សារអំពាវនាវនេះ ធ្វើនៅក្នុងពិធីនិមន្តព្រះសង្ឃបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជូនជនរងគ្រោះនៅព្រឹកថ្ងៃច័ន្ទ ទី៣០ កញ្ញា នាចេតិយមុខអតីតមន្ទីររដ្ឋសភា ក្បែររបងព្រះបរមរាជវាំង។
ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ គណបក្សសង្គ្រោះជាតិបានធ្វើពិធីបង្សុកូល ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកដៃនៅមុខអតីតមន្ទីររដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏បានចូលរួមក្នុងពិធីនេះដែរ។
នៅក្នុងឱកាសនោះ លោក សម រង្ស៊ី និងលោក កឹម សុខា បានទាមទារឲ្យរដ្ឋាភិបាល ឬសមត្ថកិច្ចត្រូវវែករកមុខឃាតក ឬអ្នកនៅពីក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែកលើហ្វូងបាតុករអហិង្សាដែលប្រមូលផ្តុំគ្នាទាមទារឲ្យតុលាការឯករាជ្យ និងដំឡើងប្រាក់បៀវត្សជូនកម្មករមន្ត្រីរាជការ។
លោក សម រង្ស៊ី បានរិះគន់រដ្ឋាភិបាល និងអាជ្ញាធរកម្ពុជា ដែលមិនអាចចាប់ជនបង្កហេតុយកមកផ្ដន្ទាទោស ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះនៅឡើយ។ លោកថា ពេលវេលាបានអូសបន្លាយ ១៦ឆ្នាំទៅហើយ ជនសង្ស័យមិនទាន់ចាប់ខ្លួនទេ៖ «សូមឲ្យបងប្អូនរួបរួមគ្នាដើម្បីនាំមកនូវការផ្លាស់ប្ដូរនៅឆ្នាំ២០១៣នេះ។ ផ្លាស់ប្ដូរពីវប្បធម៌ហិង្សាមកវប្បធម៌អហិង្សា។ ផ្លាស់ប្ដូរវប្បធម៌និទណ្ឌភាពមកជាវប្បធម៌ទទួលខុសត្រូវ។ តុលាការឯករាជ្យផ្ដន្ទាទោសឲ្យជនឧក្រិដ្ឋ ទោះជាជនឧក្រិដ្ឋមានអំណាច ឬក៏ជននោះមានអំណាចប៉ុណ្ណា ត្រូវតែទទួលទោសតាមច្បាប់។ ដូច្នេះអ្នកដែលមានគំនិតអាក្រក់ច្បាស់ជាញញើត ពីព្រោះទោះបីជាអ្នកឯងមានអំណាច មានលុយ កុំសង្ឃឹមថា រួចខ្លួនទៀត។ ពេលគណបក្សសង្គ្រោះជាតិ ដឹកនាំប្រទេស គឺអត់ឲ្យមានវប្បធម៌បែបហ្នឹងទៀតហើយ»។
ដូចគ្នានេះដែរ លោក កឹម សុខា ក៏បានយកពិធីបង្សុកូលរិះគន់រដ្ឋាភិបាលដែលមិនទាន់វែករកមុខជនបំផ្ទុះគ្រាប់បែកមកលើហ្វូងបាតុករនៅមុខអតីតមន្ទីររដ្ឋសភា ឆ្នាំ១៩៩៧ មកផ្ដន្ទាទោសនេះដែរ។លោកថា បក្សសង្គ្រោះជាតិ នឹងនៅបន្តទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះរហូតចាប់បានជនល្មើសយកទៅផ្ដន្ទាទោស។
លោក កឹម សុខា៖ «យើងមិនអាចបំភ្លេចបានឡើយនូវនិទណ្ឌភាពទាំងឡាយណាដែលគណបក្សកាន់អំណាច ដែលកាន់អំណាចយូរយារណាស់មកហើយនេះមិនស្វែងរកយុត្តិធម៌ជូនជនរងគ្រោះទាំងនោះ។ ដូច្នេះថ្ងៃនេះបញ្ជាក់ឲ្យឃើញថា គណបក្សសង្គ្រោះជាតិ នៅតែទាមទាររកយុត្តិធម៌ជូនអ្នកស្នេហាជាតិ ជូនពលរដ្ឋខ្មែរទាំងឡាយដែលបានបាត់បង់អាយុជីវិតទាំងអយុត្តិធម៌»។
ដោយឡែកសាច់ញាតិនិងជនរងគ្រោះដែលបានចូលរួមក្នុងពិធីបង្សុកូល ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ក៏បានទទូចឲ្យរដ្ឋាភិបាល ត្រូវបន្តស្វែងរកមុខឃាតក ឬអ្នកនៅពីក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែក ដើម្បីផ្ដល់យុត្តិធម៌ដល់ពួកគេ៖ «ឧទ្ទិសកុសលដល់កូនចៅទាំងអស់ដែលបានស្លាប់។ សូមឲ្យអ្នកនៅទីនេះ ឲ្យតស៊ូឲ្យបានជោគជ័យដើម្បីរកយុត្តិធម៌ជូនអ្នកស្លាប់នៅក្នុងឧបទ្ទវហេតុបំផ្ទុះគ្រាប់បែក។ សូមឲ្យជួយការពារជាតិមាតុភូមិ ទឹកដីរបស់យើង។ សូមឲ្យរាជរដ្ឋាភិបាលដែលមិនគ្រប់ទឹកហ្នឹង សូមជួយកម្ចាត់ចេញ»។
អ្នកស្រី ពៅ ស៊ីនួន ជាជនរងគ្រោះក្នុងឧបទ្ទវហេតុបំផ្ទុះគ្រាប់បែកមុខអតីតមន្ទីររដ្ឋសភាកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ អ្នកស្រីបានឲ្យដឹងក្នុងពិធីបង្សុកូលថា ជើងខាងឆ្វេងរបស់គាត់បានត្រូវអំបែងគ្រាប់បែកធ្ងន់ធ្ងរ និងបានសម្រាកនៅមន្ទីរពេទ្យ ៤ខែ។ អ្នកស្រីបន្តថា មកទល់ពេលនេះជើងគាត់នៅមានអំបែងគ្រាប់ជាប់ក្នុងសាច់នៅឡើយ ព្រោះខ្វះថវិកាដើម្បីវះកាត់ ឬព្យាបាលបន្ត។
អ្នកស្រីឲ្យដឹងទៀតថា ជើងពិការរបស់គាត់បានឈឺចុកចាប់ពេលមានអាកាសធាតុត្រជាក់ម្តងៗ៖ «គឺខ្ញុំអស់សង្ឃឹមចំពោះរាជរដ្ឋាភិបាលដែលរកមុខអ្នកបំផ្ទុះគ្រាប់បែកមិនឃើញយកទៅផ្ដន្ទាទោសមិនបាន ខ្ញុំសោកស្ដាយជាទីបំផុត។ រហូតមកដល់ពេលនេះ រកឃាតកអត់ឃើញ ហើយជើងរបស់ខ្ញុំ អំបែងគ្រាប់នៅជាប់នឹងជើងទៀត»។
មន្ត្រីគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា អំពើភេរវកម្មវាយប្រហារគ្រាប់បែកដៃនៅមុខអតីតមន្ទីររដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ អាចមានមនុស្សស្លាប់ច្រើនជាង ២០នាក់ និងរងរបួសជាង ២០០នាក់។
ពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ដោយគ្រាប់បែក នៅព្រឹកថ្ងៃច័ន្ទ មានព្រះសង្ឃនិមន្តចូលរួមជាង ៣០អង្គ និងប្រជាពលរដ្ឋប្រមាណ ៥០០នាក់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបំភ្លឺលើសំណុំរឿងបំផ្ទុះគ្រាប់បែកដៃនេះបានទេ តាមទូរស័ព្ទ នៅថ្ងៃច័ន្ទ ទី៣០ ខែកញ្ញា។ ប៉ុន្តែកន្លងមក លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា សំណុំរឿងអ្វីក៏ដោយ សមត្ថកិច្ចមិនដែលបិទសំណុំរឿងទុកចោលទេ គឺនៅតែបន្តស៊ើបអង្កេត និងស្រាវជ្រាវដរាបណាជនដៃដល់មិនទាន់នាំយកមកផ្តន្ទាទោសនោះ។
ករណីនេះដែរ លោក សម រង្ស៊ី ក៏ធ្លាប់បានចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយនៃហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ។ ជាងនេះ លោក សម រង្ស៊ី ក៏ធ្លាប់បានដាក់ពាក្យបណ្ដឹងឧក្រិដ្ឋកម្ម ប្រឆាំងលោក ហ៊ុន សែន ទៅកាន់តុលាការសហរដ្ឋអាមេរិក ក្នុងឱកាសលោក ហ៊ុន សែន ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី និងសហរដ្ឋអាមេរិក នាទីក្រុងញីវយ៉ក។ ប៉ុន្តែក្រោយមក លោក សម រង្ស៊ី បានប្រាប់វិទ្យុអាស៊ីសេរីថា លោកបានព្យួរពាក្យបណ្ដឹងប្រឆាំងលោក ហ៊ុន សែន ដោយសារថា លោកគ្មានភស្តុតាងគ្រាប់គ្រាន់ ហើយលោក ហ៊ុន សែន ក៏បានសន្យាឈប់បង្កបញ្ហាជាមួយលោកតទៅទៀត។
បញ្ហានេះ លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ក៏ធ្លាប់បានបដិសេធការចោទប្រកាន់របស់លោក សម រង្ស៊ី ដែលថា លោក ហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅមុខអតីតមន្ទីររដ្ឋសភា ឆ្នាំ១៩៩៧ ថាជារឿងមិនពិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។