ខុមហ្វ្រែល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បោះ​ឆ្នោត​ឡើង​វិញ

ទំនាស់​នយោបាយ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ចម្រូងចម្រាស​នៅ​ឡើយ ដោយ​គណបក្ស​ប្រឆាំង​នៅ​តែ​ដឹក​នាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តួនាទី​ជាដើម។ ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ អំពី​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​បាតុករ និង​ក្រុម​កង​កម្លាំង​រដ្ឋាភិបាល​នៅ​ក្នុង​ស្ថានភាព​បែប​នេះ ទោះ​បី​ជា​កង​កម្លាំង​រដ្ឋាភិបាល​មិន​ទាន់​ចេញ​ធ្វើ​សកម្មភាព​ទប់ស្កាត់​ក៏ដោយ។

0:00 / 0:00

ទំនាស់​នយោបាយ​បាន​កើត​មាន​ដោយសារ​តែ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត។ ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​នយោបាយ​ដ៏​សមស្រប​នោះ ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត និង​អ្នក​ច្បាប់ បាន​លើក​ឡើង​ថា មាន​តែ​ការ​រៀប​ចំ​បោះ​ឆ្នោត​ឡើង​វិញ​ទេ ទើប​បញ្ចប់​ភាព​ទាល់ច្រក​នេះ។

ការ​លើក​ឡើង​ដូច្នេះ នៅ​ស្រប​ពេល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹក​នាំ​ប្រជាពលរដ្ឋ កម្មករ​រោងចក្រ​រាប់​ម៉ឺន​នាក់​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ហែ​ក្បួន​នៅ​តាម​ដង​វិថី​នានា​ជា​រៀង​រាល់​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ធ្នូ មក។

នៅ​ពេល​នេះ រដ្ឋាភិបាល​មាន​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហា ដោយសារ​តែ​បញ្ហា​ជាច្រើន​បាន​កើត​មាន​ព្រម​គ្នា ព្រោះ​ក្រុម​អ្នក​ងាយ​រងគ្រោះ​បាន​កើត​ឡើង​ពី​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល នៅ​គ្រា​ដែល​វិបត្តិ​នយោបាយ​បាន​ជាប់​គាំង​ក្រោយ​ពេល​បោះ​ឆ្នោត​មក​នេះ។

ស្ថាប័ន​ស្រាវជ្រាវ​ការ​អភិវឌ្ឍ រួម​មាន ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​ធនាគារ​ពិភពលោក (World Bank) បាន​រក​ឃើញ​ថា ក្រុម​អ្នក​ងាយ​រងគ្រោះ​នៅ​កម្ពុជា មាន​បួន​ក្រុម។ ទី​មួយ ប្រជាពលរដ្ឋ​ដែល​មិន​អាច​រក​ចំណូល ៥​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ​ប្រមាណ ៦​លាន​នាក់។ ទី​ពីរ ក្រុម​យុវជន​បញ្ចប់​ការ​សិក្សា​ពី​សកលវិទ្យាល័យ​គ្មាន​ការងារ​ធ្វើ​ប្រមាណ ៣០​ម៉ឺន​នាក់។ ទី​បី ក្រុម​កម្មករ​រោងចក្រ​ដែល​ទាមទារ​ដំឡើង​ប្រាក់​ខែ​ដើម្បី​រស់​នៅ​សមរម្យ​មាន​ចំនួន​យ៉ាង​ហោច​ណាស់ ៥០​ម៉ឺន​នាក់ និង​ទី​បួន ក្រុម​អ្នក​ងាយ​រងគ្រោះ​ពី​គម្រោង​អភិវឌ្ឍន៍​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ជាដើម។

តាម​ការ​ប៉ាន់ស្មាន​ដោយ​ស្ថាប័ន​ស្រាវជ្រាវ​អភិវឌ្ឍន៍​នានា បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង ១៤​លាន​នាក់ ប្រទេស​កម្ពុជា មាន​ក្រុម​អ្នក​ងាយ​រងគ្រោះ​ប្រមាណ ១០​លាន​នាក់។ កត្តា​ទាំង​នេះ​បាន​រុញ​ច្រាន​ឲ្យ​កម្លាំង​បាតុករ​មាន​ការ​កើន​ឡើង។

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​ពន្យល់​ថា ដើម្បី​ដោះស្រាយ​វិបត្តិ​សង្គម​ទាំង​នេះ រួម​ផ្សំ​នឹង​ដោះស្រាយ​ភាព​ទាល់ច្រក​នយោបាយ​បាន​នោះ លុះត្រា​ណា​រដ្ឋាភិបាល​ធ្វើ​តាម​ការ​ទាមទារ​របស់​ក្រុម​បាតុករ និង​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ។

ប្រធាន​គណៈកម្មការ​នាយក​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា និង​ជា​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ធន សារាយ មាន​ប្រសាសន៍​ថា លោក​មិន​ចង់​ឲ្យ​កម្ពុជា ដណ្ដើម​អំណាច​គ្នា​ដោយ​ការ​បង្ហូរ​ឈាម​គ្នា ហើយ​អ្នក​ណា​ខ្លាំង​ឈ្នះ​គ្រប់គ្រង​ប្រទេស​នោះ​ទេ ដោយ​បទ​ពិសោធន៍​មាន​ស្រាប់​នៅ​ប្រទេស​ថៃ។ ក៏ប៉ុន្តែ ដំណោះស្រាយ​សមស្រប​នៅ​ប្រទេស​ថៃ គឺ​ការ​បោះ​ឆ្នោត។ ដូច្នេះ នៅ​ក្នុង​ស្ថានភាព​កម្ពុជា បែប​នេះ​ត្រូវ​តែ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​ដែរ។

«សំឡេង»

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត បាន​លើក​ឡើង​ថា ដើម្បី​រៀប​ចំ​ការ​បោះ​ឆ្នោត​ឲ្យ​មាន​តម្លាភាព និង​ទទួល​យក​បាន​ទាំងអស់​គ្នា​នោះ ជំហាន​ដំបូង​ត្រូវ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម ធ្វើ​វិសោធនកម្ម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​ករណី​ផ្សេងៗ​ទៀត​ជា​មុន​សិន ដែល​ចំណាយ​ប្រហែល​ជាង ១​ឆ្នាំ។

ការ​ថ្លែង​ដូច្នេះ​នៅ​ក្នុង​សិក្ខា​សាលា​មួយ​ដែល​រៀប​ចំ​ឡើង​ដោយ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) នៅ​ថ្ងៃ​ទី​២៦ ធ្នូ ឆ្នាំ​២០១៣ ដែល​គេ​បាន​បង្ហាញ​របាយការណ៍​ជាច្រើន​អំពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ និង​លទ្ធផល​បោះ​ឆ្នោត។

នៅ​ក្នុង​របាយការណ៍​របស់​អង្គការ ខុមហ្រ្វែល ដែល​រៀប​ចំ​ឡើង​ដោយ​បន្ទប់​ស្ថានការណ៍​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ដែល ខុមហ្រ្វែល យក​មក​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ធ្នូ បន្ទាប់​ពី​ចងក្រង​រយៈពេល​ជាង ១​ឆ្នាំ​មក​នោះ បាន​រក​ឃើញ​ករណី​ជាច្រើន​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។

នៅ​ក្នុង​របាយការណ៍​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​នោះ ដែល​បាន​រក​ឃើញ​នៅ​មុន​ពេល​បោះ​ឆ្នោត និង​ក្រោយ​ពេល​បោះ​ឆ្នោត​នេះ មិន​ទាន់​មាន​សេរី និង​យុត្តិធម៌​ទេ បើ​ទោះ​បី​ជា​មាន​ការ​ថយ​ចុះ​ករណី​ហិង្សា​ធ្ងន់ធ្ងរ និង​គ្មាន​ការ​សម្លាប់​សកម្មជន អ្នក​នយោបាយ​ក៏ដោយ។ យុត្តិធម៌ និង​សុចរិត​ភាព​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ មាន​ការ​ធ្លាក់​ចុះ បើ​ធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​លើក​មុនៗ។

បញ្ហា​សំខាន់ៗ​មិន​ត្រូវ​បាន​កែលំអ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត រួម​មាន គ្មាន​ភាព​ស្មើ​គ្នា​ក្នុង​ការ​ផ្សព្វផ្សាយ​របស់​គណបក្ស​នយោបាយ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​លម្អៀង​ទៅ​គណបក្ស​កាន់​អំណាច ខ្វះ​ភាព​អព្យាក្រឹត្យ និង​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឈ្មោះ​ស្ទួន​ជាង ៣០​ម៉ឺន​នាក់ បាត់​ឈ្មោះ​បោះ​ឆ្នោត និង​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត អ្នក​មិន​បាន​បោះ​ឆ្នោត​មាន ៤៨% បាត់​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់ លោក សម រង្ស៊ី ស្ថាប័ន គ.ជ.ប មិន​ឯករាជ្យ ការ​កើន​ឡើង​នៃ​ការ​ទិញ​សន្លឹក​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច មាន​ប្រជាពលរដ្ឋ​ប្រមាណ ១​លាន ២៥​ម៉ឺន​នាក់ មិន​មាន​ទិន្នន័យ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​ករណី​ជាច្រើន​ផ្សេង​ទៀត។

ដោយ​ឡែក របាយការណ៍​សម្ព័ន្ធ​កំណែ​ទម្រង់​បោះ​ឆ្នោត​បាន​រក​ឃើញ​ថា ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង ទទួល​បាន​សំឡេង​ខុស​គ្នា​ចំនួន ៣​សែន​សំឡេង ដែល​លម្អៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​នាយក​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា នៅ​ក្នុង​ដំណាក់​កាល​ជម្លោះ​នយោបាយ​ពេល​នេះ បើ​និយាយ​ពី​ការ​ថយ​ក្រោយ​វិញ ទាក់ទង​នឹង​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត និង​ការ​ចែក​អំណាច​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក។ ដូច្នេះ ជម្រើស​ល្អ​នោះ គឺ​ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​មុន​អាណត្តិ ដើម្បី​ឲ្យ​អ្នក​ឈ្នះ ឈ្នះ​ទាំង​ថ្លៃថ្នូរ និង​អ្នក​ចាញ់ ចាញ់​ទាំង​អស់​ចិត្ត។

«សំឡេង»

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា បាន​ឲ្យ​ដឹង​ថា គ.ជ.ប ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់​ដែល​មាន​ស្រាប់។ ដូច្នេះ ការ​ស្នើសុំ​ណា​មួយ​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​ពួក​គាត់។

«សំឡេង»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​ច្បាប់ និង​អ្នក​វិភាគ​នយោបាយ បាន​ពន្យល់​ថា ដើម្បី​បញ្ចប់​ភាព​ទាល់ច្រក​នយោបាយ​ដោយ​សន្តិវិធី​នោះ មាន​តែ​មធ្យោបាយ​បោះ​ឆ្នោត​ឡើង​វិញ ឬ​ធ្វើ​ប្រជា​មតិ​ប្រជាពលរដ្ឋ​តាម​បែប​ប្រជាធិបតេយ្យ ថា​តើ​ត្រូវ​បោះ​ឆ្នោត​ឡើង​វិញ ឬ​យ៉ាង​ណា​នោះ?

បន្ថែម​ពី​លើ​បញ្ហា​នេះ លោក គល់ បញ្ញា បាន​បញ្ជាក់​ថា កម្ពុជា មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​មុន​អាណត្តិ​ក្នុង​រយៈពេល ១​ឆ្នាំ​ទៀត ក្រោយ​ពេល​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប និង​ប្រព័ន្ធ​បោះ​ឆ្នោត ពីព្រោះ​ថា សហគមន៍​អន្តរជាតិ​ធ្វើ​ការងារ​រឿង​បោះ​ឆ្នោត និង​អង្គការ​សង្គម​ស៊ីវិល​ចាំ​តែ​ជួយ​តែ​ប៉ុណ្ណោះ។ លោក គល់ បញ្ញា បន្ថែម​ថា អង្គការ​សង្គម​ស៊ីវិល និង​បន្ទប់​ស្ថានការណ៍​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត នឹង​បើក​កិច្ច​ពិភាក្សា​លម្អិត​អំពី​បញ្ហា​នេះ នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​អំពី​ការ​ស្នើ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​នេះ។

របាយការណ៍​របស់ ខុមហ្រ្វែល បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា នៅ​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​នីតិកាល​ទី​៥​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំណាយ​លុយ​ជាង ១៥​លាន​ដុល្លារ​សហរដ្ឋ​អារមិក។ គណបក្ស​សង្រ្គោះ​ជាតិ ចំណាយ​ប្រមាណ ៣​លាន ៥​សែន និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រមាណ ៥​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។