មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានលើកឡើងថា គណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មនេះជារឿងខុសច្បាប់ ហើយថា គណបក្សសង្គ្រោះជាតិ ត្រូវដោះស្រាយបញ្ហាចម្រូងចម្រាសនេះដោយសន្តិវិធីវិញល្អជាង។
ការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលនេះ នៅខណៈដែលគណបក្សសង្គ្រោះជាតិ កំពុងដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ និងធ្វើការដង្ហែក្បួននៅតាមដងវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ។
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ បានធ្វើបាតុកម្មជារឿងខុសច្បាប់ ពីព្រោះគណបក្សនេះមិនបានគោរពទៅតាមច្បាប់ស្ដីពីបាតុកម្មនោះឡើយ។ លោក ផៃ ស៊ីផាន ពន្យល់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ គឺតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវតែធ្វើការតស៊ូមតិនៅក្នុងសភាវិញប្រសើរជាងការតស៊ូមតិនៅទីលានសាធារណៈបែបនេះ។
«សំឡេង»
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សនេះនឹងធ្វើបាតុកម្មជារៀងរាល់ថ្ងៃទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ តទៅ ហើយមហាបាតុកម្មនឹងជួបជុំគ្នាទ្រង់ទ្រាយធំនៅរៀងរាល់ថ្ងៃអាទិត្យ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
កាលពីថ្ងៃទី១៥ ធ្នូ គណបក្សសង្គ្រោះជាតិ បានហែក្បួនបាតុកម្មអហិង្សាតាមដងផ្លូវនានា នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ធ្នូ គណបក្សសង្គ្រោះជាតិ បានជិះម៉ូតូហែក្បួនក្នុងរាជធានីភ្នំពេញ ដោយមិនមានអាជ្ញាធររារាំងឡើយ។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានចាត់ទុកការធ្វើបាតុកម្មនេះជារឿងខុសច្បាប់ តែលោកបញ្ជាក់ថា មកទល់ពេលនេះ ក្រសួងមិនទាន់ដាក់កងកម្លាំងដើម្បីត្រៀមបង្ក្រាបបាតុករនោះទេ លោកបញ្ជាក់ថា កងកម្លាំងនៅតាមផ្លូវនានានោះ គឺក្រសួងប្រើប្រាស់តែមន្ត្រីនគរបាលចរាចរណ៍។ នៅពេលសួរថា ប្រសិនគណបក្សសង្គ្រោះជាតិ បិទផ្លូវនោះ តើក្រសួងនឹងមានវិធានការបែបណា? លោក ខៀវ សុភ័គ បញ្ជាក់ថា ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។
«សំឡេង»
មន្ត្រីសាលារាជធានីភ្នំពេញ អះអាងថា អាជ្ញាធររាជធានីភ្នំពេញមិនដែលអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ហែក្បួនបាតុកម្មម្ដងណាទេ។
សាលារាជធានីភ្នំពេញ បានចេញលិខិតជូនគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥ ធ្នូ ដោយហៅការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ជាការធ្វើបែបអនាធិបតេយ្យ ហើយថា គណបក្សសង្គ្រោះជាតិ ជាអ្នកទទួលខុសត្រូវ ប្រសិនបើមានឧបទ្ទវហេតុអ្វីកើតឡើងនោះ។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នេះ មិនមែនជាសកម្មភាពខុសច្បាប់ទេ លោកបញ្ជាក់ថា ការធ្វើបាតុកម្មសម្ដែងមតិ ឬហែក្បួននេះ មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
«សំឡេង»
លោក អំ សំអាត បន្ថែមថា សកម្មភាពខុសច្បាប់នោះ គឺការប្រើអំពើហិង្សាបង្ក្រាបទៅលើហ្វូងបាតុករទៅវិញទេ ដូចជាករណីបាញ់សម្លាប់កម្មករសំណង់ឈ្មោះ ម៉ៅ សុខចន្ទ នៅស្ពានក្បាលថ្នល់ កាលពីយប់ថ្ងៃទី១៥ កញ្ញា និងការបាញ់សម្លាប់ស្ត្រីលក់បាយនៅស្ទឹងមានជ័យ ក្នុងការបង្ក្រាបកម្មករ អែស.អិល (SL) ជាដើម។
«សំឡេង»
គណបក្សសង្គ្រោះជាតិ បានធ្វើបាតុកម្មនេះជាលើកទី៤ហើយ។ ការសម្រេចធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នេះ ដោយសារតែការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ជាច្រើនលើកគ្មានដំណោះស្រាយ។ អ្វីដែលគួរឲ្យកត់សម្គាល់របស់គណបក្សសង្គ្រោះជាតិ លើកនេះ គណបក្សនេះបានដាក់ផែនការធ្វើរាល់ថ្ងៃ និងហែក្បួនរាល់ថ្ងៃ។ ការធ្វើបាតុកម្មនេះ ប្រធាន និងអនុប្រធានគណបក្សប្រឆាំងបានបញ្ចេញសារសំខាន់ពីរ ទី១ ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងទី២ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតួនាទីនាយករដ្ឋមន្ត្រី។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា លើកឡើងថា គណបក្សសង្គ្រោះជាតិ នឹងធ្វើបាតុកម្មជារៀងរាល់ថ្ងៃនេះរយៈពេលបីខែ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា ពិចារណាចំពោះការស្នើសុំឲ្យមានការបោះឆ្នោតឡើងវិញ បើមិនដូច្នោះទេ គណបក្សសង្គ្រោះជាតិ នឹងមានវិធានការថ្មីទៀត។
«សំឡេង»
ប្រធានគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា ការសម្ដែងមតិនៃការធ្វើបាតុកម្មអហិង្សានេះគ្មានខុសច្បាប់អ្វីទេ លើកលែងតែការធ្វើបាតុកម្មហិង្សា ឬកុបកម្មទើបខុស។ លោកបញ្ជាក់ថា មូលហេតុចម្បងដោយសារតែភាពមិនប្រក្រតីនៃការបោះឆ្នោត ហើយបញ្ហានេះ គណបក្សប្រជាជនកម្ពុជា ត្រូវតែពិចារណាចំពោះការសុំឲ្យបោះឆ្នោតឡើងវិញនេះ។
«សំឡេង»
អ្នកឃ្លាំមើលការបោះឆ្នោតបានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលបានប្រើវិធានការក្ដៅបង្ក្រាបបាតុកម្ម នៅពេលនោះកម្ដៅនយោបាយនឹងកាន់តែក្ដៅថែមទៀត ហើយក្រុមបាតុករគណបក្សសង្គ្រោះជាតិ នឹងរឹតតែបង្កើនកំហឹង។ ហើយទាំងរដ្ឋាភិបាល ទាំងមេដឹកនាំគណបក្សប្រឆាំង ជាអ្នកទទួលខុសត្រូវចំពោះករណីនេះ ហើយការបង្ក្រាបណាមួយហិង្សានោះ ជារឿងរំលោភច្បាប់។
ការជាប់គាំងនយោបាយនៅកម្ពុជា បានអូសបន្លាយពេលជិត ៦ខែមកហើយ គិតចាប់ពីថ្ងៃបោះឆ្នោតកាលពីខែកក្កដា កន្លងមក។ គណបក្សជាប់ឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្លាប់បានធ្វើការចរចាចំនួនបីលើកមកហើយ តែលទ្ធផលបានបរាជ័យ។ នៅមុនពេលគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្ម មេដឹកនាំគណបក្សទាំងពីរនៅតែអះអាងថា គណបក្សទាំងពីរនៅតែបើកទ្វារចំហក្នុងការចរចា។ ក៏ប៉ុន្តែ មកទល់ពេលនេះ គណបក្សប្រជាជនកម្ពុជា ហាក់បីដូចជាមិនទាន់ប្រកាសផ្លូវក្នុងការចរចាបន្តទៀតនៅឡើយ។ មន្ត្រីរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា នោះ នៅបន្តការងារនៅតាមស្ថាប័នរដ្ឋនានាធម្មតាដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។