កម្លាំង​អាជ្ញាធរ​រារាំង​មិន​ឲ្យ​អ្នកស្រី មូរ សុខហួរ ចូល​ទីលាន​ប្រជាធិបតេយ្យ​លើក​ទី​៥

បេក្ខជន​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ បាន​បរាជ័យ​ជា​លើក​ទី​៥ ក្នុង​ការ​ខិតខំ​ទម្លុះ​ទម្លាយ​ចូល​ទៅ​កាន់​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សម្ដែង​មតិ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២០ មេសា។

អ្នកស្រី មូរ សុខហួរ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ច្រើន​រយ​នាក់ ប្រដាប់​ដោយ​ខែល​និង​ដំបង រារាំង​និង​ចាប់​សែង​ចេញ​ជា​ថ្មី​ទៀត មិន​ឲ្យ​ចូល​ទីលាន​ប្រជាធិបតេយ្យ ជា​ទីតាំង​មួយ​គត់​ដែល​រដ្ឋាភិបាល​សាងសង់​ឡើង​ដើម្បី​ទុក​សម្រាប់​ឲ្យ​ពលរដ្ឋ​សម្ដែង​មតិ ឬ​ជួបជុំ​ធ្វើ​កូដកម្ម​និង​បាតុកម្ម។

តាម​គម្រោង អ្នកស្រី មូរ សុខហួរ និង​ក្រុម​យុវជន​ជិត ៥០​នាក់ ជា​អ្នក​គាំទ្រ ចង់​ទៅ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ គាំទ្រ​កម្មករ​ឲ្យ​បន្ត​ទាមទារ​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។ តែ​គម្រោង​នោះ​ត្រូវ​បរាជ័យ ដោយ​កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដាក់​របាំង​បិទ​ច្រក​ចេញ​ចូល​ទីលាន​នោះ និង​បាន​រុញ​អ្នកស្រី​ចេញ។

អ្នកស្រី មូរ សុខហួរ៖ «គេ​នៅ​តែ​ថា ខ្ញុំ​ធ្វើ​ខុស​ច្បាប់ ខ្ញុំ​ថា បើ​ខ្ញុំ​ធ្វើ​ខុស​ច្បាប់​ចាប់​ខ្ញុំ​ទៅ។ ខ្ញុំ​បាន​លើក​ដៃ​ទាំង​ពីរ​ហើយ ដៃ​របស់​ខ្ញុំ​គឺ​កាន់​ដង​ទង​ផ្កា​ឈូក​ស រហូត​ដល់​បំបាក់​ដង​ទង​ផ្កា​ឈូក​ពី​ដៃ​របស់​ខ្ញុំ។ ខ្ញុំ​ថា​អ៊ីចឹង​ចាប់​ខ្ញុំ​ទៅ បើ​សិន​ជា​នៅ​តែ​និយាយ​ដដែល ខ្ញុំ​រំលោភ​ច្បាប់ យក​ច្បាប់​ណា​អាន​ឲ្យ​ខ្ញុំ​ស្ដាប់​មើល ខ្ញុំ​រំលោភ​ច្បាប់​ណា? ហើយ​ខ្ញុំ​នៅ​តែ​រំលោភ​ទៀត​ចាប់​ខ្ញុំ​ទៅ»

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ជូន​ដំណឹង​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ហាម​យក​ទីលាន​ប្រជាធិបតេយ្យ​ជា​ទី​ប្រជុំ​គ្នា ព្រោះ​អាជ្ញាធរ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត ដែល​នាំ​ឲ្យ​កើត​មាន​អំពើ​ហិង្សា និង​ការ​ខាត​បង់​នានា​ក្នុង​ព្រឹត្តិការណ៍​កន្លង​មក​មិន​ទាន់​បាន​បញ្ចប់​ជា​ស្ថាពរ និង​ដើម្បី​បញ្ចៀស​នូវ​ភាព​ចលាចល​ដែល​អាច​កើត​មាន​ពី​ជន​ឆ្លៀត​ឱកាស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។