បក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​បាតុកម្ម​រាល់​ថ្ងៃ​អាទិត្យ​ចាប់​ពី​ខែ​ធ្នូ

ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​ដំណើរ​សួរ​សុខ​ទុក្ខ​កង​ទាហាន​នៅ​ព្រំដែន​ព្រះវិហារ និង​ចុះ​ពិនិត្យ​មើល​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ព្រៃ​ឡង់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ មុន​នឹង​ចាប់​ផ្ដើម​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ រៀង​រាល់​អាទិត្យ​ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣។

លោក ញ៉ែម បុញ្ញឫទ្ធិ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម​នៅ​ខេត្ត​សៀមរាប ថ្ងៃ​ទី​១០ ធ្នូ រួច​ហើយ ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី​១១ ធ្នូ រួច​នឹង​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ដែល​លោក​ថា កាប់​បំផ្លាញ​ដោយ​ក្រុមហ៊ុន​វៀតណាម នៅ​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​១២ ធ្នូ។

លោក ញ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា៖ «ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក​នឹង​ទៅ​តំបន់​ប្រាសាទ​ព្រះវិហារ មិន​មែន​ទៅ​ធ្វើ​បាតុកម្ម​ទេ គឺ​ទៅ​ពិនិត្យ​ប្រាសាទ​ព្រះវិហារ និង​សួរ​សុខ​ទុក្ខ​បង​ប្អូន​យើង​នៅ​ទី​នោះ»

លោក​បន្ត​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​វិល​មក​ភ្នំពេញ​វិញ​នៅ​ថ្ងៃ​ទី​១៥ ធ្នូ ដើម្បី​រៀប​ចំ​ធ្វើ​មហា​បាតុកម្ម។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​បាតុកម្ម​រៀង​រាល់​ថ្ងៃ​អាទិត្យ ចាប់​តាំង​ពី​ខែ​ធ្នូ ដែល​មាន​ក្រុម​បាតុករ​ចូល​រួម​យ៉ាង​ហោច​ណាស់ ១​ម៉ឺន​នាក់​រៀង​រាល់​លើក។

គម្រោង​ធ្វើ​បាតុកម្ម​នេះ គឺ​មាន​ការ​ទាមទារ​ដូច​លើក​មុនៗ​ដែរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​រក​យុត្តិធម៌​សម្រាប់​ការ​បោះ​ឆ្នោត និង​ទាមទារ​យុត្តិធម៌​សម្រាប់​បាតុករ និង​ពលរដ្ឋ​ដែល​បាន​ស្លាប់ និង​របួស​ដោយសារ​ការ​បង្ក្រាប​ដោយ​សមត្ថកិច្ច ចំពោះ​ការ​តវ៉ា​អហិង្សា​កន្លង​មក។

លោក​ថា គម្រោង​ធ្វើ​បាតុកម្ម​នេះ ធ្វើ​ឡើង​ដោយសារ​ដំណើរ​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ជាប់​គាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​ទទួល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​ពិនិត្យ​មើល​ការ​បន្លំ​សន្លឹក​ឆ្នោត​នេះ​ឡើង​វិញ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ព្រំ សុខា ប្រធាន​ក្រុម​ចរចា​បច្ចេកទេស​ខាង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ដើម្បី​សុំ​បញ្ជាក់​បន្ថែម​អំពី​បច្ចុប្បន្ន​ភាព​នៃ​ដំណើរ​ការ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។