គណបក្សនយោបាយជាប់ឆ្នោតទាំងពីរ នៅមិនទាន់ទម្លុះភាពជាប់គាំងនយោបាយបាននៅឡើយទេ នៅក្នុងកិច្ចចរចាផ្លូវការនៅព្រឹកថ្ងៃទី១២ មិថុនា។ តែគណបក្សទាំងពីរបានឯកភាពទៅលើចំណុចមួយចំនួននៅក្នុងកិច្ចចរចារយៈពេលខ្លីជាងពេលពីមុនៗនោះ។ ក្រុមអ្នកវិភាគលើកឡើងថា គណបក្សត្រូវតែសម្បទានឲ្យគ្នាឲ្យបានច្រើនជាងនេះ ដើម្បីទទួលបានជោគជ័យនៅក្នុងការចរចាបញ្ចប់ជម្លោះនយោបាយដ៏រ៉ាំរ៉ៃនេះ។
គណបក្សនយោបាយទាំងពីរបានឯកភាពដាក់ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាស្ថាប័នធម្មនុញ្ញ ដោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបន្ថែម ១ជំពូកទៀត តែគណបក្សទាំងពីរមិនឯកភាពគ្នាត្រង់ចំណុចជ្រើសតាំងសមាសភាព គ.ជ.ប នេះទេ។
គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា បានជួបគ្នាចរចានៅថ្ងៃទី១២ មិថុនា នេះ មានរយៈពេលជាង ១ម៉ោងទេ ហើយគណបក្សសង្គ្រោះជាតិ មិនបានចូលរួមធ្វើសន្និសីទសារព័ត៌មានជាមួយគ្នានោះឡើយ បន្ទាប់ពីចេញពីបន្ទប់ចរចានោះ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា ដែលដឹកនាំការចរចា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការចរចានេះវិវឌ្ឍទៅមុខ។ ប៉ុន្តែលោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនអាចធ្វើវិសោធនកម្មពីសំឡេងភាគច្រើនដាច់ខាត មក ២ ភាគ ៣ វិញ បានទេ ដោយលោកបានរំលឹកពីលោក សម រង្ស៊ី ជាអ្នកស្នើសុំទៅសភាឲ្យកែរដ្ឋធម្មនុញ្ញមាត្រា៩០ ពី ២ភាគ៣ ទៅ ៥០ភាគរយ បូក ១។
«សំឡេង»
នៅក្នុងការចរចានេះមិនបានលើកអំពីការផ្ដល់អាជ្ញាប័ណ្ណទូរទស្សន៍ឲ្យគណបក្សសង្គ្រោះជាតិទេ។
លោក ព្រុំ សុខា មានប្រសាសន៍ថា នៅក្នុងរដ្ឋធម្មនុញ្ញមិនបានចែងឲ្យគណបក្សនយោបាយមានទូរទស្សន៍នោះឡើយ។
នៅក្នុងការជួបគ្នាចរចានេះ គណបក្សប្រជាជនកម្ពុជា បានប្រគល់សេចក្ដីព្រាងរបស់ខ្លួនជូនគណបក្សសង្គ្រោះជាតិ ស្ដីពីវិសោធនកម្មមាត្រា៧៦ និងការបង្កើតជំពូកថ្មីទាក់ទងនឹងការបង្កើតអង្គការរៀបចំការបោះឆ្នោត។
គណបក្សទាំងពីរបានយល់ព្រមបង្កើតជំពូកទី ១៥ថ្មី ស្ដីពីអង្គការរៀបចំការបោះឆ្នោតដែលមានចំនួន ២មាត្រា គឺមាត្រា ១៥០ថ្មី និយាយពីការចាត់ចែងនិងគ្រប់គ្រងការបោះឆ្នោតប្រកបដោយឯករាជ្យ និងអព្យាក្រឹត និងមាត្រា ១៥១ថ្មី និយាយពីការរៀបចំសមាជិក គ.ជ.ប និងការជ្រើសតាំងសមាសភាព គ.ជ.ប ដោយរដ្ឋសភា។ គណបក្សទាំងពីរបានខ្វែងគំនិតគ្នាចំពោះមាត្រា ១៥១ថ្មី ត្រង់ចំណុចជ្រើសតាំងសមាសភាពនេះ ដោយខាងគណបក្សសង្គ្រោះជាតិ ចង់ឲ្យបោះឆ្នោតអនុម័តក្នុងសភាដោយសំឡេង ២ ភាគ ៣ តែគណបក្សប្រជាជនកម្ពុជា ចង់រក្សាការអនុម័តដោយសំឡេងភាគច្រើនដាច់ខាតដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដដែល។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតខែត្រកណ្ដាល មានប្រសាសន៍ថា ការអនុម័តសំឡេងភាគច្រើនដាច់ខាតនេះ គឺគណបក្សសង្គ្រោះជាតិ ចង់បោះឆ្នោតដោយសំឡេងភាគច្រើនដាច់ខាតនោះ តែលើការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីចំពោះគណបក្សដែលឈ្នះឆ្នោតទេ។
«សំឡេង»
ទោះបីជាយ៉ាងក៏ដោយ លោក ព្រុំ សុខា បានបង្ហើបថា ការជួបគ្នាតាមទូរស័ព្ទរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី កាលពីថ្ងៃទី៩ មេសា នោះ មេដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើតគណៈកម្មការជំនាញថ្មីមួយទៀត នៃរដ្ឋសភា គឺគណៈកម្មការប្រឆាំងអំពើពុករលួយនិងអង្កេត ដោយឲ្យគណបក្សសង្គ្រោះជាតិ ធ្វើជាប្រធាន និងគណៈកម្មការ ៤ផ្សេងទៀត ពោលគឺគណបក្សទាំងពីរចែកគណៈកម្មការជំនាញក្នុងសភាម្ខាង ៥ គណៈកម្មការធ្វើជាប្រធាន ហើយតួនាទីអនុប្រធានសភាទី១ ឲ្យទៅគណបក្សសង្គ្រោះជាតិ។
តំណាងគណបក្សទាំងពីរបានអះអាងដោយសំដែងសុទិដ្ឋិនិយមដូចគ្នាថា ក្រុមការងារគណបក្សទាំងពីរនឹងជួបគ្នាបន្តទៀត តែមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៅឡើយទេ។
អ្នកវិភាគនយោបាយលើកឡើងថា គណបក្សទាំងពីរត្រូវតែសម្បទានឲ្យគ្នាឲ្យបានច្រើនជាងនេះទៀត ដើម្បីឈានទៅដល់ជោគជ័យលើការចរចាបញ្ចប់ជម្លោះនយោបាយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។