អនុប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់ជំហរថាជាថ្មីទៀតថា ដរាបណាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែមិនអាចកែទម្រង់ឲ្យក្លាយជាស្ថាប័នឯករាជ្យបានទេ គឺគណបក្សប្រឆាំងមិនចូលរួមប្រជុំសភាឡើយ។ ចំណែកគោលការណ៍ក្រៅពីនេះ ដូចជាទាមទារឲ្យប្រព័ន្ធផ្សព្វផ្សាយជាដើមនោះ លោកចាត់ទុកថា គ្រាន់តែជាចំណុចរួមផ្សំប៉ុណ្ណោះ។ រីឯពីខាងរដ្ឋាភិបាលវិញយល់ឃើញថា លក្ខខណ្ឌដែលគណបក្សប្រឆាំងដាក់ដើម្បីចរចានេះ វាមានចេតនាធ្វើឲ្យរាំងស្ទះច្រើនជាងដំណោះស្រាយ។
ថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅក្រោយប្រជុំសម្ងាត់ជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងម្ដងទៀតថា ខ្លួនមិនត្រូវការអ្វីច្រើនឡើយសម្រាប់ដោះស្រាយការជាប់គាំងផ្នែកនយោបាយនៅពេលនេះ ក្រៅពីធ្វើយ៉ាងណាជំរុញឲ្យអង្គភាពរៀបចំការបោះឆ្នោតក្លាយជាស្ថាប័នឯករាជ្យដ៏ពិតប្រាកដជាមុនសិន ចំណែកកិច្ចការដែលសេសសល់គឺគ្រាន់តែជាល្បោយនយោបាយប៉ុណ្ណោះ។
លោក កឹម សុខា ឲ្យដឹងនៅថ្ងៃទី២០ មិថុនា ថា លក្ខណដែលគណបក្សសង្គ្រោះជាតិទាមទារក្នុងពេលកន្លងទៅនេះ ដូចជាស្នើឲ្យមានស្ថានីយទូរទស្សន៍ឯករាជ្យ និងលក្ខខណ្ឌមួយចំនួនទៀត គឺជាផ្នែកមួយដែលជាចំណែកតូចតាចប៉ុណ្ណោះ។ ក៏ប៉ុន្តែលោក កឹម សុខា បញ្ជាក់ជំហរជាថ្មីទៀត ខណៈលោកជួបសន្ទនាជាមួយលោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ប្រើពេលជិត ២ម៉ោង នៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហើយថា មូលហេតុដែលគណបក្សសង្គ្រោះជាតិមិនព្រមចូលសភានៅពេលនេះ គឺដោយសារតែចំណុចសំខាន់ទីមួយដែលគណបក្សនយោបាយទាំងពីរស្ទើរតែដើរដល់ផ្លូវបំបែករៀងៗខ្លួនហើយនោះ គឺគណបក្សកាន់អំណាចទាមទាររើសសមាជិក គ.ជ.ប លើប្រព័ន្ធបោះឆ្នោត ៥០ភាគរយបូកមួយ។ ចំណែកគណបក្សសង្គ្រោះជាតិវិញ ទាមទារលើប្រព័ន្ធនេះឲ្យក្លាយជាប្រព័ន្ធពីរភាគបី។
ជំហរដែលលោក កឹម សុខា បញ្ជាក់ជាថ្មីម្ដងទៀត នៅចំពោះមុខ លោក ស៊ូប៊ែឌី នៅពេលនេះ លោកចាត់ទុកថា កាលណាស្ថាប័នបោះឆ្នោតមិនឯករាជ្យហើយ អ្វីៗផ្សេងទៀតគ្មានបានការអ្វីទាំងអស់។ ហេតុនេះ ការចូលសភា និងសំឡេងបក្សប្រឆាំងនៅក្នុងសភានោះទៀតសោតឥតន័យឡើយ។
លោក កឹម សុខា ឲ្យដឹងទៀតថា សំឡេងបក្សប្រឆាំងនឹងពុំមានឥទ្ធិពលនៅត្រង់ថា កន្លងទៅគណបក្សប្រឆាំងធ្លាប់បានស្នើឲ្យសភាធ្វើវិសោធនកម្មច្បាប់ម្ដងជាពីរដង ប៉ុន្តែសភាមិនដែលខ្វល់អ្វីទាំងអស់ សូម្បីក្បៀសមួយក៏មិនដែលយកចិត្តទុកដាក់ផងនោះ៖ «ទាល់តែអាទិភាពទីមួយ គឺកែទម្រង់ស្ថាប័នបោះឆ្នោតសិន។ កាលណាស្ថាប័នបោះឆ្នោតនេះឯករាជ្យហើយ ពេលហ្នឹងអ្នកណាឈ្នះអ្នកណាចាញ់ វាច្បាស់លាស់ជាង។ ឧបមាថា គណបក្សមួយដឹកនាំប្រទេស កាលណាគណបក្សប្រឆាំងសុំកែនេះ កែនោះ ហើយគាត់មិនព្រមកែ គាត់នឹងបាត់ប្រជាប្រិយ ហើយគាត់នឹងចាញ់ឆ្នោត។ ប៉ុន្តែឥឡូវគណបក្សប្រជាជន ឥតភ័យខ្លាចបាត់ប្រជាប្រិយភាពទ គាត់ធ្វើអ្វីក៏គាត់ធ្វើដែរ ពីព្រោះគាត់គ្រប់គ្រងតែ គ.ជ.ប ឲ្យតែបានទៅ ពេលគ្រប់គ្រង គ.ជ.ប បាន ទោះគាត់ចាញ់ក៏គាត់ប្រកាសឈ្នះដែរ»។
ត្រង់ចំណុចនេះលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមចរចាមកពីខាងរដ្ឋាភិបាលចាត់ទុកថា ការចរចាកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ពុំដែលដាក់លក្ខខណ្ឌណាមួយទេ ក្នុងការដោះស្រាយការជាប់គាំងនៅពេលនេះ។ ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិឯណោះទេ ដែលដាក់លក្ខខណ្ឌក្នុងការចរចានោះ ហើយលក្ខខណ្ឌនេះទៀតសោត មិនមែនដាក់មកដើម្បីដោះឡើយ គឺដាក់មួយបន្ថែមបន្ទុកពីរទៅវិញ។ ដូច្នេះវាជាហេតុផលដែលនាំឲ្យការស្វែងរកដំណោះស្រាយបន្តជាប់គាំងមិនចេះមិនចេះហើយរហូតមកដល់ពេលនេះ។
លោក ព្រុំ សុខា៖ «ទីមួយឲ្យគាត់និយាយថា ឲ្យតែគណបក្សប្រជាជនធ្វើសម្បទានអីឲ្យគាត់ចូលសភា និយាយតែមិនស្រួលគាត់មិនទាន់បានអីទៀត គាត់ថែមបញ្ហាទៀត ហើយយើងព្រមទៀត គាត់ថាយើងបោកគាត់។ អ៊ីចឹងមានន័យថា គាត់ចូលសភាហ្នឹងចូលតែចាញ់បោកគេឬម៉េច? ខ្ញុំចេះតែឆ្ងល់ដែរពាក្យហ្នឹងទីមួយ។ ទីពីរគាត់ជាទូទៅគឺថា ឲ្យគណបក្សប្រជាជន ទៅកាន់តែប្រថាប់ត្រា ពាក្យប្រថាប់ត្រា ឬជិះសេះលែងដៃ។ឥតអ៊ីចឹងទេ បទបញ្ជាផ្ទៃក្នុង ទោះបីថាមិនចែងអំពីស្អី គណបក្សប្រឆាំង ប៉ុន្តែបទបញ្ជាផ្ទៃក្នុងរាល់ថ្ងៃ មើលចុះគាត់មានសិទ្ធិគ្រប់គ្រាន់ គាត់មានសមត្ថកិច្ចគ្រប់គ្រាន់ក្នុងការបំពេញតួនាទី»។
ចំណែកលោក កែម ឡី អ្នកស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគផងនោះ មើលឃើញថា គណបក្សនយោបាយទាំងពីរនៅតែមិនទាន់តម្កល់ផលប្រយោជន៍ជាតិជាចម្បងទេ។ លោកប្រៀបធៀបថា គណបក្សប្រជាជនកម្ពុជា ហាក់ដូចជាមនុស្សដែលកំណាញ់ម្នាក់ ហើយព្យាយាមធ្វើអ្វីៗ ដើម្បីឲ្យស្ថិតនៅក្រោមដណ្ដប់ដៃរបស់ខ្លួនប៉ុណ្ណោះ។ ចំណែកបក្សប្រឆាំងវិញ មិនខុសពីមនុស្សដែលលោភលន់នោះដែរ ដោយហេតុថា ក្នុងការចរចាគណបក្សសង្គ្រោះជាតិ តែងដាក់លក្ខខណ្ឌជាបន្តបន្ទាប់។
លោកចាត់ទុកថា ប្រសិនបើការចរចានេះ ភាគីទាំងពីរយកគោលការណ៍រួម ដោយផ្អែកលើផលប្រយោជន៍ជាតិជាធំនោះ អ្វីៗនឹងពុំមានឧបសគ្គឡើយ៖ «ការផ្ដោតទៅលើតែមនុស្សហ្នឹង គឺមិនប្រសិទ្ធភាពទេ។ យើងត្រូវផ្ដោតទាំងពីរទៅលើមនុស្ស សមត្ថភាពមនុស្សហើយនិងយន្តការ។ ឧទាហរណ៍ថា ធ្វើម៉េចឲ្យអ្នកដែលមានអាយុគ្រប់បោះឆ្នោតចុះឈ្មោះឲ្យបានលើសពី ៩៥ភាគរយ។ ធ្វើម៉េចឲ្យអ្នកចុះឈ្មោះបានហ្នឹង ឲ្យមានឈ្មោះបោះឆ្នោតក្នុងបញ្ជីមានកំហុសតិចជាង ១ភាគរយ។ ពេលរាប់សន្លឹកឆ្នោត ត្រូវរាប់ដោយចំហ។ ពេលប្រកាសលទ្ធផលឆ្នោតត្រូវមានគណបក្សចូលរួម សមាជិកអង្គការចូលរួមឲ្យមានតម្លាភាព។ ហ្នឹងសុទ្ធតែយន្តការសំខាន់ៗ ដែលធ្វើឲ្យតម្លាភាពហើយ»។
បើទោះជាគណបក្សនយោបាយទាំងពីរ សុទ្ធតែបានអះអាងហើយថា ភាគីទាំងពីរនៅតែមានឆន្ទៈ ចង់ឲ្យបានដំណោះស្រាយនយោបាយក៏ដោយចុះ តែថាស្ថានភាពនៅពេលនេះ គឺនៅតែបន្តមានភាពមិនចុះសម្រុងគ្នាដូចដើមនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
