តំណាងរាស្ត្រគណបក្សប្រឆាំងមានជំនឿថា សកម្មជនទាំង ១៥នាក់ដែលកំពុងជាប់ឃុំនៅក្នុងគុកព្រៃស អាចបាននៅក្រៅឃុំបណ្ដោះអាសន្ន នៅក្រោយថ្ងៃសវនាការ ដើមខែមីនា ខាងមុខនេះ។ អ្នកវិភាគសង្គមវិញយល់ឃើញថា ការជួយឲ្យសកម្មជនទាំង ១៥នាក់នេះបាននៅក្រៅឃុំ នឹងមិនអាចបានយូរឡើយ ព្រោះនៅពេលស្ថានភាពនយោបាយតានតឹង ពួកគេប្រឈមនឹងជាប់ពន្ធនាគារឡើងវិញដដែល។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មានសុទិដ្ឋិនិយមថា ដោយសារការចរចាផ្នែកនយោបាយមានអំណោយផលល្អ ហេតុនេះបន្ទាប់ពីបញ្ចប់សវនាការនៅដើមខែមីនា ខាងមុខនេះ សកម្មជនរបស់បក្សប្រឆាំងដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស អាចបាននៅក្រៅឃុំបណ្ដោះអាសន្នហើយ។
ការថ្លែងដូចនេះរបស់ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក្រោយពីលោក និងមន្ត្រីជាន់ខ្ពស់មួយចំនួន បានទៅជួបអ្នកជាប់ឃុំនៅគុកព្រៃស កាលពីព្រឹកថ្ងៃទី២៩ កុម្ភៈ។ លោក សុន ឆ័យ មានជំនឿថា អ្នកទាំង ១៥នាក់នោះអាចបាននៅក្រៅឃុំបណ្ដោះអាសន្ន ដូចការស្នើសុំបន្ទាប់ពីបញ្ចប់សវនាការ ដែលនៅសល់ពេលមិនដល់ ១សប្ដាហ៍ខាងមុខទៀតនេះផង។ លោកបន្តថា នៅក្នុងចន្លោះនៃសវនាការដែលត្រូវបន្តនៅដើមខែមីនា ខាងមុខនេះ តំណាងរាស្ត្រគណបក្សប្រឆាំង នឹងប្រឹងប្រែងឲ្យអស់លទ្ធភាពតាមផ្លូវនយោបាយ ដើម្បីបញ្ចប់ភាពតានតឹងនេះ។
លោក សុន ឆ័យ អះអាងថា មានហេតុផលមួយចំនួនក្នុងចំណោមហេតុផលជាច្រើន ដែលអាចរំពឹងថា សកម្មជនទាំង ១៥នាក់បាននៅក្រៅឃុំបណ្ដោះអាសន្ន គឺការជាប់ទោសអ្នកទាំងនោះ ល្មមគ្រប់គ្រាន់ដល់ពេលដែលអាចស្នើសុំបានហើយ។ ម្យ៉ាងវិញទៀត បើបន្តទុកឲ្យមានស្ថានភាពបែបនេះ នឹងមិនធ្វើឲ្យប្រសើរឡើយចំពោះបរិយាកាសនយោបាយនៅពេលនេះ ជាពិសេសលោកក៏បានលើកពីបញ្ហានេះជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់ផងដែរក្នុងពេលថ្មីៗនេះ។ លោកបន្តថា « ដើម្បីដោះស្រាយជាតិ និងឯកភាព ជាតិ អីហ្នឹង ខ្ញុំថាឲ្យគាត់នៅក្រៅឃុំ។ ការដោះលែងសកម្មជនទាំងនេះ វានឹងជួយឲ្យមានភាពប្រសើរឡើងទាំងស្រុង ក្នុងស្ថានភាពទំនាក់ទំនងគណបក្សទាំងពីរ ។ សំខាន់ដែលយើងបារម្ភហ្នឹង បើទុក កាន់តែ យូរទៅ ដូចជាឆ្អឹងឆ្លាក់នៅនឹងកហ្នឹង។ ទោះបី យើងថាខំជជែកគ្នា តាមរយៈ ក្រុម ភាគតិច ក្រុម ភាគច្រើន ដើម្បីដោះស្រាយ ក៏វានៅតែជាប់កហ្នឹង ដើម្បីឲ្យមាន ភាពកក់ក្ដៅ យ៉ាងម៉េច »។
ជុំវិញជម្លោះផ្នែកនយោបាយនេះ លោក មាជ សុវណ្ណារ៉ា និងសកម្មជន ១០នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីមានអំពើហិង្សាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ក្រោយការចាប់ខ្លួន សកម្មជនទាំង ១១នាក់ត្រូវបានចៅក្រមនៃតុលាការក្រុងភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពី ៧ឆ្នាំទៅ ២០ឆ្នាំ ពីបទដឹកនាំ និងចូលរួមក្នុងចលនាកុបកម្ម ដែលនាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ។ ក្រៅពីនេះនៅមាន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី និងសកម្មជន ៣នាក់ផ្សេងទៀត កំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស និងបន្តសវនាការ។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់បញ្ជាក់ថា លទ្ធភាព ឬវាសនាសកម្មជនទាំង ១៥នាក់របស់គណបក្សប្រឆាំងនេះ អាចរួចផុតពីការចោទប្រកាន់ ឬយ៉ាងណានោះ វាអាស្រ័យលើបរិយាកាសនយោបាយ។ លោកបន្ថែមថា ការដោះលែង ឬមិនអាចដោះលែងនោះ គឺត្រូវអ៊ុតមើលពីសម្ពាធនយោបាយជាមុនសិន ហើយច្រកចេញនោះទៀតសោត វាស្ថិតនៅលើគណបក្សប៉ុណ្ណោះ។
ប្រធានអង្គការនៃវេទិកាអនាគត លោក អ៊ូ វីរៈ យល់ឃើញថា គណបក្សប្រឆាំងព្យាយាមលួងចិត្តរដ្ឋាភិបាលតែរហូតបែបនេះ វាពុំមែនជាជម្រើសល្អប្រសើរប៉ុន្មាននោះឡើយ។ ម្យ៉ាងវិញទៀត បើទោះជានៅពេលនេះមានការស្រុះស្រួលផ្នែកនយោបាយមែន ហើយសកម្មជន និងមន្ត្រីជាន់ខ្ពស់ទាំង ១៥នាក់អាចបាននៅក្រៅឃុំដូចការរំពឹងទុក ភាពអំណោយផលនេះនឹងមិនបានយូរឡើយ។
លោក អ៊ូ វីរៈ បញ្ជាក់ថា រឹតតែជាការប្រឈមនោះ គឺនៅពេលយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់ ជាពិសេសបោះឆ្នោតសកល ទាំង លោក ហុង សុខហួរ និងសកម្មជនផ្សេងទៀត ពុំមានសញ្ញាណាមួយល្អឡើយ។ មិនតែប៉ុណ្ណោះ ពួកគេទាំងនោះនៅតែក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលរដ្ឋាភិបាលយកមកធ្វើជាកូនអុកនៃល្បែងនយោបាយឡើងវិញដូចនៅពេលនេះដដែល។ លោកបន្តថា « បើសិនជា ជួយក៏ជួយក្នុងរយៈពេលខ្លីដែរ ព្រោះអីនៅពេលការបោះឆ្នោតជិតមកដល់ ខ្ញុំ មើលទៅការតានតឹង នឹងវិលមក ដូចដើម វិញ។ បើយើងព្យាយាមដោះស្រាយដោយ យកចិត្ត អ្នកនយោបាយកាន់អំណាច វា ប្រហែលជា មិនបាន យូរទេ។ ខ្ញុំ មើលទៅ រឿងនយោបាយស្រុកខ្មែរ ហាក់ដូចឆ្មាហើយកណ្ដុរអ៊ីចឹង »។
បន្ថែមពីលើនេះ លោក អ៊ូ វីរៈ យល់ឃើញថា ប្រសិនបើការដោះលែងសកម្មជនគណបក្សប្រឆាំងឲ្យបាននៅក្រៅឃុំដូចការគ្រោងទុកមែន នោះជាការបំពេញភាពប្រេះស្រាំ ឬលុបលាងភាពអាម៉ាស់នៅលើឆាកអន្តរជាតិឲ្យរដ្ឋាភិបាលយ៉ាងមានប្រសិទ្ធភាព ជាពិសេសការថយមួយជំហានរបស់សហរដ្ឋអាមេរិក ចំពោះភាពរង្គោះរង្គើផ្នែកប្រជាធិបតេយ្យ និងសេរីភាពនយោបាយនៅកម្ពុជា នេះ អាចបានប្រសើរឡើងវិញក៏អាចថាបាន។
ជាងនេះទៀត អ្នកវិភាគនយោបាយចាត់ទុកថា លទ្ធភាពដែលជំរុញឲ្យគណបក្សប្រឆាំងមានប្រៀបផ្នែកនយោបាយទៅលើគណបក្សដែលកាន់អំណាច គឺគណបក្សក្រៅរដ្ឋាភិបាលនេះគួរបន្តរិះគន់លើគោលនយោបាយ ជាជាងសំដៅដោយត្រង់ចំពោះបុគ្គល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។