គណបក្ស​ប្រឆាំង​មិន​ទាន់​អាច​កំណត់​ពេល​បាន​ក្នុង​ការ​រៀបចំ​មហា​បាតុកម្ម

គណបក្ស​ប្រឆាំង​នៅ​មិន​ទាន់​បាន​កំណត់​ពេលវេលា នៃ​ការ​ធ្វើ​មហា​បាតុកម្ម​ដូច​ការ​គ្រោង​ទុក​នៅ​ឡើយ​ទេ ។

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​មណ្ឌល​កណ្ដាល គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៦ ខែ កញ្ញា ថា ពិធី​រៀបចំ​មហា​បាតុកម្ម មក​ដល់​ពេល​នេះ គឺ​ខាង​គណបក្ស​មិន​ទាន់​អាច​កំណត់​ពេលវេលា​បាន​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ការ​មិន​អាច​កំណត់​ទិសដៅ នៃ​គម្រោង​មហា​បាតុកម្ម​បាន​នេះ ដោយ​សារ​មាន​កិច្ចការ​ជា​ច្រើន​ទៀត ដែល​ត្រូវ​សិក្សា និង​ការ​ទទួល​ខុសត្រូវ។ «»

តាម​ការ​គ្រោង​ទុក គណបក្ស​ប្រឆាំង បញ្ជាក់​ថា នឹង​យក​ថ្ងៃ​ទី១៦ ខែ កញ្ញា ជា​ថ្ងៃ​ដែល​ប្រកាស​ជាក់លាក់​ពី​គម្រោង​ធ្វើ​មហា​បាតុកម្ម។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គម្រោង​ធ្វើ​មហា​បាតុកម្ម​នេះ គឺ​ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល សម្រួល​ស្ថានការណ៍​នយោបាយ ដែល​កំពុង​តាន់​តឹង​នេះ វិល​ទៅ​រក​ភាព​ប្រក្រតី​ដូច​មុន​ថ្ងៃ​ទី ២២ ខែ កក្កដា ឆ្នាំ២០១៤ ឡើង​វិញ។

បើ​ទោះ​ជា​បែប​ណា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជំហរ​ថា បាតុកម្ម​ណា​មួយ របស់​គណបក្ស​នឹង​មិន​អាច​ឲ្យ​មាន​រូបរាង​បាន​ឡើយ។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ព្រមាន​កម្ចាត់​ចោល ប្រសិន​បើ​មាន​បាតុកម្ម​កើត​ឡើង​មែន ទោះ​ក្នុង​តម្លៃ​ណា​មួយ​ក៏ដោយ។

ទាក់ទង​ករណី​នេះ​ដែរ គណបក្ស​ប្រឆាំង​សម្រេច​កែសម្រួល​សមាសភាព​គណៈកម្មការ​តស៊ូ​មតិ​ផ្ទៃ​ក្នុង​បក្ស និង​បង្កើត​គណៈកម្មការ​ថ្មី​មួយ សម្រាប់​យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ សម្រាប់​ឆ្នាំ២០១៧។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី ១៦ ខែ កញ្ញា ថា កិច្ច​​ពិគ្រោះ​យោបល់ ដែល​ដឹកនាំ​ដោយ​លោក កឹម សុខា សម្រេច​លើ​របៀបវារៈ​ចំនួន ៣ សំខាន់​ៗ​ក្នុង​នោះ គាំទ្រ​លើ​សេចក្ដី​ប្រកាស​រួម​ស្ដីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​ប្រទេស​ចំនួន ៣៦ នៅ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី ១៤ ខែ កញ្ញា។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា ក្រៅ​ពី​នេះ កិច្ចប្រជុំ​ក៏​បាន​សម្រេច​លើ​ការ​កែ​សម្រួល​សមាសភាព​គណៈកម្មការ​តស៊ូ​មតិ ដែល​មាន​សមាជិក​ចំនួន ១០រូប និង​សេចក្ដី​សម្រេច​លើ​របៀបវារៈ​ចុងក្រោយ​គឺ​គណបក្ស​ប្រឆាំង បាន​បង្កើត​គណៈកម្មការ​មួយ​បន្ថែម​ទៀត គឺ​គណៈកម្មការ​យុទ្ធការ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។