រក​យុត្តិធម៌​ជូន​ពលរដ្ឋ ប៉ុន្តែ​បក្ស​កាន់​អំណាច​បែរ​ជា​ព្យាយាម​ទាត់ចោល​ឆន្ទៈ​រាស្ត្រ​ទៅ​វិញ។ លោក​បញ្ជាក់​ថា បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​តាម​ការ​គ្រោង​ទុក​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូល​ប្រជុំ​សភា​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឡើយ ប្រសិន​ណា​ម្ចាស់​ឆ្នោត​មិន​យល់​ព្រម។

ទន្ទឹម​នឹង​គ្នា​នេះ ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច នរោត្តម សីហមុនី ព្រះអង្គ​បាន​ចេញ​ព្រះរាជសារ​មួយ​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា សំដែង​ហរទ័យ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​អស្ថិរភាព​សង្គម និង​នយោបាយ​កម្ពុជា បណ្ដាល​មក​ពី​ជម្លោះ​នយោបាយ។ ព្រះអង្គ​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​យុវជន​ម្នាក់​ដែល​បាន​ស្លាប់​ដោយសារ​គ្រាប់​កាំភ្លើង​សមត្ថកិច្ច​ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​នៅ​ម្តុំ​ស្ពាន​អាកាស​ក្បាលថ្នល់។

នៅ​ក្នុង​ជំនួប​នៅ​វិមាន​រដ្ឋ​សភា​កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៦ កញ្ញា នេះ គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាសភាព​ចូល​រួម ៧​រូប ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុ​ប្រធាន​ទី​១ ព្រឹទ្ធ​សភា លោក សាយ ឈុំ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា តំណាងរាស្ត្រ​លោក ឈាង វុន និង​លោក សោម សឿន ព្រម​ទាំង​មាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ជា​ច្រើន​រូប​ទៀត ប្រជុំ​គ្នា​នៅ​បរិវេណ​រដ្ឋ​សភា​ដែរ ដែល​មាន​អ្នក​តំណាងរាស្ត្រ លោក ជាម យៀប កូន​ប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ជាដើម។

ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​ប្រធាន​គណបក្ស លោក សម រង្ស៉ី អនុ​ប្រធាន​គណបក្ស លោក កឹម សុខា លោក ប៉ុល ហំម លោក សុន ឆ័យ លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង លោក គួយ ប៊ុនរឿន ហើយ​មិន​មាន​ក្រុម​ជំនួយ​ដូច​គណបក្ស​កាន់​អំណាច​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។