ខែត្រកែប នៅមិនទាន់មានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាប់ឆ្នោតណាម្នាក់របស់គណបក្សសង្គ្រោះជាតិ ចុះចូលជាមួយគណបក្សកាន់អំណាចឡើយ គិតត្រឹមថ្ងៃផុតឱសានវាទ ដែលប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ដាក់កំហិតឲ្យអតីតក្រុមប្រឹក្សាឃុំសង្កាត់បក្សប្រឆាំងចុះចូល។
ប្រធានប្រតិបត្តិខែត្រនេះ អះអាងថា មានតែសកម្មជនភាគតិចតែប៉ុណ្ណោះ ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ដោយឡែក ក្រុមប្រឹក្សាឃុំសង្កាត់ ទូទាំងខែត្រកែប ដែលជាប់ឆ្នោតពីឆន្ទៈពលរដ្ឋ មិនទាន់មាននរណាម្នាក់ចុះចូលនឹងបក្សកាន់អំណាចឡើយ បើទោះជារងការគំរាមគ្រប់រូបភាពពីមន្ត្រីបក្សកាន់អំណាចក៏ដោយ។
លោក នន់ តារា ប្រាប់ថា អ្នកដែលបានទៅចូលរួមជាមួយបក្សកាន់អំណាចនៅខែត្រកែប ភាគច្រើនគឺជាអតីតអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានគណបក្សសង្គ្រោះជាតិ អូសទាញបានកាលពីមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។ លោកបន្តថា សម្រាប់អ្នកនយោបាយ ការអូសទាញមនុស្សពីគណបក្សផ្សេងទៅគាំទ្រគណបក្សខ្លួនគឺជារឿងធម្មតា៖ «បើនិយាយខែត្រកែប តាមផ្លូវការអត់មានទេ ក្រុមប្រឹក្សាដែលជាប់ឆ្នោតហ្នឹង តាំងពីណែនាំជំទប់ជាប់ឆ្នោតអត់មានទេ ប៉ុន្តែវាធ្វើមិនបានពេក ទៅវាយកអាចក់អាចែមៗ បានពីរបីនាក់ ដូចជាមិនបានចេញជាផ្លូវការទេ។ ខ្ញុំមិនយកចិត្តទុកដាក់អីផង ព្រោះអាហ្នឹងអាខ្លះគ្មានឥទ្ធិពលអីទេ មកពីគណបក្សប្រជាជនពីរបីនាក់ មកប្រជុំ យើងទាញមក គេទាញទៅវិញអីអ៊ីចឹងទៅ។ មិនមានឥទ្ធិពលអីទេប៉ុន្មាននាក់ហ្នឹងនោះខ្ញុំអ្នកទាញមកពីគណបក្សប្រជាជន យើងសង្ស័យដែរ យើងទាញដើម្បីបានសំឡេងអីអ៊ីចឹងទៅឲ្យបានគ្នាមកចូលរួមច្រើន អ៊ីចឹងអត់មានក្រុមប្រឹក្សាខ្ញុំខាង កែប អត់មានទេណា|»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកផ្ដួចផ្ដើមគំនិតរំលាយបក្សប្រឆាំងបណ្ដាលឲ្យក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ បាត់បង់ការងារធ្វើ បានដាក់ឱសាវាទឲ្យអតីតសមាជិកក្រុមប្រឹក្សាទាំងនោះ ចុះចូលជាមួយគណបក្សកាន់អំណាចត្រឹមម៉ោង ៩យប់ ថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១៧ ដើម្បីរក្សាតួនាទី តំណែងនៅក្នុងឃុំសង្កាត់ និងថ្នាក់ក្រុងស្រុកខណ្ឌ ខែត្ររាជធានី រហូតដល់តំណែងតំណាងរាស្ត្រ។ មេដឹកនាំដែលកាន់អំណាចយូរជាងគេនៅពិភពលោករូបនេះ ហៅការដាក់កំហិត និងការព្រមានចាប់ខ្លួនអ្នកស្មោះស្ម័គ្ររបស់គណបក្សសង្គ្រោះជាតិ ឲ្យចុះចូលជាមួយបក្សខ្លួនថា ជាការផ្ដល់ឱកាសសម្រាប់ពួកគេបានថែរក្សាតួនាទីរបស់ខ្លួន។
អាស៊ីសេរីមិនអាចស្នើសុំការបញ្ជាក់ពីអភិបាលខែត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខែត្រកែប លោក កែន សត្ថា អំពីចំនួនមនុស្សដែលគណបក្សប្រជាជនកម្ពុជា អូសទាញបានពីបក្សសង្គ្រោះជាតិ នៅខែត្រកែប បានទេ នៅថ្ងៃទី២៦ វិច្ឆិកា។ ប៉ុន្ដែសម្រាប់ការចុះផ្សាយរបស់សារព័ត៌មានគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះហ្វ្រេសញូវ (Fresh News) នៅថ្ងៃទី២៦ វិច្ឆិកា នេះ អះអាងថា សម្រាប់ខែត្រកែប មានមនុស្សចំនួន ៥នាក់ បានចុះចូលជាមួយគណបក្សកាន់អំណាច គិតត្រឹមព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកា។
អនុប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម ស៊ុនឌឿន មើលឃើញថា ការប្រើគ្រប់វិធីដើម្បីទាក់ទាញសមាជិករបស់គណបក្សប្រឆាំងចូលរួមជាមួយគណបក្សកាន់អំណាច នឹងមិនទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋនោះទេ។ លោកថា គណបក្សប្រជាជនកម្ពុជា អាចមានតែចំនួនសមាជិកច្រើន ប៉ុន្តែសំឡេងឆ្នោតគាំទ្រពីសមាជិក នឹងមិនមានការកើនឡើងនោះទេ ព្រោះអ្នកខ្លះអាចចូលរួមទាំងមិនពេញចិត្ត។
លោក សាម ស៊ុនឌឿន បន្ដថា ប្រសិនបើមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោកមើលមិនឃើញពីជ័យជំនះ ឬការកើនសំឡេងរបស់គណបក្សកាន់អំណាចដោយសារតែការទាញយកសមាជិកក្រុមប្រឹក្សារបស់គណបក្សសង្គ្រោះជាតិនោះទេ៖ «ជាការលើកឡើងចំនួនសមាជិក ឬមួយប្រជាជន បើប្រជាជនវាមានជំនឿលើអី តើជំនឿប្រជាជនកើនលើអី? បើប្រជាជនខ្មែរដឹងរឿងច្រើនណាស់ឥឡូវ ចេះវិភាគ បើសមាជិកក្រុមប្រឹក្សាវាអ៊ីចឹងដែរ មិនថាប្រទេសលោកសេរី»។
អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខែត្រកែប លោក នន់ តារា អះអាងថា សកម្មភាពជោគជ័យរបស់បក្សកាន់អំណាចដែលអូសទាញបានសកម្មជនមួយចំនួនពីបក្សប្រឆាំងវិញនោះ នឹងមិនមានឥទ្ធិពលអ្វីចំពោះគណបក្សសង្គ្រោះជាតិ នៅខែត្រកែប នោះទេ ព្រោះសកម្មជនទាំងនោះគឺជាអតីតមនុស្សមកពីគណបក្សប្រជាជនកម្ពុជា ដែលលោកអូសទាញបានកាលពីពេលកន្លងមកដែរ។
ខែត្រកែប ជាខែត្រតូចជាងគេនៅកម្ពុជា។ ខែត្រនេះមានស្រុក១ និងក្រុង១ និងមានឃុំសង្កាត់ចំនួន៥។ កាលពីបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ គណបក្សសង្គ្រោះជាតិទទួលបានអាសនៈក្រុមប្រឹក្សាចំនួន៧ ដែលទទួលបានតំណែងជំទប់ទី២ ចំនួន ៥ឃុំ។ ឯក្រុមប្រឹក្សាក្រុងកែប ចំនួន ២នាក់ ក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរ ចំនួនម្នាក់ និងក្រុមប្រឹក្សាខែត្រកែប ចំនួន ២នាក់ ដែលសរុបទូទាំងថ្នាក់ខែត្រ ក្រុងស្រុក និងឃុំសង្កាត់ នៅខែត្រកែប គណបក្សសង្គ្រោះជាតិ ទទួលបាន ១២អាសនៈ។
អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខែត្រកែប លោក នន់ តារា ឲ្យដឹងថា សមាជិកក្រុមប្រឹក្សានៅខែត្រកែប ក៏រងការធ្វើទុក្ខបុកម្នេញ រងការរំខាន និងការបង្ខំឲ្យចុះចូលពីបក្សកាន់អំណាច មិនខុសពីសមាជិកក្រុមប្រឹក្សាដទៃទៀតរបស់គណបក្សសង្គ្រោះជាតិ នៅទូទាំងប្រទេសដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។