ប្រជាពលរដ្ឋ និងមន្ត្រីគណបក្សប្រឆាំងនៅស្រុកស្ទោង ខេត្តកំពង់ធំ លើកឡើងថា ការយកម៉ោងការងាររដ្ឋបាលទៅធ្វើការងារបក្ស ឬទៅប្រជុំបក្ស គឺជារឿងមិនត្រឹមត្រូវឡើយ។ សាលាឃុំមួយចំនួន បានបិទទ្វារនៅព្រឹកថ្ងៃទី១៨ មករា មិនបានបម្រើការងារជូនពលរដ្ឋទេ ដោយយកពេលនោះទៅប្រជុំគណបក្សរបស់ខ្លួន។ អាជ្ញាធរឃុំខ្លះបានបដិសេធចំពោះការលើកឡើងនេះ ដោយថាពួកគេបើកទ្វារសាលាឃុំធ្វើការងារដូចធម្មតា។
ប្រជាពលរដ្ឋ ព្រមទាំងមន្ត្រីគណបក្សប្រឆាំង ស្នើឲ្យមេឃុំមួយចំនួននៅស្រុកស្ទោង គប្បីបែងចែកការងារបក្សនយោបាយ និងការងារបម្រើប្រជាពលរដ្ឋឲ្យដាច់ស្រឡះពីគ្នា។ ម៉ោងការងាររដ្ឋ ប្រសិនបើមានភារកិច្ចផ្ទាល់ខ្លួន មេឃុំត្រូវប្រគល់ការងាររបស់ខ្លួនទៅឲ្យមន្ត្រីក្រោមឱវាទទទួលបន្ទុកជំនួស ជាជាងបិទទ្វារសាលាឃុំចោល ដើម្បីទៅប្រជុំគណបក្សរបស់ខ្លួននោះ។
ការលើកឡើងនេះ បន្ទាប់ពីសាលាឃុំមួយចំនួន គឺសាលាឃុំទ្រា ឃុំកំពង់ចិនជើង បានបិទទ្វារនៅព្រឹកថ្ងៃទី១៨ មករា។
ពលរដ្ឋមួយរូបនៅឃុំទ្រា សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា សាលាឃុំរបស់លោកមិនឃើញមានមន្ត្រីមកបម្រើការងារឡើយ ប៉ុន្តែលោកមិនដឹងថា ពួកគេរវល់ទៅណាទេ។ លោកបន្តថា សាលាឃុំនេះគឺតែងតែបិទទ្វារ ហើយប្រជាពលរដ្ឋដែលត្រូវការសេវារដ្ឋបាលពីអាជ្ញាធរ គឺនាំគ្នាទៅផ្ទះមេឃុំតែម្តង។
លោកមើលឃើញថា បញ្ហាបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋមូលដ្ឋាន ហើយប្រសិនបើនៅតែកើតមានឡើងទៀត គឺធ្វើឲ្យប៉ះពាល់ដល់សំឡេងគាំទ្ររបស់ខ្លួន ហើយអ្នកភូមិប្រាកដជាបាត់បង់ទំនុកចិត្តមិនខានឡើយ។

ដោយឡែកសមាជិកក្រុមប្រឹក្សាស្រុកស្ទោង មកពីគណបក្សសង្គ្រោះជាតិ លោក ឆាយ ចែង មានប្រសាសន៍ថា សាលាឃុំមួយចំនួនពិតជាបានបិទទ្វារនៅព្រឹកថ្ងៃទី១៨ មករា ដោយពួកគេមួយចំនួនអាចជាប់រវល់ប្រជុំនៅមន្ទីរគណបក្សប្រជាជនកម្ពុជា។ លោកមើលឃើញពលរដ្ឋមួយចំនួនដែលទៅរកសេវារដ្ឋបាលពីអាជ្ញាធរឃុំ នាំគ្នាត្រឡប់មកផ្ទះវិញ បន្ទាប់ពីឃើញសាលាឃុំពួកគាត់បិទទ្វារ។
សមាជិកក្រុមប្រឹក្សាស្រុករូបនេះយល់ថា អាជ្ញាធរឃុំគប្បីបែងចែកការងាររដ្ឋ និងការងារបម្រើគណបក្សឲ្យបានត្រឹមត្រូវ៖ « ក្នុងឃុំនីមួយៗ ប្រសិនបើ ពួកគាត់ មិនបាន បែងចែក តួនាទីឲ្យបាន ច្បាស់លាស់ទេ ពេលគាត់រវល់តែឯង គាត់បានបិទទ្វារបិទសាលាឃុំហ្នឹង ជារឿងមួយ ធ្វើឲ្យប៉ះពាល់ ដល់ សេវាសាធារណៈ ដល់ប្រជាពលរដ្ឋយើងធ្ងន់ធ្ងរណាស់ »។
ទាក់ទងបញ្ហានេះ មេឃុំទ្រា ដែលជាឃុំមួយក្នុងចំណោមឃុំផ្សេងទៀត និងត្រូវបានពលរដ្ឋអះអាងថាបានបិទទ្វារនោះ លោក មិន ផាត មានប្រសាសន៍ថា សាលាឃុំរបស់លោកមិនបានបិទទ្វារឡើយ ហើយក៏មិនបានទៅប្រជុំគណបក្សអ្វីនោះដែរ។ លោកបន្តថា នៅពេលលោកអវត្តមានពីសាលាឃុំដោយភារកិច្ចណាមួយនោះ គឺលោកប្រគល់តួនាទីឲ្យមន្ត្រីផ្សេងទៀតធ្វើជំនួសទៀតផង៖ « ការងារហ្នឹង វា អាចមាន ឆកល្វែងខ្លះដែរណា ! ខ្លះគាត់រកទៅវាខុសម៉ោង ខុសពេល ។ ជួនកាលម្នាក់ទៅលិច ម្នាក់ទៅកើត »។
ទោះបីជាយ៉ាងនេះក្តី រហូតដល់រសៀលថ្ងៃទី១៨ មករា លោក ឆាយ ចែង អះអាងថា សាលាឃុំមួយចំនួន គឺបន្តបិទទ្វារដដែល ដោយពុំមានអាជ្ញាធរមកធ្វើការងារទេ។ ជាក់ស្តែង សាលាឃុំទ្រា តែម្តង ដោយឡែកឃុំផ្សេងទៀតដែលបិទទ្វារពីព្រឹកនោះ គឺបើកទ្វារធ្វើការងារឡើងវិញហើយ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មើលឃើញថា ការបិទទ្វារសាលាឃុំនៅក្នុងម៉ោងរដ្ឋបាល ឬម៉ោងការងារ គឺជាកំហុសធ្ងន់ធ្ងរមួយ។ លោកថា សាលាឃុំ គឺជាកន្លែងសម្រាប់បម្រើសេវាសាធារណៈជូនពលរដ្ឋក្នុងមូលដ្ឋាន។ លោកបន្ថែមថា នៅពេលអាជ្ញាធរមិនបានមកបំពេញការងារជូនពលរដ្ឋ គឺធ្វើឲ្យពួកគាត់បាត់បង់ជំនឿទុកចិត្តលើមន្ត្រីទាំងនោះមិនខាន៖ « ដែល ត្រូវមាន ការកែលំអ ឬត្រូវ វិធានការផ្នែករដ្ឋបាល ណាមួយ ចំពោះ សាលាឃុំ ណាដែល បិទទ្វារ នៅក្នុង ម៉ោងរដ្ឋបាល »។
លោក សន ជ័យ យល់ថា ស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យលើបញ្ហាទាំងនេះ ជៀសវាងធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារនៅតាមមូលដ្ឋាន និងត្រូវបែងចែកឲ្យបានច្បាស់លាស់រវាងការងារបុគ្គល ឬការងារគណបក្សនយោបាយ និងការងារបម្រើសេវាសាធារណៈ ពីព្រោះមិនមែនជារដូវកាលឃោសនាបោះឆ្នោតទេ ប៉ុន្តែជាពេលវេលាបំពេញការងារជូនប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។