ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បន្តយុទ្ធនាការឃោសនារកសំឡេងបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅខេត្តស្វាយរៀង រៀបចំឡើងនៅទីស្នាក់ការបក្សខេត្តដែលមានសមាជិក គណបក្ស និងប្រជាពលរដ្ឋអ្នកគាំទ្រចូលរួមប្រមាណ ២ពាន់នាក់ នៅព្រឹកថ្ងៃទី១២ ឧសភា ឆ្នាំ២០១៤។
ក្នុងឱកាសរកសំឡេងឆ្នោតនោះ ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងសារនយោបាយទៅកាន់អ្នកគាំទ្រ ផ្ដោតលើការបោះបង្គោលតម្រុយព្រំដែន និងការផ្លាស់ប្ដូរ គណៈកម្មាធិការរៀបចំការបោះឆ្នោត។
ប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ព្រឹកថ្ងៃទី១២ ឧសភា ថា បញ្ហាបង្គោលព្រំដែនរវាងប្រទេសកម្ពុជា វៀតណាម គឺលោក ការពារមិនឲ្យវៀតណាម បោះបង្គោលចូលដីខ្មែរដោយសេរីជាដាច់ខាត ជាពិសេសព្រំដែននៅខេត្តស្វាយរៀង តែម្ដង។
លោក សម រង្ស៊ី ថា កន្លងមកនៅខេត្តនេះមានបញ្ហារឿងវៀតណាម បោះបង្គោលតម្រុយចូលដីខ្មែរច្រើនជាងគេ ហើយក៏ធ្លាប់បានទៅដកតម្រុយបង្គោលព្រំដែនចេញ ត្រូវរដ្ឋាភិបាលខ្មែរកាត់ទោសឲ្យជាប់គុក ១២ឆ្នាំម្ដងរួចមកហើយ។ លោកថា ទោះជាយ៉ាងនេះក្ដី លោកនៅតែបន្តការពារជាមួយប្រជាពលរដ្ឋនៅតាមព្រំដែនឲ្យទាល់តែបាន៖ «ព្រោះខេត្តស្វាយរៀងព្រំដែន ៣ជ្រុងនៅជាប់ជាមួយយួនលួចបង្ខិតព្រំដែនចូលគ្រប់ទីកន្លែងទាំងអស់ ហើយឃើញបងប្អូនយើងហ៊ានតវ៉ាផុសផុលដើម្បីការពារដីស្រែខ្លួនឯងផង ការពារទឹកដីមាតុភូមិកម្ពុជារបស់យើងទាំងអស់គ្នាផង។ អ៊ីចឹងហើយបានរដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សសង្គ្រោះជាតិក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ឥឡូវយើងនឹងប្រមូលកម្លាំងទូទាំងប្រទេសកម្ពុជា មកជួយអ្នកស្វាយរៀង ឲ្យរឹងមាំ កុំឲ្យបាត់បង់ទឹកដីឲ្យទៅយួននិងបាន»។
ចំណែកឯលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ វិញ បានឡើងថ្លែងសារនយោបាយក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋអ្នកគាំទ្រថា ការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជារឿងសំខាន់ដែលជំរុញឲ្យគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតនៅពេលខាងមុខ។
លោក កឹម សុខា បញ្ជាក់ថា ប្រទេសជប៉ុន គេយល់ព្រមផ្ដល់ជំនួយផ្នែកបច្ចេកទេស ដើម្បីរៀបចំការបោះឆ្នោតប្រកបដោយត្រឹមត្រូវនិងយុត្តិធម៌នៅកម្ពុជា ដោយប្រើបច្ចេកវិទ្យាទំនើបក្នុងការត្រួតពិនិត្យស្នាមមេដៃរបស់អ្នកដែលមានសិទ្ធិបោះឆ្នោត។ លោកបន្តថា ការធ្វើដូចនេះ មិនអាចឲ្យគណបក្សនយោបាយណាក្លែងបន្លំ ឬការលួចសន្លឹកឆ្នោតបានទៀតឡើយ៖ «បាទ! ខ្ញុំបានជជែកជាមួយគេ ២ម៉ោងៗ ខ្ញុំថាល្បិចគណបក្សប្រជាជន នៅលួចអ៊ីចេះអ៊ីចុះ ឥឡូវឧទាហរណ៍នៅក្នុងធនាគារ នរណាលួចលុយធនាគារបាន? គេគ្រប់ប្រព័ន្ធទាំងអស់ គេធ្វើដូចធនាគារអ៊ីចឹង គេថាមិនឲ្យលួចបានទេ អានេះជាសម្ដីដែលគេមកប្រាប់ខ្ញុំទេ ដើម្បីប្រាប់បងប្អូនជនរួមជាតិឲ្យមានក្ដីសង្ឃឹមបោះឆ្នោតគាំទ្រ សង្គ្រោះជាតិឈ្នះក្នុងពេលឆាប់ៗនេះហើយ»។
បន្ទាប់ពីការថ្លែងសារនយោបាយរបស់ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិក្នុងឱកាសនោះសមាជិកអ្នកគាំទ្របានដាក់សំណួរទៅកាន់មេដឹកនាំគណបក្សទាំង២ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋអ្នកចូលរួមគាំទ្រគណបក្សមកពីភូមិស្វាយស្អែ ឃុំតាសួស ស្រុកស្វាយជ្រំ លោក ងិន សាវុន ឡើងថ្លែងស្នើឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិ ជំរុញឲ្យរដ្ឋាភិបាលដោះស្រាយការធ្វើអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋឲ្យបានស្មើភាពគ្នាដោយមិនប្រកាន់និន្នាការគណបក្សនយោបាយ។ លោកថា ប្រជាពលរដ្ឋអ្នកគ្រាំទ្រគណបក្សប្រឆាំងនៅខេត្តស្វាយរៀង មានបញ្ហាធ្វើអត្តសញ្ញាណប័ណ្ណនេះ៖ «បើមិនបាន អត្តសញ្ញាណប័ណ្ណយើងមិនចុះឈ្មោះបានទេ ដូចមុនៗ អត់បានទេ ឯកឧត្ដម អាឡូវកូនចៅនៅដេរភ្នំពេញ ចុះតែឈ្មោះហើយឲ្យតែមួយម៉ឺនឲ្យម្ចាស់ខ្លួនមកមើល គឺអត់បានម៉ែឪកូនមកមើល ហើយតែឈ្មោះអត់បានទេ ម្ចាស់ខ្លួនមកមើលបានបាន! ហ្នឹងខ្ញុំផ្ទាល់នៅឯស្វាយរៀង»។
មេដឹកនាំគណបក្សប្រឆាំងបានឆ្លើយយល់ព្រមក្នុងឱកាសនោះថា នឹងដោះស្រាយតាមសំណើរបស់សមាជិកម្ចាស់ឆ្នោត។
នៅរសៀលថ្ងៃដដែលនេះ មេដឹកគណបក្សសង្គ្រោះជាតិ បន្ទាប់ពីថ្លែងសារនយោបាយបានបន្តដំណើរទៅត្រួតពិនិត្យតម្រុយបង្គោលព្រំដែនដែលវៀតណាម បោះបង្គោលចូលដីខ្មែរនៅឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។