ប្រពន្ធជនរងគ្រោះបានឱ្យដឹងថា ប្ដីរបស់អ្នកស្រីពិតជាបានធ្វើសកម្មភាពបំផ្លាញស្លាកសញ្ញាបក្សប្រជាជនកម្ពុជាមែន ប៉ុន្តែមិនបណ្ដាលឱ្យខូចខាតធ្ងន់ធ្ងរនោះទេ ហើយអ្នកស្រីបន្តថា ប្ដីរបស់អ្នកស្រីមានជំងឺសរសៃប្រសាទជាច្រើនឆ្នាំមកហើយ ដោយតែងតែធ្វើទុក្ខជារៀងរាល់ឆ្នាំ។ អង្គការក្រៅរដ្ឋាភិបាលបានសង្ស័យថា ករណីនេះអាចមានការពាក់ព័ន្ធរឿងនយោបាយ។
ព្រះរាជអាជ្ញាខេត្តកំពង់ចាម បានចេញដីកាចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទបានធ្វើសកម្មភាពបំផ្លាញស្លាកសញ្ញារបស់បក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៥ សីហា។ ជនសង្ស័យឈ្មោះ មាស សំអាត ដែលជាសមាជិកគណបក្សសង្គ្រោះជាតិ ត្រូវបានប៉ូលិសនាំខ្លួនមកពន្ធនាគារខេត្តកំពង់ចាម ពីបទបានបំផ្លាញស្លាកសញ្ញាបក្សប្រជាជនកម្ពុជា តាមការដាក់ពាក្យបណ្ដឹងរបស់មេភូមិថ្មក្រជុំ និងភូមិសូយ។
ចំពោះករណីនេះ ត្រូវបានប្រពន្ធជនរងគ្រោះ គឺអ្នកស្រី មាស សារ៉េម បានឱ្យដឹងថា ប្ដីអ្នកស្រីបានធ្វើសកម្មភាពបំផ្លាញទៅលើស្លាកសញ្ញាបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ សីហា មែន ប៉ុន្តែមិនបានបណ្ដាលឱ្យខូចខាតធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែទ្រេតស្លាកសញ្ញា និងកំប៉ិតបង្គោលស្លាកតែប៉ុណ្ណោះ។
អ្នកស្រីបន្តថា អ្នកដែលរស់នៅក្នុងភូមិ សុទ្ធតែបានដឹងថា ប្ដីអ្នកស្រីមានជំងឺសរសៃប្រសាទម្តងៗ ហើយជំងឺនេះតែងតែរើឡើងជារៀងរាល់ឆ្នាំ៖ «គេចោទប្ដីខ្ញុំហ្នឹងពីបទបានទៅច្រានស្លាក ច្រានអីរបស់គណបក្សប្រជាជន ប៉ុន្តែមិនខូចខាតអីទេ។ បងប្អូនទាំងអស់គ្នាគេគាំទ្រថា មនុស្សហ្នឹងកើតជំងឺសរសៃប្រសាទហ្នឹងជាយូរឆ្នាំមកហើយ»។
អ្នកស្រីក៏មានការព្រួយបារម្ភយ៉ាងខ្លាំងទៅនឹងស្ថានភាពរបស់ប្ដីគាត់ ដែលកំពុងតែស្ថិតនៅក្នុងពន្ធនាគារពេលនេះ ដោយខ្លាចជំងឺរបស់ប្ដីរបស់អ្នកស្រីធ្វើទុក្ខនៅក្នុងគុក ដោយសារប្ដីគាត់មិនអាចខ្វះការទំនុកបម្រុងថ្នាំពេទ្យបានឡើយ។ ដោយមើលឃើញពីស្ថានភាពរបស់ប្ដីខ្លួននៅក្នុងពន្ធនាគារកាន់តែធ្ងន់ធ្ងរបែបនេះ អ្នកស្រីក៏បានស្នើឱ្យអង្គការក្រៅរដ្ឋាភិបាល និងរាជរដ្ឋាភិបាលជួយស្វែងរកដំណោះស្រាយឱ្យប្ដីអ្នកស្រីផង។
ប្អូនថ្លៃរបស់ លោក មាស សំអាត គឺលោក ឃឹម ថាន បានឱ្យដឹងថា បងថ្លៃលោកគឺមានជំងឺសរសៃប្រសាទនេះជាយូរឆ្នាំមកហើយ ដោយធ្វើទុក្ខម្តងៗអាចឈានទៅដល់ការដាក់ច្រវាក់ទៀតផង៖ «សរសៃប្រសាទមួយឆ្នាំ គាត់ត្រូវតែដល់ពីរដង។ ហើយមូលហេតុដែលគាត់ដល់ហ្នឹងហើយ បងប្អូនមិនបានដឹង អាត់តែទៅច្រូតស្មៅច្រូតអីទៅ ទទួលគាត់ដល់ទៅមិនបានចាប់ដាក់ច្រវាក់។ កាលពីឆ្នាំមុនៗ ពេលគាត់ដល់ទៅបានបងប្អូនកូនក្មួយហ្នឹង ចាប់គាត់ដាក់ច្រវាក់។ ហើយដល់ពេលហ្នឹង ពេលវេលាមួយថ្ងៃសោះ បងប្អូនមិនបានដឹង គាត់មានបង្កហេតុទៅវ៉ៃស្លាកបក្សប្រជាជន ហ្នឹង វ៉ៃបង្គោល»។
ចំពោះបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយពីសំណាក់ លោក ហួត វុទ្ធី ដែលជាព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ចាម បានទេ កាលពីថ្ងៃទី៣ សីហា ដោយលោកបានលើកឡើងថា លោកមិនមានអ្វីបកស្រាយនោះទេ។
តែទោះជាយ៉ាងណាក៏ដោយ បុគ្គលិកនៅសាលាដំបូងខេត្តកំពង់ចាម ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ និងតួនាទីនោះ បានបញ្ជាក់ថា លោក មាស សំអាត ត្រូវបានចោទពីបទបានបំផ្លាញស្លាកសញ្ញាបក្សប្រជាជនកម្ពុជា។ ហើយខាងលោកក៏បានកោះហៅមេភូមិដែលបានដាក់ពាក្យបណ្ដឹងទាំងនោះ ឱ្យចូលមកធ្វើការបំភ្លឺជុំវិញការចោទប្រកាន់នេះឱ្យបានឆាប់រហ័ស ពីព្រោះលោកមើលឃើញពីសភាពរបស់ជនរងគ្រោះ គួរឱ្យអាណិតខ្លាំងណាស់ ដោយលោកបានលើកឡើងថា ជនរងគ្រោះអាចទំនងជាជនវិកលចរិតមែន៖ «ខ្ញុំគិតថាអីចឹងដែរ ប៉ុន្តែមិនដឹងម៉េចដែរខាងថ្នាក់លើ ខ្ញុំគិតថាអីចឹងដែរ ពីព្រោះគាត់កាលពីឆ្នាំមុនធ្លាប់មានបញ្ហាជាន់ស័ង្កសីគេបែកពីរសន្លឹក ត្រូវបានចាប់ឃុំខ្លួនមួយសាដែរកាលពីពីរបីឆ្នាំមុន»។
បុគ្គលិកផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សរបស់សមាគមអាដហុក (ADHOC) លោក អាន ភិន បានឱ្យដឹងថា ខាងសមាគមលោកនឹងត្រៀមរៀបចំមេធាវីសម្រាប់ការពារក្តីឱ្យជនរងគ្រោះតាមការស្នើសុំរបស់ប្រពន្ធជនរងគ្រោះ។ លោកបន្តថា ករណីនេះវាក៏អាចមានការពាក់ព័ន្ធនឹងរឿងនយោបាយ ពីព្រោះបទចោទគឺពាក់ព័ន្ធនឹងស្លាកសញ្ញារបស់បក្សនយោបាយ៖ «ក្នុងករណីនេះយើងមិនទាន់ហ៊ានសន្និដ្ឋានយ៉ាងម៉េចទេ ក៏ប៉ុន្តែយើងមើលទៅហាក់បីដូចជាមានចេតនារឿងនយោបាយច្រើនជាង ដោយសារសកម្មភាព និងការប្រព្រឹត្តរបស់ជនរងគ្រោះ វាទាក់ទងនឹងការបំផ្លាញស្លាកសញ្ញាបក្ស ដែលក្នុងការបំផ្លាញហ្នឹងវាមិនមែនស្ថិតនៅក្នុងទ្រង់ទ្រាយធំនោះទេ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
