គណបក្សសង្គ្រោះជាតិ គ្រោងប្រមូលគ្នារាប់លាននាក់ ធ្វើបាតុកម្មអហិង្សាជាថ្មីនៅរាជធានីភ្នំពេញ នៅដើមខែឧសភា ទាក់ទងនឹងបញ្ហានយោបាយបច្ចុប្បន្ន។ ដោយឡែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ជាថ្មីថា បាតុកម្មប្រឆាំងអាចនឹងប៉ះជាមួយបាតុកម្មគាំទ្រ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្ររបស់បក្សសង្គ្រោះជាតិ នៅក្នុងពិធីប្រារព្ធខួបកំណើតបក្ស នៅព្រឹកថ្ងៃទី៧ មេសា ថា លោកនឹងដឹកនាំធ្វើបាតុកម្មអហិង្សាជាថ្មី នៅថ្ងៃទី២ ខែឧសភា ខាងមុខ ដែលមានអ្នកគាំទ្រគណបក្សនេះនៅទូទាំងប្រទេសចូលរួមចំនួន ២លាននាក់។
លោក សម រង្ស៊ី៖ «អត់មានប្រជុំ ១ពាន់ ២ពាន់ទេបងប្អូន ដាក់ ២លាននាក់តែម្ដង បង្ក្រាបអត់បានទេបងប្អូន។ បើកម្មករគ្នា ២០០នាក់ ឬយ៉ាងច្រើន ២ពាន់នាក់ បាញ់សម្លាប់គ្នានៅផ្លូវវ៉េងស្រេង។ បើ ២លាននាក់ ហ៊ានបាញ់ ២លាននាក់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិហើយ»។
លោក សម រង្ស៊ី មានប្រសាសន៍ទៀតថា គម្រោងធ្វើបាតុកម្មអហិង្សានៅថ្ងៃទី២ ឧសភា នោះ គឺជាថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក-ខណ្ឌ ក្រុមប្រឹក្សាក្រុង ខេត្ត និងក្រុមប្រឹក្សារាជធានី។ ដូច្នេះ មិនអាចមានអ្នកណាអាចរារាំងបានទេ ព្រោះច្បាប់បោះឆ្នោតអនុញ្ញាតឲ្យធ្វើបាតុកម្ម ដោយគ្មានលក្ខខណ្ឌ។
ទាក់ទងនឹងគម្រោងធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងតបនៅព្រឹកថ្ងៃទី៧ មេសា ដដែលថា ការគំរាមធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនោះ ជាភាពព្រហើន ហើយប្រសិនបើមានធ្វើបាតុកម្មនោះមែន លោកនឹងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើបាតុកម្មដែរ។
ការប្រកាសធ្វើបាតុកម្មធំរបស់លោក សម រង្ស៊ី គឺជាការប៉ុនប៉ងថ្មីមួយទៀត នៅក្នុងពេលដែលរដ្ឋាភិបាលនៅអនុវត្តបម្រាមមិនឲ្យជួបប្រជុំគ្នានៅឡើយ បន្ទាប់បង្ក្រាបមហាបាតុកម្មគណបក្សសង្គ្រោះជាតិ កាលពីខែមករា។
ទោះជាយ៉ាងនេះក្ដី លោក សម រង្ស៊ី អំពាវនាវដល់អ្នកគាំទ្រគាំទ្របក្សសង្គ្រោះជាតិ ឱ្យត្រៀមខ្លួនសម្រាប់ចូលរួមនៅថ្ងៃទី២ ឧសភា នោះ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា គម្រោងនេះនឹងត្រូវគិតគូរជាថ្មីទៀត ប្រសិនបើការដោះស្រាយបញ្ហានយោបាយបច្ចុប្បន្នមានការប្រែប្រួល។ លោកសុំទៅអ្នកគាំទ្ររបស់បក្សសង្គ្រោះជាតិថា នៅក្នុងអំឡុងពេលមុនដល់ថ្ងៃទី២ ឧសភា នោះ គណបក្សសង្គ្រោះជាតិ នឹងធ្វើសមាជមួយទៀតដើម្បីពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រគណបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
