បក្ស​ប្រឆាំង​ខ្លាច​គ្រោះ​អាក្រក់​កើត​ឡើង​ចំពោះ​ខ្លួន​ជា​ថ្មី​បើ​ចូល​ប្រជុំ​សភា

ដោយ យាង សុជាមេត្តា
2016-10-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សន្និសីទ​កាសែត​របស់​គណបក្ស​សង្គ្រោះជាតិ នា​ទីស្នាក់ការ​កណ្ដាល​បក្ស សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
សន្និសីទ​កាសែត​របស់​គណបក្ស​សង្គ្រោះជាតិ នា​ទីស្នាក់ការ​កណ្ដាល​បក្ស សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ចូល​រួម​កិច្ច​ប្រជុំ​សភា នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ទេ ដោយ​អះអាង​ថា មាន​ការ​គំរាមកំហែង​ដល់​សុវត្ថិភាព​លើ​តំណាងរាស្ត្រ​បក្ស​នេះ។ ការ​សម្រេច​ចិត្ត​នេះ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​កូន​ប្រុស​ច្បង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត នៅ​ទី​នោះ។

​ដោយ​ខ្លាច​ក្រែង​ថា​គ្រោះអាក្រក់​អាច​កើត​មាន​ឡើង​ចំពោះ​ខ្លួន​ជា​ថ្មី​ទៀត ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​មិន​ចូល​ប្រជុំ​សភា​តាម​ការ​គ្រោង​ទុក​នោះ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​តុលា ថា បរិយាកាស​នយោបាយ​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ហាក់​បង្ក​ភាព​វិជ្ជមាន​សម្រាប់​បក្ស​ប្រឆាំង​ចូលរួម​ប្រជុំ​សភា ប៉ុន្តែ​លោក​ថា តាម​ព័ត៌មាន​ចុង​ក្រោយ​ដែល​បក្ស​ប្រឆាំង​ទទួល​ពី​ប្រភព​ដែល​អាច​ជឿជាក់​បាន បញ្ជាក់​ថា មាន​ការ​គំរាមកំហែង​ដល់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ៖ «តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​អស់​សម្រេច​ចិត្ត​ថា មិន​ចូល​រួម​ប្រជុំ​នៅ​ថ្ងៃ​នេះ​ទេ ចំណែក​ការ​ប្រជុំ​ក្រោយៗ​ទៀត​យើង​នឹង​រង់ចាំ​មើល​ស្ថានការណ៍​បន្ត​ទៀត បើ​កិច្ចប្រជុំ​នោះ​មាន​សារសំខាន់​យើង​នឹង​ចូលរួម ម្យ៉ាង​ទៀត​យើង​ពិនិត្យ​មើល​បរិយាកាស​នយោបាយ​ផង​ដែរ បើសិនជា​បរិយាកាស​នយោបាយ​អំណោយផល តែ​បើ​មិន​អំណោយ​ផល​ទេ។ យើង​រក្សា​សិទ្ធិ​ក្នុង​ការ​ចូលរួម ឬ​មិន​ចូលរួម​ក្នុង​ការប្រជុំ​នៅ​ពេល​ខាង​មុខ​នេះ»

ការ​ផ្លាស់ប្ដូរ​ចិត្ត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូល​ប្រជុំ​សភា ស្រប​ពេល​ដែល​មាន​បាតុកម្ម​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​កូន​ប្រុស​ច្បង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​នេះ។ ពួកគេ​ក៏​ប្រឆាំង​ទៅ​នឹង​គម្រោង​ជួបជុំ​គ្នា​ជប់​លៀង​របស់​លោក ហ៊ុន ម៉ាណែត ជាមួយ​អ្នក​គាំទ្រ​នៅ​ទី​នោះ ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ត្រៀម​រៀបចំ​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ​សព​បណ្ឌិត កែម ឡី។ ពួកគេ​ចាត់​ទុក​គម្រោង​ការ​ជប់លៀង​រាំរែក​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ខណៈ​នេះ ថា​ជា​ទង្វើ​អសីលធម៌ និង​មាន​លក្ខណៈ​ផ្គើន​ទៅ​ដល់​អ្នក​កាន់ទុក្ខ​សព​បណ្ឌិត កែម ឡី។

​បើ​ទោះ​ជា​លោក យឹម សុវណ្ណ មិន​បាន​បញ្ជាក់​ថា អ្នក​ណា​ជា​អ្នក​គំរាម​ដល់​សុវត្ថិភាព​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ក្តី លោក​ជឿជាក់​ថា មាន​ការ​ផ្សារភ្ជាប់​រវាង​បក្ស​ប្រឆាំង​ទៅ​នឹង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ទៅ​នឹង​លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ លោក យឹម សុវណ្ណ អះអាង​ថា បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត នៅ​ប្រទេស​អូស្ត្រាលី គឺ​មិន​ពាក់ព័ន្ធ ឬ​ជា​ការ​រៀបចំ​របស់​បក្ស​ប្រឆាំង​ឡើយ។

បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត នៅ​អូស្ត្រាលី ២០១៦ ៨៥៥
ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​កូន​ប្រុស​ច្បង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត នៅ​ខាង​មុខ​ភោជនីយដ្ឋាន​អាណាបេឡា (Anabella) ជាយ​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chun Chanboth RFA/Chun Chanboth

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​មិន​ចូល​ប្រជុំ​សភា​របស់​បក្ស​ប្រឆាំង​ដោយ​លើក​ហេតុផល​សន្តិសុខ​សុវត្ថិភាព​គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា លោក សុខ ឥសាន ថា​ការ​ចូល ឬ​មិន​ចូល​ប្រជុំ​សភា គឺ​ជា​រឿង​របស់​បក្ស​ប្រឆាំង៖ «ខ្ញុំ​យល់​ថា ការ​មិន​ចូល​សភា​របស់​បក្ស​ប្រឆាំង​គឺ​ជា​វប្បធម៌​របស់​គាត់​ហើយ គាត់​ចង់​បង្កើត​ព្យុះ ភ្លៀង ផ្គរ នៅ​ក្នុង​សភា ហើយ​ចង់​យក​សភា​ធ្វើ​ចំណាប់​ខ្មាំង។ ខ្ញុំ​យល់​ថា ទៅ​អត់​រួច​ទេ នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់​ប្រឆាំង​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា ដែល​បាន​ប្រជុំ​២​ដង​ក្នុង​សប្ដាហ៍​មុន​នេះ ហើយ​ក្នុង​នោះ​មាន​គ្នា​គាត់ ៥​នាក់​ចូល​រួម​ដែរ ទី​២ គាត់​ប្រឆាំង​នឹង​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា»

​កម្ដៅ​នយោបាយ​នៅ​កម្ពុជា ហាក់​បាន​ថយ​ចុះ​បន្តិច​កាល​ពី​មុន​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ពេល​បក្ស​ធំៗ​ទាំង​២ ផ្អាក​ការ​វាយ​ប្រហារ​ពាក្យ​សម្ដី​ធ្ងន់ៗ​ដាក់​គ្នា និង​ក្រោយ​ពី​បក្ស​ប្រឆាំង​បាន​សម្រេច​ចិត្ត​ចូល​បំពេញ​ការងារ​​នៅ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​វិញ ក្រោយ​មាន​សញ្ញា​វិជ្ជមាន​ខ្លះៗ​ពី​លោក ហ៊ុន សែន។ ការ​បន្ថយ​នូវ​កម្ដៅ​នយោបាយ​នេះ រហូត​ឈាន​ដល់​ឲ្យ​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​លោក កឹម សុខា ចេញ​ពី​ទីស្នាក់ការ​ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ហើយ​រហូត​ដល់​មាន​ព័ត៌មាន​ថា លោក កឹម សុខា អាច​ទៅ​ចូលរួម​កិច្ច​ប្រជុំ​សភា​ពេញអង្គ​នៅ​ថ្ងៃ​ទី​​៧ ខែ​តុលា ទៀត​ផង។

​ការ​សម្រេចចិត្ត​មិន​ចូល​ប្រជុំ​សភា​របស់​បក្ស​ប្រឆាំង ក៏​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​ថា បើ​បក្ស​ប្រឆាំង​ចូល​សភា​ក៏​ប៉ុណ្ណឹង មិន​ចូល​សភា​ក៏​ប៉ុណ្ណឹង។ ប៉ុន្តែ​លោក ហ៊ុន សែន សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) ថ្ងៃ​ទី​៧ ខែ​តុលា ថា សភា​គឺ​ជា​ទី​ជួបជុំ​រវាង​មន្ត្រី​នៃ​បក្ស​ដែល​មាន​អាសនៈ​នៅ​សភា ហើយ​ជា​ការ​ល្អ​បំផុត​ដែល​ត្រូវ​អង្គុយ​រួម​គ្នា​ដោះស្រាយ​បញ្ហា និង​ធ្វើ​កិច្ចការ​បម្រើ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ។

អ្នក​វិភាគ​បណ្ឌិត មាស នី បញ្ចេញ​ទស្សនៈ​ថា បើ​ព័ត៌មាន​បក្ស​ប្រឆាំង​ទទួល​បាន​ជា​ព័ត៌មាន​ច្បាស់​ការ ការ​មិន​ចូល​ប្រជុំ​សភា​របស់​បក្ស​ប្រឆាំង​ពេល​នេះ គឺ​ជា​ការ​សម្រេច​ចិត្ត​សម​ហេតុ​ផល ព្រោះ​ថា បក្ស​ប្រឆាំង​ធ្លាប់​មាន​ពិសោធន៍​ម្ដង​រួច​មក​ហើយ។ ទោះ​ជា​យ៉ាង​ណា​លោក​ថា បើ​មាន​ករណី​វាយ​ដំ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ជា​ថ្មី​ទៀត​មែន​នោះ អ្នក​ដែល​ខាត​គឺ​បក្ស​កាន់​អំណាច៖ «កាល​ណា​បន្ត​បញ្ហា​បែប​នេះ​ទៀត វា​គ្រាន់តែ​ធ្វើ​ឲ្យ​ស្ថាប័ន​រដ្ឋ​ត្រូវ​រង​ការ​មើល​ងាយ​មើល​ថោក​ពី​មហាជន​ទូទៅ ដោយសារ​ថា គេ​អាច​វាយ​សភា​ពេល​ណា​ក៏​បាន បើសិនជា​រដ្ឋាភិបាល​នៅ​តែ​បណ្ដោយ​ឲ្យ​អំពើ​បែប​ហ្នឹង​កើត​ឡើង​ទៀត។ ខ្ញុំ​គិត​ថា ប្រទេស​ខ្មែរ​មិន​បាច់​មាន​រដ្ឋធម្មនុញ្ញ​ទេ ហែក​រដ្ឋធម្មនុញ្ញ​ចោល ហើយ​រស់​នៅ​ជា​របៀប​ព្រៃ​វា​សម​ជាង»

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥ តំណាងរាស្ត្រ​បក្ស​ប្រឆាំង ២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវ​បាន​បាតុករ​គាំទ្រ​បក្ស​កាន់​អំណាច​អូស​ចេញ​ពី​រថយន្ត វាយ​ដំ​ច្រំ​ធាក់​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ក្នុង​ពេល​កំពុង​ចាក​ចេញ​ពី​រដ្ឋសភា ក្នុង​ថ្ងៃ​មាន​បាតុកម្ម​របស់​អ្នក​គាំទ្រ​របស់​បក្ស​កាន់​អំណាច​ទាមទារ​ឲ្យ​រដ្ឋសភា​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១ រដ្ឋសភា។ ហេតុការណ៍​នោះ​កើត​ឡើង​ក្រោយ​ពី​មាន​ការ​គំរាម​របស់​លោក ហ៊ុន សែន ពី​ប្រទេស​បារាំង មក​ថា បើ​មាន​បាតុកម្ម​ប្រឆាំង​លោក​ដោយ​បក្ស​ប្រឆាំង​នៅ​ប្រទេស​បារាំង ក៏​នឹង​មាន​បាតុកម្ម​ប្រឆាំង​បក្ស​ប្រឆាំង​នៅ​កម្ពុជា ដែរ។ ប៉ុន្តែ​បក្ស​ប្រឆាំង​បាន​បដិសេធ​ថា មិន​បាន​ចូលរួម​រៀបចំ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​ពេល​នោះ​ទេ។

បណ្ឌិត មាស នី យល់​ឃើញ​ថា អ្នក​នយោបាយ​ខ្មែរ​គួរ​ឈប់​លាប​ពណ៌​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ។ លោក​ថា បើ​អ្នក​នយោបាយ​នៅ​តែ​បន្ត​លាប​ពណ៌​ដាក់​គ្នា​នោះ ការ​ឈ្លោះ​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​គឺ​គ្មាន​ទី​បញ្ចប់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី ស្រុកបារាំង-ប៊កដូ

បាក់ស្បាតហើយ បានចេះខ្លាចពីសុវត្តិភាពផ្ទាល់ខ្លួន ពីមុនបើចេះគិតដល់ប្រយៅជន៍ជាតិនិងគោរពតាមឆន្ទៈមហា
ជនក៏មិនតោកយ៉ាកដូចបច្ចុប្បន្ននេះដែរ។ ពលរដ្ឋទាំងប្រទេសខំនាំគ្នាផ្ញើសង្ឃឹមលើ តែបែរជាក្បត់ទៅវិញដោយ ចាត់ទុកអ្នកគាំទ្រជាស្លឹកចេក សម្រាប់វិចខ្ចប់អំណាចអនាគតរបស់បក្សពួក រួចបោះចោល។
* លើកនេះ បើដឹងខុសហើយ កុំនាំគ្នាធ្វើដូចមុនៗទៀត។ ពលរដ្ឋខ្មែរស្នេហាតិ មិនជាមនុស្សចោលម្សៀត
បណ្ដោយឱ្យយើងបង្វិលលេង ដូចមេអាប៉ោងតទៅទៀតបានយូរឡើយ...តើគ្រោងការណ៍យួន ឈានចូលដល់កម្រិត
ណាហើយ ឈ្មោះថាតំណាងឱ្យរាស្រ្ត ត្រូវមើលប្រយោជន៍ជាតិជាចម្បង ឬយ៉ាងណា?

Oct 08, 2016 04:28 AM

chea mukai

ពី phnom penh

PLEASE STAND UP WITH CNRP FOR RESCUE OUR COUNTRY FROM HUN SEN REGIME OR VIETNAMESE REGIME.

Oct 07, 2016 06:30 AM

អ្នក​អាន​អនាមិក

កន្ទុយខ្វៀន ចុងក្រោយនៅតែខ្វៀនដដែល។

Oct 07, 2016 06:25 AM

រស្មីបណ្ណាល័យ ច័ន្ទឆាយា

ពី New York, NY

ខ្ញុំគឹតថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តែចាស់ហើយ និយាយលេងដឹងខុសត្រូវហើយ បើប្រជុំសភាលុះត្រាណាមានបក្ស មានឈ្មោះ ជាតំណាងរាស្រ្ត មិនថា បក្សកាន់អំណាច ឬក៏បក្សប្រឆាំង តែបើយើងប្រជុំមានតែបក្សម្ខាង គឺមិនអាចយកជាការឡើយ ពីព្រោះសម្លេងរបាស់បក្សប្រឆាំង មិនចាញ់ បក្សកាន់អំណាចប៉ុន្មានឡើយ បើលោក លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ស្ថានភាព​នយោបាយ​នៅ​ដដែល គឺកាន់តែខុស ទៅទៀត ពីព្រោះសម្លេងឆ្នោតរបស់បក្សប្រឆាំងមិនមែន ២ ឬ ក៏៣ កៅអីឯណា ដូច្នេះលោកហ៊ុន សែន ល្មមទុកឲ្យគេធ្វើម្តងហើយ ៣០ឆ្នាំនេះ ដូចជាមើលខ្លួនឯងខ្ពស់ពេកហើយ​ ១៤លានអ្នក រកអ្នកជំនួស ធ្វើការមិនបាន

Oct 07, 2016 04:28 AM

អ្នក​អាន​អនាមិក

ដាក់សំលេងអានព័ត៌មានផង

Oct 06, 2016 11:37 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល