គណបក្សសង្គ្រោះជាតិ ស្នើក្រុមប្រឹក្សាធម្មនុញ្ញចាត់វិធានការ និងនីតិវិធីក្នុងការផ្ទៀងផ្ទាត់លទ្ធផលឆ្នោតដោយតម្លាភាព និងអាចជឿទុកចិត្តបានពីមតិសាធារណៈ ជាតិ អន្តរជាតិ តាមរយៈការអនុញ្ញាតអោយមានការចូលរួមពីភាគីដើមបណ្ដឹង អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។
សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែសីហា បានហៅការសម្រេចអោយមានការបើកកញ្ចប់សុវត្ថិភាពមួយចំនួន ដើម្បីផ្ទៀងផ្ទាត់ និងដោះស្រាយនូវភាពមិនប្រក្រតីតាមគណបក្សនយោបាយ ជាការបង្ហាញពីតម្លាភាព ការទទួលខុសត្រូវ ហើយក៏នឹងធ្វើអោយប្រជាពលរដ្ឋម្ចាស់ឆ្នោតមានការជឿជាក់ ធ្វើអោយអ្នកឈ្នះមានកិត្តិយស ចំណែកអ្នកចាញ់ក៏បានអស់ចិត្ត។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍បន្ថែមថា ការផ្ទៀងផ្ទាត់លទ្ធផលឆ្នោតតាមកញ្ចប់សុវត្ថិភាព គឺជាចំណែកមួយក្នុងការទាមទាររបស់គណបក្សសង្គ្រោះជាតិ ដែលពុំទទួលយកលទ្ធផលឆ្នោត៖ «អោយប្រជាពលរដ្ឋជឿជាក់បន្ថែមទៀត អោយវាមានភាពច្បាស់លាស់លើចំណុចមួយត្រង់ គឺទៅលើលទ្ធផលឆ្នោត គឺត្រូវតែមានការបើកកញ្ចប់ "ក" នេះហើយ។ នេះគ្រាន់តែជាចំណុចមួយទេ ប៉ុន្តែដំណើរការនៃការបោះឆ្នោតទាំងមូល មានភាពមិនប្រក្រតីច្រើនណាស់ ជារឿងមួយដែលរួមចំណែកធ្វើអោយការបោះឆ្នោតមិនមានសេរី និងយុត្តិធម៌»។
គណបក្សសង្គ្រោះជាតិ បានដាក់ពាក្យបណ្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងបន្ទាប់មក ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដោយទាមទារផ្ទៀងផ្ទាត់លទ្ធផលឆ្នោតនៅតាមការិយាល័យមួយចំនួននៅក្នុងមណ្ឌលមួយចំនួន ដែលគណបក្សនេះរកឃើញថា មានភាពមិនប្រក្រតី ដូចជាការកោសលុបលើឯកសារចម្លងលទ្ធផលឆ្នោតជាដើម។
កញ្ចប់សុវត្ថិភាព "ក" ជាកញ្ចប់ដែលដាក់ឯកសារដើមជាច្រើនមកពីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត រួមមានទម្រង់បែបបទលេខ ១១០១ ១១០២ និង ១១០៨ បញ្ជីបោះឆ្នោតដែលត្រូវបានប្រើក្នុងថ្ងៃបោះឆ្នោត ត្រាសម្ងាត់ សន្លឹកឆ្នោតខូច សន្លឹកឆ្នោតមិនបានប្រើ និងគល់បញ្ជីសន្លឹកឆ្នោតដែលបានប្រើ សន្លឹកឆ្នោតបានការ សន្លឹកឆ្នោតមិនបានការ និងផ្ទាំងក្រដាសធំសម្រាប់កត់ត្រាសំឡេងឆ្នោតជាដើម។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំការឆ្លើយតបពីក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះការទាមទាររបស់គណបក្សសង្គ្រោះជាតិ នេះ បាននៅឡើយទេ នៅរសៀលថ្ងៃទី២៣ ខែសីហា។
ចំពោះអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា មានប្រសាសន៍ថា ជាទូទៅ តាមនីតិវិធីរបស់ គ.ជ.ប គឺតែងអោយមានការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ៖ «ការបើកកញ្ចប់ ឬការផ្ទៀងផ្ទាត់របស់ គ.ជ.ប តែងអញ្ជើញតំណាងគណបក្សនយោបាយ ជាពិសេសភាគីដើមបណ្ដឹង និងគណបក្សដែលប្រកួតប្រជែងក្នុងការបោះឆ្នោត អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានចូលរួមដែរ»។
សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ចេញថ្ងៃទី២៣ ខែសីហា បានកំណត់អោយ គ.ជ.ប បើកកញ្ចប់សុវត្ថិភាព "ក" ដើម្បីផ្ទៀងផ្ទាត់លទ្ធផលនៅក្នុងការិយាល័យចំនួន១៣ ក្នុងឃុំស្វាយជ្រះ នៅក្នុងមណ្ឌលក្រចេះ នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហា។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬ និកហ្វិច (Nicfec) លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ជាការល្អដែលបើកអោយមានការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត ប៉ុន្តែគួរតែអនុញ្ញាតនៅគ្រប់ការិយាល័យដែលគណបក្សនយោបាយបានទាមទារ ដោយមានភស្តុតាងជាក់លាក់ពីភាពមិនប្រក្រតីនៃលទ្ធផលឆ្នោត៖ «មានករណីគួរអោយសង្ស័យ គួរតែបើកអោយអស់ទៅ បើសិនជាបើកដូចក្នុងករណីនៅខេត្តក្រចេះ ឬតែខេត្តណាមួយ ខ្ញុំយល់ថា អត់គ្រប់គ្រាន់ទេ គឺគួរតែបើកទាំងអស់តាមសំណើរបស់គណបក្សប្រឆាំង»។
ឯកសារដើមសម្រាប់ផ្ទៀងផ្ទាត់លទ្ធផលឆ្នោត ឬកញ្ចប់សុវត្ថិភាព "ក" ត្រូវចាត់ទុកថា ប្រៀបបាននឹងប្រអប់ខ្មៅនៃយន្តហោះ ដែលអាចរក្សាបាននូវភាពត្រឹមត្រូវក្នុងកម្រិតខ្ពស់បំផុត និងមានការទទួលស្គាល់ពីតំណាងមកពីគ្រប់គណបក្សនយោបាយ។ យ៉ាងណា ក៏មានការបារម្ភដែរថា ការអូសបន្លាយពេលវេលាយូរពេកនៅក្រោយការបោះឆ្នោត ក៏អាចនាំអោយមានការសង្ស័យថា គេអាចបន្លំលទ្ធផលបានដែរ៕
ក្រុមប្រឹក្សាធម្មនុញ្ញកោះហៅបេក្ខជនតំណាងរាស្ត្របក្សសង្គ្រោះជាតិមណ្ឌលតាកែវ
ដោយ អ៊ុក សាវបូរី
តំណាងគណបក្សសង្គ្រោះជាតិ និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលតាកែវ លោក អ៊ុក ស៊ុយ ថ្លែងថា ក្រុមប្រឹក្សាធម្មនុញ្ញបានកោះហៅលោកដែលជាដើមបណ្ដឹងទៅសាកសួរពីការប្ដឹងសុំសើរើលទ្ធផលឆ្នោតនៅខេត្តតាកែវ ប្រកាសបណ្ដោះអាសន្នដោយ គ.ជ.ប មិនត្រឹមត្រូវ។
លោកបន្តថា បានជាគណបក្សសង្គ្រោះជាតិ ប្ដឹងឲ្យក្រុមប្រឹក្សាធម្មនុញ្ញសើរើ ផ្ទៀងផ្ទាត់សន្លឹកឆ្នោតនៅខេត្តតាកែវ ក្នុងទម្រង់១១០២ ១១០៤ និង ១១០៨ នោះ នៅក្នុងកញ្ចប់សុវត្ថិភាព "ក" នោះ មកពីនៅថ្ងៃបោះឆ្នោតមានភាពមិនប្រក្រតីបានកើតឡើងជាច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។