ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បង្ហាញជំហរថា នឹងវិលចូលធ្វើការនៅសភាជាថ្មី បន្ទាប់ពីបានធ្វើពហិការមិនចូលប្រជុំសភាពេញអង្គអស់រយៈពេលជិត ៤ខែរួចមក។ ចំណែកអ្នកវិភាគនយោបាយស្វាគមន៍ចំពោះការដោះស្រាយបញ្ហានយោបាយដែលមិនធ្វើឲ្យពលរដ្ឋប៉ះទង្គិចគ្នានឹងក្រុមកងកម្លាំងរដ្ឋាភិបាល។
ការអះអាងវិលចូលសភាម្ដងនេះ ប្រធានក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ ព្រមានថា នឹងស្នើដករដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងកោះហៅរដ្ឋមន្ត្រីមួយចំនួនទៀតមកឆ្លើយបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភា។ ចំពោះការដោះស្រាយបញ្ហានយោបាយវិញ ត្រូវបានលោក សុន ឆ័យ រំពឹងថា សកម្មជន និងមន្ត្រីរបស់ខ្លួនដែលកំពុងជាប់ឃុំនៅពន្ធនាគារ នឹងអាចចេញក្រៅឃុំក្នុងរយៈពេលជាង ២ខែទៀត។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពេលចូលសួរសុខទុក្ខតំណាងរាស្ត្រ លោក អ៊ុំ សំអាន សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ និងសកម្មជនបក្សសង្គ្រោះជាតិដទៃទៀត ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស នៅថ្ងៃទី២០ ខែកញ្ញា លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និយាយថា ការវិលចូលសភាម្ដងនេះ ជាការដោះស្រាយបញ្ហានយោបាយតាមផ្លូវត្រជាក់ ហើយនេះជាការចង់បានរបស់មជ្ឈដ្ឋានអន្តរជាតិ៖ «សម្ដេចនាយករដ្ឋមន្ត្រី លោកមានប្រសាសន៍អំពីការជជែកគ្នាកុំឲ្យមានគំរាមធ្វើបាតុកម្ម នេះជាសញ្ញាមួយហាក់ដល់ពេលយើងអាចបញ្ចប់រឿងដោយមិនឲ្យប៉ះពាល់កិត្តិយសខាងណាទេ»។
លោក សុន ឆ័យ ថា លោកកំពុងរៀបចំឯកសារកោះហៅរដ្ឋមន្ត្រីមួយចំនួនមកបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភា។ ក្នុងនោះរួមមាន រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មកភ្លឺសាជាថ្មីទៀត។ ក្នុងចំណោមរដ្ឋមន្ត្រីទាំងនោះ លោក សុន ឆ័យ លើកឡើងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង គួរតែសុំលាលែងចេញពីតំណែង ព្រោះពលរដ្ឋខ្មែររងគ្រោះយ៉ាងខ្លាំងពីវិស័យសុខាភិបាលនេះ។
លោកថា បើរដ្ឋមន្ត្រីក្រសួងសុខាភិបាល ទៅឆ្លើយបំភ្លឺនៅសភា ឆ្លើយមិនត្រឹមត្រូវ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ៣០រូប នឹងស្នើទៅសភាដើម្បីប្រជុំពេញអង្គដកតំណែងលោក ម៉ម ប៊ុនហេង ពីរដ្ឋមន្ត្រី៖ «ខ្ញុំនឹងសួរគាត់ឲ្យគាត់ឆ្លើយឲ្យត្រឹមត្រូវ បើមិនឆ្លើយទេ យើងនឹងឈានទៅដល់ការបោះឆ្នោតទម្លាក់គាត់។ ខ្ញុំសូមជម្រាបថា សមាជិកសភាគណបក្សសង្រ្គោះជាតិមាន ៥៥រូប ហើយច្បាប់តម្រូវតែ ៣០ ទេ ទោះបោះឆ្នោតធ្លាក់មិនក៏ល្អមើលដែរ ព្រោះបញ្ហាសុខាភិបាលធ្វើឲ្យពលរដ្ឋមានបញ្ហាច្រើនឆ្នាំហើយ»។
តែទោះយ៉ាងណាក្តី គណបក្សសង្គ្រោះជាតិ គ្មានសំឡេងគ្រប់គ្រាន់ដើម្បីដកតំណែងរដ្ឋមន្ត្រីណាមួយបានទេ ប្រសិនបើគ្មានការចូលរួមពីតំណាងរាស្ត្រគណបក្សកាន់អំណាច ខណៈច្បាប់តម្រូវឲ្យមានសំឡេងគាំទ្រ ៥០ភាគរយ បូកមួយ ឬស្នើចំនួនតំណាងរាស្ត្រចំនួន ៦២រូបឡើងទៅ ដើម្បីចូលរួមបោះឆ្នោតទម្លាក់។ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យដឹងថា នៅខែតុលាខាងមុខ សភានឹងចូលកងវិញដែលអាចដល់កិច្ចប្រជុំពេញអង្គទាក់ទងការប្រជុំសម្រេចអ្វីមួយ។ លោកឲ្យដឹងដែរថា ថ្ងៃទី២៨ ខែកញ្ញា ខាងមុខនេះ គណៈកម្មការអចិន្ត្រៃយ៍របស់រដ្ឋសភា នឹងប្រជុំលើសំណើរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលស្នើរដ្ឋសភាកែប្រែច្បាប់បីទាក់ទងតុលាការ មុននឹងរុញសំណើនោះទៅណាទៀត។
អ្នកវិភាគនយោបាយ លោក សូ ចន្ថា ស្វាគមន៍ការរកដំណោះស្រាយដំណោះស្រាយនយោបាយដែលមិនប្រឈមកម្លាំងដាក់គ្នារវាងពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល៖ «នេះជាជម្រើសមួយដែលអាចបញ្ចៀសបានអំពើហិង្សា ខ្ញុំគិតថា ជាជម្រើសល្អដែលអាចផ្តល់សុខសន្តិភាពដល់ពលរដ្ឋ»។
ការប្រកាសជំហររបស់បក្សប្រឆាំងចូលប្រជុំសភាវិញនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា បើលោកចរចាជាមួយបក្សប្រឆាំងដោយការគំរាមបាតុកម្ម គឺលោក "ឆ្កែសុទ្ធ"។ ប៉ុន្តែលោកប្រកាសថា បើចង់និយាយគ្នាមានតែបក្សសង្គ្រោះជាតិ វិលចូលសភាធ្វើការវិញ។
បើទោះគណបក្សសង្គ្រោះជាតិ ប្រកាសវិលចូលវិញក្ដី ប៉ុន្តែលោក សុន ឆ័យ ថា ប្រសិនបើគណបក្សនេះនៅតែរងការរំលោភបំពានពីសំណាក់គណបក្សកាន់ដដែលគណបក្សនេះនៅតែរក្សាសិទ្ធិក្នុងការរកដំណោះស្រាយដោយមហាបាតុកម្មរបស់ខ្លួនដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។