មេ​ឃុំ​បក្ស​កាន់​អំណាច​រង​ការ​ចោទ​ថា​មិន​ស៊ីញ៉េ​លើ​លិខិត​សុំ​ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង

0:00 / 0:00

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប ចោទ​ប្រកាន់​មេឃុំ​តាសៀម គណបក្ស​កាន់​អំណាច​ថា មិន​ព្រម​ចុះ​ហត្ថលេខា​លើ​លិខិត​សុំ​ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ម្នាក់​ដែល​បាន​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បញ្ចូល​ឈ្មោះ​ថ្មី​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ នោះ​ទេ។ មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ បារម្ភ​ខ្លាច​ដាក់​បញ្ជូន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ថ្មី​មិន​ទាន់ នាំ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា​នៅ​ពេល​ខាង​មុខ។

​​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប ហៅ​ការ​មិន​ព្រម​ចុះ​ហត្ថលេខា​សុំ​ប្ដូរ​សមាជិក​​ក្រុម​ប្រឹក្សា​ឃុំ​ថ្មី​របស់​មេឃុំ​នេះ​ថា ជា​ការ​អនុវត្ត​ច្បាប់​ក្នុង​ចេតនា​នយោបាយ។

លោក ពៀត ម៉ាប់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ថា អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប ហាក់​ដាក់​គំនាប​​គ្រប់​បែប​យ៉ាង​មក​លើ​មន្ត្រី​គណបក្ស​ប្រឆាំង ដូច​ជា​​ការ​បញ្ជូន​កម្លាំង​សមត្ថកិច្ច​តាម​សកម្មភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ជា​ពិសេស​អ្នក​ដែល​មិន​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា តែម្ដង។ លោក​អះអាង​ទៀត​​ថា​ ចំណែក​ឯ​​មេឃុំ​តាសៀម ស្រុក​ស្វាយលើ គណបក្ស​កាន់​អំណាច​​វិញ​ គឺ​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នើ​ប្ដូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ម្នាក់ ដែល​បាន​ចុះ​ចូល​តាម​ការ​អូសទាញ​របស់​អាជ្ញាធរ​បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ខែ​តុលា កន្លង​ទៅ​នោះ​ទេ«ហើយ​គណបក្ស​ស្នើ​ទៅ​ដោះដូរ វា​ត្រូវ​ស៊ីញ៉េ​ពី​មេឃុំ ហើយ​ឆ្លង​តាម​រយៈ​អភិបាល​ខេត្ត បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ។ ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ដែរ​រឿង​លោក​មេឃុំ គាត់​មិន​ស៊ីញេ​តាម​តួនាទី​របស់​គាត់​វា​ពាក់​ព័ន្ធ​បែបបទ​រដ្ឋបាល​នៃ​ការ​ដោះដូរ វា​ចូល​លក្ខណៈ​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​គណបក្ស»។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​មេ​ឃុំ​តាសៀម លោក​ ហឿន សុខ ដើម្បី​ឆ្លើយ​តប​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ ដោយ​អ្នក​ទទួល​ទូរស័ព្ទ​ប្រាប់​ថា លោក​ជាប់​រវល់។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​គណបក្ស​ប្រឆាំង​អះអាង​ថា លោក​ឃុំ​មិន​ចុះ​ហត្ថលេខា​ធ្វើ​ឡើង​តាម​បញ្ជា​របស់​អាជ្ញាធរ​ស្រុក។

មន្ត្រី​ផ្នែក​ច្បាប់​និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREl) លោក យឿង សុធារ៉ា លើក​ឡើង​ថា បើ​ទោះ​បី​ជា​មេឃុំ​មិន​ចុះ​ហត្ថលេខា​ក៏​ពុំ​មាន​ឥទ្ធិពល​​ដល់​ការ​ដាក់​បញ្ចូល​ឈ្មោះ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​បាន​ចុះ​ចូល​ទៅ​គណបក្ស​នយោបាយ​ផ្សេង​​នោះ​ដែរ។ លោក​អះអាង​ថា មូលហេតុ​ដែល​មិន​មាន​ឥទ្ធិពល​ ព្រោះ​​ជា​អំណាច​របស់​គណៈកម្មការ​ជាតិ​រៀប​ចម្ការ​បោះឆ្នោត (គ.ជ.ប) ជា​អ្នក​សម្រេច​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ដាក់​បញ្ចូល​ឈ្មោះ​សមាជិក​ក្រុម​ប្រឹក្សា​ថ្មី ​ដែល​​ត្រូវ​បាន​គណបក្ស​ដើម​លុប​ឈ្មោះ​ចេញ​ពី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នោះ៖«ដូច្នោះ​នីតិវិធី​គណបក្ស​គ្រាន់​តែ បញ្ជូន​បញ្ជី​ឈ្មោះ​ដោយ​សំណើ​ទៅ​គ . . ប​ ហើយ​គ . . ប​និង​ផ្ដល់​សុពលភាព​ទៅ​លើ​អ្នក​ដែល​គណបក្ស​សាមី បាន​ស្នើ​សុំ​ផ្ដល់​សុពលភាព ពេល​នោះ​គាត់​នឹង​ក្លាយ​ទៅ​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ពេញ​សិទ្ធិ។ ដូច្នេះ​វា​អត់​មាន​អ្វី​ពាក់ព័ន្ធ​ជា​មួយ​មេ​ឃុំចៅសង្កាត់​ទេ »

​​​​​​​​​​​​​​​​​​​​​​​​​​​ទោះ​ជា​យ៉ាង​ណា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ លោក ពៀត ម៉ាប់ ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ​ ទើប​តែ​​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​របស់​គណបក្ស​លោក​​ក្នុង​ខេត្ត​មួយ​នេះ​ម្នាក់​ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​​សរុប​ជិត ៤០០​នាក់​ ដែល​បាន​​ទៅ​ជ្រក​ក្រោម​ដំបូល​ទេវតា​នោះ។ ចំណែក​អ្នក​ដែល​បាន​ចុះ​ចូល​នេះ​ ក៏​​​ខាង​គណបក្ស​បាន​ដាក់​លិខិត​ស្នើ​ទៅ​លោក​​មេ​ឃុំ​ សុំ​ប្ដូរ​បេក្ខភាព​ថ្មី​ដើម្បី​បញ្ជូន​ឈ្មោះ​ទៅ​ក្រសួង​មហាផ្ទៃ តាំង​ពី​ចុង​ខែ​តុលា មក ហើយ​ទល់​ពេល​នេះ​មិន​ទាន់​ដាក់​បញ្ចូល​សមាជិក​ថ្មី​បាន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។