មេ​ដឹក​នាំ​បក្ស​ប្រឆាំង​សន្យា​រក​យុត្តិធម៌​ជូន​អ្នក​រងគ្រោះ​នៅ​ស្ទឹងមានជ័យ

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា បាន​ចុះ​ទៅ​ជួប​អ្នក​គាំទ្រ​នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ និង​អ្នក​រងគ្រោះ​ដោយ​ការ​បង្ក្រាប​បាតុករ​រោងចក្រ អែស.អិល (SL) ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា។

0:00 / 0:00

ក្នុង​ពេល​នោះ ទាំង​ប្រធាន និង​អនុប្រធាន​គណបក្ស​នេះ បាន​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នៃ​ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​នា​ពេល​កន្លង​ទៅ និង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​អយុត្តិធម៌ ដែល​បាន​ប្រព្រឹត្ត​លើ​ក្រុម​បាតុករ​ស្លូត​ត្រង់។

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ សន្យា​ថា​នឹង​ស្វែង​រក​យុត្តិធម៌​អោយ​អ្នក​រងគ្រោះ និង​បាតុករ​ដទៃ​ទៀត ដោយ​ការ​នាំ​យក​ជន​ដៃ​ដល់​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​ចំពោះ​មុខ​អ្នក​គាំទ្រ​ដែល​មាន​ទាំង​ព្រះសង្ឃ​ផង​នោះ​ថា លោក​នឹង​មិន​បណ្ដោយ​អោយ​មាន​វប្បធម៌​និទ្ទណ្ឌភាព​ត​ទៅ​ទៀត​ឡើយ។ លោក​ក៏​បាន​បំផុស​អោយ​ជន​រងគ្រោះ​ចាប់​ផ្ដើម​រៀប​ចំ​ពាក្យ​បណ្ដឹង។

«សំឡេង»

ចំណែក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​លើក​ឡើង​ថា ករណី​អំពើ​ហិង្សា​នៅ​មុខ​វត្ត​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា អាច​នឹង​ត្រូវ​លើក​ឡើង​ក្នុង​កិច្ច​ចរចា​ជា​ថ្មី​ណា​មួយ​ទៀត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

«សំឡេង»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​នៅ​ឡើយ​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

យ៉ាង​ណា ចំពោះ​វិធាន​ការ​ស្វែង​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​នៅ​ក្នុង​ហេតុការណ៍​ហិង្សា​នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ធ្លាប់​បាន​អះអាង​ថា ការ​ស៊ើប​អង្កេត​ករណី​នេះ​កំពុង​ដំណើរ​ការ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ស្វែង​រក​យុត្តិធម៌ គឺ​មិន​ប្រកាន់​គណបក្ស​នយោបាយ​ឡើយ សំខាន់​ត្រូវ​គ្រប់​ភាគី​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​អោយ​កម្ពុជា មាន​តុលាការ​ដែល​ឯករាជ្យ ទើប​យុត្តិធម៌​ពិត​ប្រាកដ​បាន​ទៅ​ដល់​ប្រជាពលរដ្ឋ។

«សំឡេង»

ព្រឹត្តិការណ៍​នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ ដែល​ជា​ការ​បង្ក្រាប​បាតុករ​នៃ​រោងចក្រ អែស.អិល ដោយ​ការ​បាញ់​គ្រាប់​ពិត​ពី​សំណាក់​សមត្ថកិច្ច នគរបាល និង​កង​រាជ​អាវុធហត្ថ បាន​ធ្វើ​អោយ​ស្ត្រី​អ្នក​លក់​បាយ​ម្នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​របួស។ មក​ដល់​ពេល​នេះ យុវជន​ពីរ​នាក់​កំពុង​ជាប់​ក្នុង​ឃុំ​ពី​បទ​ប្រើ​ហិង្សា​លើ​អាជ្ញាធរ នៅ​ពេល​ដែល​បាតុករ​ជា​ច្រើន​នាក់​បាន​ដុត​បំផ្លាញ​ឡាន និង​ម៉ូតូ​របស់​នគរបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។