មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែបង្ហាញជំហរទាមទារឱ្យធ្វើការបោះឆ្នោតឡើងវិញ ដើម្បីដោះស្រាយនៃការជាប់គាំងនយោបាយរយៈពេលជិត ៥ខែមកហើយនោះ។
ការទាមទារនេះ ធ្វើឡើងនៅចំពោះមុខមហាជន និងអ្នកគាំទ្រប្រមាណជាង ១ពាន់នាក់ ដែលមកជួបប្រជុំគ្នានៅឯទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាខេត្តសៀមរាប។
អនុប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា។ លោកបានថ្លែងនៅព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ថា គណបក្សសង្គ្រោះជាតិ គឺជាគូប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ហើយលទ្ធផលនៃការប្រកួតពិតប្រាកដ គឺគណបក្សសង្គ្រោះជាតិ ជាអ្នកឈ្នះ ក៏ប៉ុន្តែ គ.ជ.ប ដែលប្រកាសជ័យឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះទៅវិញនោះ គឺជារឿងក្លែងក្លាយ។ លោក កឹម សុខា បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅតែទាមទារឱ្យមានយុត្តិធម៌ចំពោះលទ្ធផលឆ្នោត និងស្នើសុំឱ្យធ្វើការស៊ើបអង្កេតឡើងវិញ ចំពោះភាពមិនប្រក្រតីនានា បើមិនដូច្នេះទេ គឺទាមទារឱ្យមានការបោះឆ្នោតឡើងវិញ៖ «មានមតិ២ ខ្លះថាកុំចរចា អ្នកខ្លះថាត្រូវតែចរចា បើមិនអ៊ីចឹងទេ ច្បាស់ជាមានការវាយប្រហារគ្នាហើយ។ ដូច្នេះ គណបក្សសង្គ្រោះជាតិ ដែលប្រកាន់គោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ ដើរតាមឆន្ទៈប្រជាពលរដ្ឋខ្មែរចង់បានការផ្លាស់ប្ដូរ។ ឥឡូវ បើសិនជាគណបក្សប្រជាជនកម្ពុជា មិនព្រមឱ្យមានការផ្លាស់ប្ដូរទេ មានន័យថា យើងអត់និយាយរកទេ តែបើសិនជាត្រូវសម្ពាធប្រជារាស្ត្រខ្លាំង អន្តរជាតិខ្លាំង គេព្រមដូរ បានប្រយោជន៍មកប្រជារាស្ត្រ បានប្រយោជន៍មកជាតិ រឿងអីមិនទៅយក»។
បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាលពីខែកក្កដា ឆ្នាំ២០១៣ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះមក គណបក្សសង្គ្រោះជាតិ បានចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោត និងមិនមានភាពយុត្តិធម៌ត្រឹមត្រូវទេ។ គណបក្សសង្គ្រោះជាតិ បានដឹកនាំធ្វើមហាបាតុកម្មអហិង្សាទាមទាររកយុត្តិធម៌ ព្រមទាំងប្រឆាំងលទ្ធផលឆ្នោតនេះតាំងតែពីអំឡុងខែកញ្ញា។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា វិបត្តិនយោបាយចុងក្រោយ ចាប់ពីដើមសប្ដាហ៍ទី១នៃខែមករា ឆ្នាំ២០១៤ មក គឺឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ដោយសារតែអាជ្ញាធរសមត្ថកិច្ចបានប្រើអាវុធបាញ់រះសម្លាប់ប្រជាពលរដ្ឋ ជាពិសេសកម្មករ។ លោក សម រង្ស៊ី បានបញ្ជាក់ថា ការបង្ហូរឈាមនេះ ធ្វើឱ្យមានការឈឺចាប់ ហើយលោកមិនធ្វើឱ្យការតស៊ូរបស់កម្មករទៅជាគ្មានប្រយោជន៍ទេ៖ «រដ្ឋាភិបាលឃោរឃៅ រដ្ឋាភិបាលសម្លាប់ប្រជារាស្ត្រ រដ្ឋាភិបាលខុសច្បាប់ ត្រូវតែបោះឆ្នោតឡើងវិញ។ ប្រទេសចិន មហាអំណាចមួយដ៏ធំនៅតំបន់អាស៊ីយើង ធ្លាប់តែគាំទ្រគណបក្សប្រជាជនកម្ពុជា ប៉ុន្តែគេឃើញសភាពការណ៍ចុងក្រោយ គេទស្សន៍ទាយស្ថានការណ៍ គេថាអនាគតប្រទេសកម្ពុជា គឺស្ថិតនៅជាមួយគណបក្សសង្គ្រោះជាតិ ហើយ»។
ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលបានចាត់ទុកថា ការទាមទាររបស់គណបក្សប្រឆាំងនោះ គឺចេះតែបែករឿងច្រើនទៅៗ ដោយមិនច្បាស់លាស់ថាទាមទារអ្វីមួយឱ្យពិតប្រាកដទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ដែលទាមទារចង់ឱ្យមានការបោះឆ្នោតឡើងវិញនោះ គឺជាសិទ្ធិមួយដែលក្រសួងមហាផ្ទៃ មិនលូកលាន់ចូលនយោបាយទេ ក៏ប៉ុន្តែក្រសួងមហាផ្ទៃ ចង់ឱ្យគណបក្សសង្គ្រោះជាតិ ធ្វើអ្វីក៏ដោយ គឺត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់៖ «យើងគោរពសិទ្ធិធ្វើបាតុកម្មរបស់គាត់ ក៏ប៉ុន្តែសុំឱ្យស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់ ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ដែលស្ថិតនៅជាធរមាននៅឡើយនេះ»។
លោក សម រង្ស៊ី បានថ្លែងថា រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលបច្ចុប្បន្ន គឺបានមើលងាយដល់កម្មករ ដោយគ្រាន់តែពួកគេទាមទារសុំដំឡើងប្រាក់ខែ ១៦០ដុល្លារ ដើម្បីក្រពះ ក៏ត្រូវសមត្ថកិច្ចបាញ់សម្លាប់ដែរ។ ដូច្នេះ គណបក្សសង្គ្រោះជាតិ នឹងមិនញញើតក្នុងការទាមទារឱ្យ លោក ហ៊ុន សែន ចុះចេញពីអំណាចនោះឡើយ៕
មេបក្សសង្គ្រោះជាតិនឹងជួបអ្នកគាំទ្រនៅខេត្តបន្ទាយមានជ័យថ្ងៃទី១១ មករា
ដោយ សួន សុផលមុន្នី
ក្រោយពីជួបជាមួយសកម្មជន និងប្រជាពលរដ្ឋនៅខេត្តសៀមរាប រួចមក មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា បានបន្តដំណើរមកខេត្តបន្ទាយមានជ័យ។ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤ នេះ មេដឹកនាំទាំងពីរនឹងជួបសកម្មជន និងអ្នកគាំទ្ររបស់ខ្លួននៅទីរួមខេត្តបន្ទាយមានជ័យ។ ទន្ទឹមគ្នានេះ ក្រុមអាជ្ញាធរដែនដីបានដាក់បម្រាមមិនឲ្យមេបក្សប្រឆាំងដើរដង្ហែក្បួននោះឡើយ។
គណបក្សសង្គ្រោះជាតិ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានជួបពិភាក្សាគ្នាដើម្បីសម្រួលដល់ការជួបប្រជុំគ្នារវាងមេដឹកនាំគណបក្សប្រឆាំង និងសកម្មជន រួមទាំងអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ដែលនឹងចាប់ផ្ដើមឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤។ ជំនួបនេះ បានធ្វើឡើងមួយថ្ងៃមុនពេលដែល លោក សម រង្ស៊ី និងលោក កឹម សុខា ជាប្រធាន និងជាអនុប្រធានគណបក្ស គ្រោងជួបសំណេះសំណាលជាមួយអ្នកគាំទ្ររបស់ខ្លួននៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបន្ទាយមានជ័យ លោក កែ សម្ផស្ស ថ្លែងនៅថ្ងៃទី១០ ខែមករា ថា ថ្នាក់ដឹកនាំនឹងជួបសំណេះសំណាលជាមួយសមាជិកសមាជិកា និងប្រជាពលរដ្ឋជាអ្នកគាំទ្រនៅទីស្នាក់ការមួយកន្លែងក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកបន្តថា នៅក្នុងជំនួបកាលពីថ្ងៃទី៩ មករា អាជ្ញាធរខេត្តបានសំណូមពរឲ្យគណបក្សជួយសហការគ្នា ដើម្បីពង្រឹងសន្តិសុខ។
ដោយឡែកសម្រាប់គម្រោងការជួបជុំរបស់គណបក្សវិញ លោក កែ សម្ផស្ស បញ្ជាក់ថា គណបក្សពុំមានការដង្ហែក្បួននោះទេ ព្រោះគោលបំណងសំខាន់នៃកិច្ចសំណេះសំណាលនោះ ធ្វើឡើងដើម្បីលើកទឹកចិត្តដល់សកម្មជនរបស់ខ្លួន។ លោក សម រង្ស៊ី និងលោក កឹម សុខា នឹងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ។ យ៉ាងណាក៏ដោយ លោកបានរិះគន់ចំពោះបម្រាមរបស់អាជ្ញាធរ៖ «ពាក់ព័ន្ធនឹងការមិនឲ្យហែក្បួននេះវា ប៉ះពាល់នឹងសិទ្ធិសេរីភាពដែរ គណបក្សប្រកាន់ជំហរអហិង្សាជានិច្ចអ៊ីចឹង រូបភាពមួយហ្នឹងអាជ្ញាធរគាត់ដូចជាបំបិទសិទ្ធិគណបក្ស ជាពិសេសប្រជាពលរដ្ឋនៅក្នុងការបញ្ចេញមតិ»។
អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត មានប្រសាសន៍ថា ក្នុងពិធីជួបជុំរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤ អាជ្ញាធរបានណែនាំរួចហើយថា សកម្មជនគណបក្សទាំងអស់ត្រូវជួបជុំតែក្នុងបរិវេណស្នាក់ការគណបក្ស ហាមហែជាក្បួនតាមផ្លូវ ហាមបង្កប៉ះពាល់សណ្ដាប់ធ្នាប់ ហាមមិនឲ្យមានការបំពងសំឡេងខ្លាំង៖ «យើងឯកភាពឲ្យគាត់ធ្វើនៅក្នុងទីបរិវេណ ប៉ុន្តែយើងគ្រាន់តែសុំដាក់លក្ខខណ្ឌទៅវិញ៤ កន្លែងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ គឺគាត់ទទួលខុសត្រូវដោយខ្លួនគាត់»។
ទោះយ៉ាងណាក្តី គណបក្សសង្គ្រោះជាតិ ពុំមានគម្រោងដង្ហែក្បួនទេ ប៉ុន្តែមន្ត្រីគណបក្សសង្គ្រោះជាតិ លោក កែ សម្ផស្ស បានស្នើឲ្យអាជ្ញាធរខេត្តផ្ដល់ព័ត៌មានពីគម្រោងការជួបប្រជុំគ្នារបស់ថ្នាក់ដឹកគណបក្សសង្គ្រោះជាតិ ជាមួយសកម្មជននេះ ទៅឲ្យអាជ្ញាធរមូលដ្ឋាន ក្រុង សង្កាត់ ឲ្យបានដឹង កុំឲ្យមានសកម្មភាពទៅរារាំងចំពោះការជួបជុំគ្នារបស់គណបក្សសង្គ្រោះជាតិ។
ការធ្វើដំណើររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា គឺកើតមានឡើងក្រោយពេលដែលមេដឹកនាំគណបក្សប្រឆាំងទាំងពីររូបនេះ បានដឹកនាំក្បួនធ្វើបាតុកម្មជាបន្តបន្ទាប់នៅឯទីក្រុងភ្នំពេញ និងនៅបណ្ដាខេត្តមួយចំនួន ដើម្បីប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ បន្ទាប់ពីការជួបសំណេះសំណាលជាមួយសកម្មជនរបស់ខ្លួន នៅខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ លោក សម រង្ស៊ី និងលោក កឹម សុខា នឹងបន្តដំណើរទៅជួបសំណេះសំណាលសកម្មជនរបស់ខ្លួននៅខេត្តបាត់ដំបង ទៀតនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
