សមាជិកសភាគណបក្សសង្គ្រោះជាតិ លោក ឡុង រី ដែលចូលសួរសកម្មជនរបស់ខ្លួននៅពន្ធនាគារព្រៃសថា មានអ្នកទោសវៀតណាម មួយក្រុមវាយធ្វើបាបអ្នកទោសមនសិការហូតដល់សន្លប់ពីរដងទម្រាំទទួលបានការអន្តរាគមន៍។
ជាករណីថ្មីមួយទៀតដែលក្រុមអ្នកទោសនយោបាយ ឬអ្នកទោសមនសិការជួបបញ្ហានៅក្នុងពន្ធនាគារ។ ហេតុការណ៍នេះបានកើតឡើងនៅបន្ទប់លេខ១៧ ក្នុងតំបន់អាគារប៊ី (B) នៅមណ្ឌលកែប្រែ ម.១ ឬគុកព្រៃស កាលពីថ្ងៃទី៨ ខែសីហា។
សមាជិកសភាគណបក្សសង្គ្រោះជាតិ លោក ឡុង រី ថា លោកទទួលព័ត៌មាននេះ ពីអ្នកទោសមនសិការ បន្ទាប់ពីលោកបានសួរសុខទុក្ខសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ១៥នាក់ នៅគុកព្រៃស នៅព្រឹកថ្ងៃ១២ ខែសីហា។
លោក ឡុង រី ចោទប្រកាន់ករណីហិង្សានេះថាជាការធ្វើទារុណកម្មក្រៅប្រព័ន្ធ។ ក្រោយទទួលបានព័ត៌មាននេះ លោកនឹងជួបប្រជុំជាមួយប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ដើម្បីធ្វើលិខិតតាមរយៈរដ្ឋសភាទៅស្ថាប័នពាក់ព័ន្ធពិនិត្យលើរឿងនេះ៖ «អត់មានអ្នកណាជួយអន្តរាគមន៍ទេ គ្នាគេច្រើនហើយសន្លប់មួយដង ពេលយកចេញមកក្រៅគេទាត់មួយជើង សន្លប់ម្ដងទៀត អ៊ីចឹងសន្លប់ពីរដងទម្រាំអន្តរាគមន៍បាន»។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យពន្ធនាគារ ឬអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីឆ្លើយតបការចោទប្រកាន់នេះបាននៅឡើយទេ នៅថ្ងៃទី១២ ខែសីហា។ ដោយឡែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន យល់ថា ជាសិទ្ធិរបស់សមាជិកសភាដែលដាក់លិខិតតាមរយៈរដ្ឋសភាចង់ដឹងពីការអនុវត្តរបស់រដ្ឋាភិបាល៖ «គាត់ (សមាជិកសភាបក្សសង្គ្រោះជាតិ) មានសិទ្ធិដាក់លិខិតទៅដើម្បីឲ្យក្រសួងមហាផ្ទៃ ពន្យល់បកស្រាយ នេះជាសិទ្ធិរបស់គាត់ហើយ»។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា មន្ត្រីអគ្គានុរក្សនៃពន្ធនាគារត្រូវរឹតបន្តឹង និងដាក់ពិន័យ ឬកសាងសំណុំរឿងនេះទៅតុលាការដើម្បីផ្ដន្ទាទោសបន្ថែមទៀតទៅលើជនប្រព្រឹត្ត ក្នុងករណីរឿងនេះជារឿងពិត។ មន្ត្រីសង្គមស៊ីវិលដដែលថា ការដែលបន្ទប់ពន្ធនាគារតូចចង្អៀត ផ្ទុកអ្នកទោសច្រើនលើសលប់ដូចនេះ ក៏ជាដើមហេតុធ្វើឲ្យអំពើហិង្សាដែរ៖ «ការដែលឈ្លោះគ្នា វាយដំគ្នាតែងតែមាននៅក្នុងពន្ធនាគារ ប៉ុន្តែអ្វីសំខាន់នោះ ខ្ញុំគិតថា ត្រូវតែកសាងសំណុំរឿងនោះទៅតុលាការកុំឲ្យមានការចោទប្រកាន់ថា នៅក្នុងពន្ធនាគារមានការធ្វើទារុណកម្ម»។
សមាជិកសភាគណបក្សសង្គ្រោះជាតិ លោក ឡុង រី ថា ស្ថានភាពអ្នកទោសនយោបាយដែលកំពុងជាប់ឃុំត្រូវឆ្មាំរឹតបន្តឹងមិនអនុញ្ញាតឲ្យជួបគ្នាដែលផ្ទុយស្រឡះពីអ្នកដែលវាយតំណាងរាស្ត្រ និងអ្នកទោសបរទេសមានសេរីភាពនៅក្នុងពន្ធនាគារ និងរយៈពេលជួបសាច់ញាតិច្រើនជាងអ្នកទោសនយោបាយ។
លោកថា លោកនឹងស្នើក្រសួងមហាផ្ទៃ ឬពន្ធនាគារឃុំអ្នកទោសឲ្យដាច់ដោយឡែកពីគ្នារវាងអ្នកទោសនយោបាយ ឬអ្នកទោសមនសិការ និងទោសដែលប្រព្រឹត្តបទល្មើសឆក់ប្លន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។