តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នឹង​ទៅ​សួរ​សុខ​ទុក្ខ​លោក កឹម សុខា ទោះ​តុលាការ​មិន​អនុញ្ញាត

ក្រុម​តំណាងរាស្ត្រ​គណបក្សប្រឆាំង​បញ្ចេញ​ប្រតិកម្ម​ចំពោះ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បដិសេធ​ការ​ស្នើ​សុំ​សួរសុខទុក្ខ​លោក កឹម សុខា នៅ​ថ្ងៃ​ច័ន្ទ​ទី​២ ខែ​តុលា ខាងមុខ។ អ្នកច្បាប់​ពន្យល់​ថា គ្មាន​ច្បាប់​ណាមួយ​ចែង​មិន​ឲ្យ​សហការី ឬ​ក្រុម​គ្រួសារ​ទៅ​សួរ​សុខ​ទុក​អ្នក​ជាប់​ឃុំ​ឃាំង​នោះ​ទេ។

ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ព្រឹទ្ធសភា​ជាង​១០​នាក់ នៅ​តែ​រក្សា​ជំហរ​ទៅ​សួរ​សុខទុក្ខ​លោក កឹម សុខា ដដែល ទោះបីជា​តុលាការ​បដិសេធ​ការ​ស្នើ​សុំ​សួរសុខទុក្ខ​នេះ​ក្ដី។

ការ​បញ្ចេញ​ប្រតិកម្ម​នេះ ធ្វើឡើង​ភ្លាមៗ ក្រោយ​ពេល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គឺ ឫទ្ធី បាន​ចេញ​លិខិត​ជម្រាប​ជូន​លោក សួន រីដា បដិសេធ​ការ​ស្នើ​សុំ​សួរសុខទុក្ខ លោក កឹម សុខា នៅ​ថ្ងៃ​ច័ន្ទ​ទី២ ខែ​តុលា។ នៅ​ក្នុង​លិខិត​បដិសេធ​នេះ បាន​លើក​ហេតុផល​ថា សំណុំរឿង លោក កឹម សុខា កំពុង​ស្ថិត​នៅ​ក្នុង​ចំណាត់​ការ​ស៊ើបសួរ និង​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​នានា ហើយ​ចៅក្រម​មិន​ទាន់​បាន​សាកសួរ​ជន​ត្រូវ​ចោទ​នៅឡើយ ហេតុនេះ​ការ​ចូល​ជួប ឬ​សួរសុខទុក្ខ អាច​អនុញ្ញាត ឲ្យ​បានតែ​មេធាវី និង​ក្រុម​គ្រួសារ​ជន​ត្រូវ​ចោទ ដែល​មិន​ទាក់ទិន​ក្នុង​សំណុំរឿង​តែប៉ុណ្ណោះ។ សម្រាប់ អ្នកដទៃ​ផ្សេងទៀត ការ​ចូល​សួរសុខទុក្ខ អាច​អនុញ្ញាត​ឲ្យ​បាន ក្រោយ​ពី​ចៅក្រម​បាន​បំពេញ​កិច្ច​ចាំបាច់​មួយ​ចំនួន​សិន។

ការ​បដិសេធ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចូល​សួរ​សុខទុក្ខ លោក កឹម សុខា នេះ ជា​លើក​ទី​៣​ហើយ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ស្ពឺ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ កញ្ញា​ថា តុលាការ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​តំណាងរាស្ត្រ​ចូល​ទៅ​សួរសុខទុក្ខ​លោក កឹម សុខា នេះ​ជា​ហេតុផល​នយោបាយ មិនមែន​ជា​ការអនុវត្ត​ច្បាប់​នោះ​ឡើយ។ លោក​បញ្ជាក់​ថា តុលាការ​នៅ​ក្រោម​ឥទ្ធិពល​មនុស្ស​មានអំណាច​ម្នាក់ ឬ​ពីរ​នាក់​តែប៉ុណ្ណោះ។

លោក សួន រីដា បន្ថែម​ថា ពួកគាត់​មិន​អាច​ទទួលយក​ការ​បដិសេធ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចំពោះ​ការ​មិន​អនុញ្ញាត​ទៅ​សួរសុខទុក្ខ​លោក កឹម សុខា នៅ​មណ្ឌល​កែប្រែ​ទី​៣ ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខែត្រ​ត្បូងឃ្មុំ​បានទេ។ លោក​បញ្ជាក់​ថា ពួកគាត់​ទៅ​សួរ​សុខទុក្ខ​នេះ ក្នុងនាម​ជា​សហការី ឬ​ក្នុងនាម​ជា​កូន​ទៅ​សួរសុខទុក្ខ​ឳ​ពុក ពិសេស​ទៅ​ទៀត ការ​ចាប់​លោក កឹម សុខា ទាំង​មាន​អភ័យ​ឯក​សិទ្ធ​សភា​នេះ ជា​រឿង​ខុសច្បាប់៖ «យើង​មិន​សុខចិត្ត​ទេ អភ័យឯកសិទ្ធិសភា​ត្រូវ​បាន​គេ​រំលោភ​នោះ មួយទៀត បក្ស​សង្គ្រោះ​ជាតិ​មក​ទល់​ពេលនេះ និង​ទៅ​មុខ​ទៀត យើង​នៅតែ​ចាត់​ទុក លោក កឹម សុខា ជា​ប្រធាន​គណបក្ស​របស់​យើង​រហូត អ៊ីចឹង​ក្នុងនាម​យើង​ជា​សមាជិក​គណបក្ស​នៅ​ពេល​យើង​ទៅ​សួរ​សុខទុក្ខ​គាត់ យើង​នឹង​រាយការណ៍​អំពី​ស្ថានភាព​នយោបាយ​ផង​ដែរ»។

មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​ចែងថា តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ។ តំណាងរាស្ត្រ​រូប​ណា​ក៏​ដោយ មិន​អាច​ត្រូវ​បាន​ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន ដោយហេតុ​ពី​បាន​សម្ដែង​យោបល់ ឬ​បញ្ចេញមតិ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​សោះឡើយ។

រដ្ឋាភិបាល​ចាប់ខ្លួន​លោក កឹម សុខា ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​នេះ ដោយ​សំអាង​លើ​ខ្សែ​អាត់​វីដេអូ ដែល​លោក កឹម សុខា ថ្លែងប្រាប់​អ្នកគាំទ្រ​របស់​ខ្លួន កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣ ដែល​ត្រូវ​គេ​ផ្សព្វផ្សាយ​ក្នុង​ហ្វេសប៊ុក (Facebook) អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក ក្នុង​ការ​កសាង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ុន្តែ​បែរ​ជា​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា លោក កឹម សុខា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ទៅវិញ។ ការចោទប្រកាន់​នេះ ត្រូវ​បាន​អ្នកច្បាប់ និង​អ្នកវិភាគ ចាត់ទុកថា ជា​រឿង​មិន​សម​ហេតុផល ហើយ​ថា​ជា​រឿង​នយោបាយ​ដើម្បី​កម្ចាត់​បក្ស​ប្រឆាំង​ទៅវិញ​ទេ។

មេធាវី​ការពារ​ក្ដី លោក កឹម សុខា លោក មេធាវី ហែម សុជាតិ ពន្យល់​ថា គ្មាន​ច្បាប់​ណាមួយ​ចែង​ពី​ការ​ហាមឃាត់ សហការី សាច់ញាតិ​ទៅ​សួរ​សុខទុក្ខ​ជន​ត្រូវ​ចោទ ឬ​អ្នក​ជាប់​ឃុំឃាំង​នោះ​ឡើយ។ លោក​បញ្ជាក់​ថា តុលាការ​មិន​ត្រូវ​បដិសេធ​ចំពោះ​ការ​ស្នើ​សុំ​នេះ​ទេ៖ «ច្បាប់​មិនបាន​ហាមឃាត់​ផង ច្បាប់​ចែងថា ជនសង្ស័យ ឬ​ជនជាប់ចោទ​ត្រូវ​បាន​ឃុំខ្លួន គេ​គ្រាន់តែ​ប្រើ​ពាក្យ​ថា ក្រុម​គ្រួសារ​និង​មេធាវី​អាច​សួរសុខទុក្ខ​បាន ហើយ​តំណាងរាស្ត្រ​ចាប់ខ្លួន​ពី​មុន​មក ក្រុម​គ្រួសារ ឬ​តំណាងរាស្ត្រ​ដទៃ​ទៀត​អាច​ទៅ​សួរសុខទុក្ខ​បាន តែ​ករណី​នេះ ខ្ញុំ​មិន​ដឹង​ថា គេ​ប្រើ​ច្បាប់​អី​ ?»។

នៅ​ស្រប​ពេល​គ្នា​នេះ ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​ដាក់​ពាក្យ​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត​នៅ​ថ្ងៃ​ទី​២៩ កញ្ញា​នេះ ប្ដឹង​ជំទាស់​ការសម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ដែល​បាន​បន្ត​ការ​ឃុំ​ខ្លួន​លោក កឹម សុខា កាលពី​ថ្ងៃ​ទី​២៦ កញ្ញា។

លោក​មេធាវី ហែម សុជាតិ បញ្ជាក់​ថា លោក កឹម សុខា មាន​បញ្ហា​សុខភាព ដែល​តុលាការ​បាន​ឃុំខ្លួន​ទាំង​ខុសច្បាប់​បែបនេះ។ លោក​អះអាង​ថា ក្រុម​មេធាវី​របស់​លោក ជំទាស់​ការ​ឃុំខ្លួន​នេះ នឹង​បន្ត​ទាមទារ​នៅ​តុលាការ​កំពូល​ទៀត ដើម្បី​ទាមទារ​ឲ្យ​តុលាការ​កំពូល​ដោះលែង​លោក កឹម សុខា ឲ្យ​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​ខុស​នី​វិធី​បែបនេះ។

ការ​ចាប់​ឃុំខ្លួន​លោក កឹម សុខា នេះ ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ ថ្កោលទោស និង​ទាមទារ​ឲ្យ​ដោះលែង​វិញ​ជាបន្ទាន់ ដោយសារតែ​លោក កឹម សុខា ជា​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ។

តំណាងរាស្ត្រ​របស់​សហ​រដ្ឋ​អាមេរិក ទាំង​៨​រូប ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ ដោយ​ជំរុញ​សហគមន៍​អន្តរជាតិ​ក្រោក​ឈរ​ឡើង​តតាំង​ជាមួយ​រដ្ឋាភិបាល លោក ហ៊ុន សែន កំពុង​កាត់បន្ថយ​សេរីភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ពួកគេ​ត្រូវ​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ ពួកគេ​ទាមទារ​ឲ្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក្នុង​ការ​ប្រើ​គ្រប់​យន្តការ ការទូត​ដែល​ចាំបាច់​ទាំងអស់ ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន គោរព​ស្តង់ដារ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ។

ក្រុម​តំណាងរាស្ត្រ​អាមេរិក​ទាំងនេះ​ក៏​ទាត់ចោល ចំពោះ​ការចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​ទៅលើ គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល សកម្មជន និង​អ្នកវិភាគ​នយោបាយ។ ពួកគេ​ព្រមាន​ថា ការបំផ្លាញ​គណបក្សប្រឆាំង​នៅ​កម្ពុជា គឺជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាងមុខ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ។ ជាងនេះទៅទៀត ពួកគេ​ជំរុញ​ឲ្យ​ឯកអគ្គរដ្ឋទូត​របស់​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) បន្ត​ជជែក​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​កម្រិត​មួយ​ខ្ពស់​បំផុត​ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដើម្បី​បង្ហាញ​អំពី​ការ​ព្រួយ​បារម្ភ​ទាំងឡាយ​ទៅកាន់​លោក ហ៊ុន សែន ក្នុង​ការ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន​តាមរយៈ​ការ​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​សារព័ត៌មាន និង​ការ​គោរព​ដល់​ដំណើរការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​អំពី​ផែនការ​ទៅ​សួរ​សុខទុក្ខ​លោក កឹម សុខា នៅ​រៀងរាល់ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍ ទោះបីជា​តុលាការ​មិន​អនុញ្ញាត​ក្ដី យ៉ាងហោចណាស់​ពួកគេ​បាន​ទៅដល់​មុខ​ពន្ធនាគារ​ត្រពាំងផ្លុង ដើម្បី​សម្ដែង​មតិ​ជំទាស់​នឹង​ការ​ចាប់​ខ្លួន លោក កឹម សុខា ទាំង​មាន​អភ័យឯកសិទ្ធិ​នេះ៕