លិខិតគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២៧ សីហា ឆ្នាំ២០១៣ បានបញ្ជាក់ពីការការពារសិទ្ធិពលរដ្ឋកម្ពុជា ក្នុងការចូលរួមជាមួយរដ្ឋាភិបាលរបស់ពួកគេតាមរយៈការបោះឆ្នោតដោយត្រឹមត្រូវមួយ។ លិខិតបរិយាយថា គណបក្សសង្គ្រោះជាតិ គាំទ្រចំពោះសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលថា លទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍ និងការគោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋ ត្រូវពឹងផ្អែកគ្នាទៅវិញទៅមក ហើយថា លទ្ធិប្រជាធិបតេយ្យទាមទារឲ្យមានការអភិវឌ្ឍ ការធ្វើឲ្យមានភាពចាស់ទុំ និងការរក្សានូវប្រព័ន្ធបោះឆ្នោតដែលផ្ដល់ឲ្យប្រជាពលរដ្ឋបញ្ចេញមតិដោយសេរី និងយុត្តិធម៌ទៅតាមឆន្ទៈរបស់ពួកគេ។
លិខិតបន្តថា គណបក្សសង្គ្រោះជាតិ នឹងធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីធានាឲ្យបានថា លទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី២៨ កក្កដា ២០១៣ និងការបោះឆ្នោតផ្សេងទៀតនៅថ្ងៃអនាគត នឹងឆ្លើយតបទៅនឹងឆន្ទៈរបស់ពលរដ្ឋ។ គណបក្សសង្គ្រោះជាតិគាំទ្រសិទ្ធិពលរដ្ឋក្នុងការប្រមូលផ្តុំ និងការបង្កើតសមាគមដែលស្របទៅនឹងគោលការណ៍ដែលបានលើកឡើងដោយប្រេសិតពិសេសអង្គការសហប្រជាជាតិ ស្ដីពីសេរីភាពក្នុងការប្រមូលផ្ដុំនិងការបង្កើតសមាគម។ លិខិតក៏បានលើកឡើងនូវជំហររបស់គណបក្សសង្គ្រោះជាតិ ប្រឆាំងទៅនឹងការប្រើប្រាស់អំពើហិង្សា ប្រឆាំងការប្រកាន់ជាតិសាសន៍ ប្រឆាំងការស្អប់ខ្ពើមជនបរទេស និងការរើសអើងជាដើម។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានមានប្រសាសន៍នៅថ្ងៃទី២៨ សីហា ថា ការដែលគណបក្សសង្គ្រោះជាតិលើកឡើងនូវជំហររបស់ពួកគេនៅពេលនេះ គឺវាមិនមែនជារឿងចៃដន្យទេ ហើយលោកស្វាគមន៍ចំពោះជំហររបស់គណបក្សសង្គ្រោះជាតិ ទាក់ទងទៅនឹងការស្នើឲ្យមានការគោរពសិទ្ធិមនុស្ស និងការប្រើប្រាស់យន្តការតាមរយៈប្រេសិតពិសេសអង្គការសហប្រជាជាតិដើម្បីដោះស្រាយបញ្ហា។
លោក អ៊ូ វីរៈ ក៏គាំទ្រផងដែរនូវជំហរគណបក្សសង្គ្រោះជាតិ ដែលប្រកាសជាសាធារណៈប្រឆាំងទៅនឹងការរើសអើងជាតិសាសន៍ ជាពិសេសគឺការរើសអើងប្រឆាំងនឹងជនជាតិវៀតណាម៖ «ការបញ្ជាក់គោលជំហរនេះ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋនិងអ្នកគាំទ្របក្សប្រឆាំងនឹងយកចិត្តទុកដាក់នូវគោលជំហរនេះ ហើយខ្ញុំស្នើឲ្យគណបក្សទាំងអស់មានគោលជំហរនេះដូចគ្នា»។
លោក អ៊ូ វីរៈ បន្ថែមថា សេចក្ដីប្រកាសរបស់គណបក្សសង្គ្រោះជាតិនៅពេលនេះ វាមិនប្រាកដថា អាចធ្វើឲ្យជនជាតិវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា អាចស្ងប់ចិត្តនៅឡើយ។ លោកថា វាគ្រាន់តែជាជំហរដែលលើកឡើងក្នុងក្រដាសនៅឡើយ ដូច្នេះគេត្រូវតាមដានមើលសកម្មភាព និងសម្ដីរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ទៀត។
លោក អ៊ូ វីរៈ៖ «ការរើសអើងលើជនជាតិវៀតណាម ជារឿងកើតឡើងយូរអង្វែងមកហើយ បើសិនជាមានការរើសអើង សម្ដីមានការរើសអើងពីអ្នកគាំទ្រ ខ្ញុំសង្ឃឹមថា គណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសដែរ។ ប្រសិនបើគាត់អត់ថ្កោលទោសមានន័យថា ជំហរនេះគ្រាន់តែជាជំហរលើក្រដាសទេ»។
សម្រាប់ជនជាតិវៀតណាម ដែលកំពុងរស់នៅដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា គេត្រូវយកច្បាប់អន្តោប្រវេសន៍ប្រទេសកម្ពុជា និងច្បាប់អន្តរជាតិមកអនុវត្តដោយឈរលើគោលការណ៍គោរពសិទ្ធិមនុស្ស ហើយលោកថា បើទោះបីជាអ្នកនយោបាយខ្មែរមានឆន្ទៈអនុវត្តច្បាប់អន្តោប្រវេសន៍មែននោះ ក៏ការអនុវត្តច្បាប់នេះមិនគួរឲ្យឈានដល់ការរើសអើងជាតិសាសន៍នោះដែរ។
វិទ្យុអាស៊ីសេរី បានទាក់ទងប្រធានសមាគមវៀតណាម ប្រចាំកម្ពុជា លោក ចូវ វ៉ាំង ជី (Chau Van Chi) ដើម្បីសុំប្រតិកម្មរបស់លោកទាក់ទងនឹងការលើកឡើងរបស់គណបក្សសង្គ្រោះជាតិ តែលោក ចូវ វ៉ាំង ជី មិនអត្ថាធិប្បាយទេ ដោយនិយាយថា លោកកំពុងជាប់រវល់។
គណបក្សសង្គ្រោះជាតិ បង្ហាញជំហរប្រឆាំងអំពើហិង្សាចំពេលដែលមានការព្រួយបារម្ភថា អំពើហិង្សាអាចនឹងកើតមានឡើង ប្រសិនបើគណបក្សសង្គ្រោះជាតិដឹកនាំអ្នកគាំទ្ររបស់ខ្លួនចុះថ្នល់ធ្វើបាតុកម្មទ្រង់ទ្រាយធំនៅពេលខាងមុខ និងចំពេលដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធនិងរថពាសដែកដើម្បីត្រៀមលក្ខណៈទុកជាមុនសម្រាប់ទប់ទល់នឹងក្រុមបាតុករដែលចូលរួមធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោត។ តែទោះយ៉ាងណា គណបក្សសង្គ្រោះជាតិ តែងបានបញ្ជាក់ជំហរម្ដងហើយម្ដងទៀតថា បាតុកម្មរបស់ពួកគេគឺជាបាតុកម្មអហិង្សានិងសន្តិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
