បក្ស​សង្គ្រោះ​ជាតិ​គំរាម​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស​ជា​ថ្មី​ទៀត

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា គំរាម​ជា​ថ្មី​ថា នឹង​ធ្វើ​មហា​បាតុកម្ម​នៅ​ទូទាំង​ប្រទេស ដើម្បី​ទាមទារ​យុត្តិធម៌​ឲ្យ​ម្ចាស់​ឆ្នោត បើ​សិន​ណា​ជា​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​ដោះស្រាយ​ពាក្យ​បណ្ដឹង​ដោយ​យុត្តិធម៌​ទេ​នោះ។

0:00 / 0:00

ការ​ប្រកាស​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី គ.ជ.ប បើក​កញ្ចប់​សុវត្ថិភាព "ក" ១៣​កញ្ចប់ តាម​បង្គាប់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ហើយ​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន។

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​ថា គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ​មិន​មាន​ទំនុក​ចិត្ត​លើ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​បកស្រាយ​ច្បាប់​កំពូល​របស់​ជាតិ​ឡើយ។ គណបក្ស​នេះ​នៅ​តែ​ស្នើ​ឲ្យ​បក្ស​កាន់​អំណាច​បន្ទន់​ជំហរ​ដើម្បី​បង្កើត​គណៈកម្មការ​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​សិន មុន​នឹង គ.ជ.ប ប្រកាស​លទ្ធផល​ឆ្នោត នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ខាង​មុខ។

លោក សម រង្ស៉ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា ប្រជា​រាស្ត្រ​ខ្មែរ​មិន​សុខ​ចិត្ត​ទេ​ចំពោះ​ចំណាត់​ការ​មិន​ប្រក្រតី​របស់ គ.ជ.ប. ហើយ​ថា នេះ​ជា​គម្រោង​ផែន​ការ​របស់​គណបក្ស​កាន់​អំណាច​ដើម្បី​លួច​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ។

លោក​បន្ត​ថា ការ​បើក​កញ្ចប់​សុវត្ថិភាព "ក" ទាំង ១៣ នៅ​ខេត្ត​ក្រចេះ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា គ.ជ.ប ធ្វើ​ចោរ​ផង ធ្វើ​ប៉ូលិស​ផង និង​ធ្វើ​ចៅក្រម​កាត់​ក្ដី​ផង ហើយ​បើ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​បញ្ជា​ឲ្យ​គ.ជ.ប បើក​កញ្ចប់ "ក" នៅ​កន្លែង​ដទៃ និង​បើក​សវនាការ​ជា​សាធារណៈ មាន​ន័យ​ថា ក្រុម​ប្រឹក្សា​ដែល​មាន​នាទី​អព្យាក្រឹត​មួយ​នេះ​ក៏​ជា​គ្នីគ្នា​របស់​គណបក្ស​កាន់​អំណាច​ដែរ។

លោក សម រង្ស៉ី បញ្ជាក់​ថា ដល់​ទឹក​ចុង​ក្រោយ​បាតុកម្ម​អហិង្សា​ទូទាំង​ប្រទេស​នឹង​កើត​មាន​ដោយ​ជៀស​មិន​រួច​ឡើយ។

ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដើរ​កៀរគរ​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​ជា​ច្រើន​ថ្ងៃ​មក​ហើយ។ សារសំខាន់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដាស់​អារម្មណ៍​ពលរដ្ឋ​នោះ គឺ​ជំរុញ​ឲ្យ​ម្ចាស់​ឆ្នោត​ទាមទារ​នូវ​យុត្តិធម៌។

លោក កឹម សុខា ពន្យល់​ថា យុត្តិធម៌​នោះ គឺ​ជា​ការ​ដោះ​ស្រាយ​ពី​ភាព​មិន​ប្រក្រតី​ជុំ​វិញ​ដំណើរការ​បោះ​ឆ្នោត ដោយ​តម្លាភាព និង​អាច​ទទួល​យក​បាន​ទាំង​សង​ខាង បើ​ទោះ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ចាញ់​ឈ្នះ​ក៏ដោយ។

យ៉ាងណាមិញ ក្រសួង​មហា​ផ្ទៃ​ធ្លាប់​ចេញ​លិខិត​ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ ម្ដង​រួច​ហើយ​កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០១៣។ លិខិត​នោះ គំរាម​ថា បើ​សិន​ជា​មហា​បាតុកម្ម​កើត​ឡើង​មែន​នោះ លោក​ សម រង្ស៉ី និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ និង​ភាព​ចលាចល នៅ​ក្នុង​សង្គម ដែល​នឹង​អាច​កើត​មាន​ដោយ​ជៀស​មិន​រួច។

ក្រសួង​មហា​ផ្ទៃ​ក៏​បង្គាប់​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ចាត់​វិធានការ​ចំពោះ​អ្នក​ដែល​បង្ករ​ភាព​វ៉ឹកវរ​ក្នុង​សង្គម​ទៀត​ផង។ ក៏​ប៉ុន្តែ​ក្រសួង​មហា​ផ្ទៃ​និង​សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​អ្នក​ដែល​ដាក់​គ្រាប់​បែក​នៅ​ជាប់​របង​តុលាការ​រាជធានី​ភ្នំពេញ និង​នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ នៅ​ឡើយ។

ទាក់​ទង​នឹង​មហា​បាតុកម្ម​អហិង្សា​នេះ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា បើ​សិន​ជា​មាន​បាតុកម្ម​កើត​មាន​មែន​នោះ តើ​បាតុកម្ម​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​បែប​ណា ហើយ​មាន​ការ​ទទួល​ខុស​ត្រូវ​កម្រិត​ណា​ដែរ? លោក​បន្ត​ថា កម្ពុជា​រស់​បាន​ដោយសារ​ម្ចាស់​ជំនួយ ហើយ​បើ​មាន​បាតុកម្ម​នឹង​នាំ​ឲ្យ​ប្រព័ន្ធ​គ្រប់​គ្រង​ជាប់​គាំង​ទាំង​អស់ នោះ​ហើយ​ជា​បញ្ហា។

លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​ជ្រើស​យក​បាតុកម្ម​បាន ហើយ​ធ្វើ​បាន​ជោគ​ជ័យ បើ​សិន​ជា​មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​មែន​នោះ តែ​បើ​រាស្ត្រ​មិន​គាំទ្រ​ទេ បាតុកម្ម​ក៏​មិន​មាន​ន័យ។

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣ ប្រកាស​បើក​ការ​ជួប​ជុំ​មួយ នៅ​ទី​លាន​ប្រជាធិបតេយ្យ​ដែល​មាន​មនុស្ស​រាប់​ពាន់​នាក់​ចូលរួម ហើយ​គេ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ការ​ជួប​នោះ​នឹង​ក្លាយ​បាតុកម្ម​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។