បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពត​ចោទ​បក្ស​កាន់​អំណាច​ថា​ដើរ​គំរាម​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ខ្លួន​ឲ្យ​ចុះចូល

0:00 / 0:00

សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នៅ​ថ្នាក់ក្រោម​ជាតិ​ចំនួន ៣​នាក់​របស់​គណបក្ស​ប្រឆាំង បាន​បន្ត​ចាកចេញ​ពី​គណបក្ស​នេះ​ទៀត​ហើយ ទៅ​ចូលរួម​ជីវិត​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពត មក​ពី​ខាង​គណបក្ស​ប្រឆាំង អះអាង​ថា ការ​បន្ត​ចាកចេញ​នេះ ព្រោះតែ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​គំរាមកំហែង និង​បំភិតបំភ័យ​ជាដើម ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​ពី​បក្ស​ប្រឆាំង។

ទោះ​ជា​មាន​ការ​ចាកចេញ​ចោល​បក្ស​យ៉ាង​នេះ​ក៏ដោយ​ចុះ អ្នកស្រី សំ ចរិយា អះអាង​ថា​ សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ដែល​បោះបង់​អាសនៈ​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ គឺ​ជា​សមាជិក​ដែល​ធ្លាប់​បាន​ផ្លាស់ប្ដូរ​ទ្រនំ​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពី​មុន​មក​ដែរ។

ការ​ថ្លែង​ដូច​នេះ​របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពត ស្រប​ពេល​ព័ត៌មាន​ស្ដីពី​ការ​ដើរ​ចេញ​របស់​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ដូច​គ្នា​នេះ​ដែរ បាន​កើត​ឡើង​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត។

​ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា នេះ អ្នកស្រី សំ ចរិយា ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​របស់​គណបក្ស​ប្រឆាំង​ថា ថ្វី​បើ​ពួកគាត់​ដែល​បាន​ផ្លាស់​ទៅ​រក​ទ្រនំ​ថ្មី​នេះ មាន​អតីតភាព​ការងារ​មក​ពី​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្ដី ដោយសារ​មក​ពី​កត្តា​ជីវភាព និង​ការ​គំរាមកំហែង​ផង ទើប​ជំរុញ​ឲ្យ​ពួកគាត់​សម្រេច​ចាកចេញ។ អ្នកស្រី​បន្ត​ថា ក្នុង​ពេល​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ទាំង​បី​នាក់​នេះ បាន​ចាកចេញ​ទៅ​ហើយ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ដើរ​អូសទាញ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ដទៃ​ទៀត​របស់​បក្ស​ប្រឆាំង​នៅ​ឡើយ៖ «»។

​សំឡេង​បោះឆ្នោត​នៅ​ព្រឹទ្ធសភា គឺ​ជា​សំឡេង​ដែល​បាន​មក​ពី​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ បូក​នឹង​សមាជិក​រដ្ឋសភា​ទាំង ១២៣​រូប។ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា មូលហេតុ​នៃ​ការ​លើក​ពេល​បោះឆ្នោត​ព្រឹទ្ធ​សភា ទៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ វិញ ដោយ​ពុំ​បាន​បញ្ជាក់​អំពី​មូលហេតុ​ឲ្យ​បាន​ពិតប្រាកដ​នេះ គឺ​អាច​មក​ពី​គណបក្ស​កាន់​អំណាច​ចង់​ទុក​ពេល​សម្រាប់​អូសទាញ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​តំណាងរាស្ត្រ​របស់​បក្ស​ប្រឆាំង​នេះ​ឯង។

ដំបូង​ឡើយ លោក ហ៊ុន សែន បាន​កំណត់​ពេល​បោះឆ្នោត​ព្រឹទ្ធ​សភា​នេះ​រួច​ហើយ គឺ​នឹង​ត្រូវ​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៨។ ប៉ុន្តែ​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា លោក ហ៊ុន សែន បាន​និរាករណ៍​ការសម្រេច​បោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ដែល​បាន​អនុម័ត​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៧ ហើយ​ដែល​គ្រោង​នឹង​ដំណើរការ​នៅ​ដើម​ខែ​មករា នេះ​ចោល។ ឥឡូវ ការ​បោះឆ្នោត​ព្រឹទ្ធសភា ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ វិញ។

ទាក់ទង​ការ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​អូសទាញ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ពី​ខាង​គណបក្សប្រឆាំង​នេះ អភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ខេត្ត​ផង បដិសេធ​​បកស្រាយ​រឿង​នេះ។ នៅ​ពេល​សួរ​ថា តើ​ពិត​ជា​មាន​ការ​អូសទាញ និង​គំរាមកំហែង​បែប​នេះ​មែន ឬ​យ៉ាង​ណា?

លោក ចាន់ ចេស្តា ដែល​ជា​​អភិបាល​ខេត្ត​កំពត បាន​ផ្ដាច់​ទូរស័ព្ទ​ទៅ​វិញ​ភ្លាម​ដែរ។ បើ​ទោះ​ជា​បែប​ណា លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​អះអាង​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ព្រះអាទិត្យ​នឹង​លិច​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ខាង​មុខ​នេះ​ហើយ។ លោក ឌិត មន្ទី ប្រធាន​តុលាការ​កំពូល និង​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង នឹង​បើក​សវនាការ​​រឿង​ក្តី​សុំ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។ លោក ឌិត មន្ទី ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល ទទួល​បន្ទុក​ក្នុង​សំណុំ​រឿង​នេះ​ផង បាន​កោះ​អញ្ជើញ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​គុក​ត្រពាំងផ្លុង ត្រូវ​ចូលរួម​ស្ដាប់​សវនាការ​នេះ​ដែរ។

​សមាជិក​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ ដែល​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៣​នាក់​រួម​មាន​ជំទប់​ទី​១ ឃុំ​បឹងទូក ស្រុក​ទឹកឈូ លោក ហែម វណ្ណា ជំទប់​ទី​២ សង្កាត់​កំពង់បាយ ក្រុង​កំពត លោក ពិនរ៉ុង បំរ៉ុង និង​លោក វ៉ាង វ៉ាត់ ជា​ជំទប់​ទី​២ ឃុំ​តាកែនកោះស្លា ខេត្ត​កំពត។

លោក កន សាវាង្ស មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) ធ្លាប់​លើក​ឡើង​ថា ការ​ចាកចេញ​របស់​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ វា​នឹង​មិន​ប៉ះពាល់​អ្វី​ធំដុំ​ទេ​សម្រាប់​ការ​បោះឆ្នោត​នៅ​ព្រឹទ្ធសភា​នោះ ព្រោះ​នេះ​​​ជា​ការ​បោះឆ្នោត​បែប​អសកល។ ប៉ុន្តែ​អ្នក​ជំនាញ​រូប​នេះ​យល់​ឃើញ​ថា រឿង​ដែល​ស្មុគស្មាញ​នោះ​នៅ​ត្រង់​ថា ការ​រើស​បេក្ខភាព​បន្ត​វា​កៀក​នឹង​ការ​បោះឆ្នោត​ពេក​ណាស់​ទៅ​ហើយ។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ចាត់​ទុក​អ្នកនយោបាយ​ដែល​ចេញ​ពី​គណបក្ស​មួយ​ទៅ​ចូល​គណបក្ស​មួយ​ទៀត​នេះ ថា​ជា​ការ​ស្វែងរក​លាភសក្ការៈ​ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ច្រើន​ជាង​ការ​ផ្លាស់ប្ដូរ​ជីវភាព​នយោបាយ ដើម្បី​ការ​រីកចម្រើន​នៅ​ក្នុង​សង្គមជាតិ។

ក្នុង​ការ​បោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​មេឃុំ ចៅសង្កាត់​ចំនួន ២៤០​នាក់ ក្នុង​ចំណោម​អាសនៈ​សរុប ៥៦១​អាសនៈ​នៅ​ខេត្ត​កំពត។ ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​ឆ្នោត​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ៥.០០៧​នាក់ និង​ជាប់​ជា​មេ​ឃុំ-​ចៅសង្កាត់ ជិត ៥០០​ឃុំ-​សង្កាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។