ប្រជាពលរដ្ឋជាអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងនោះ ភាគច្រើនបាននាំគ្នាទៅរកការងារធ្វើនៅប្រទេសថៃ និងអ្នកចំណាកស្រុកមួយចំនួនទៀត ដែលចុះឈ្មោះបោះឆ្នោតនៅខេត្តបន្ទាយមានជ័យ ខ្លះបានវិលត្រឡប់ទៅតាមស្រុកកំណើតរបស់ពួកគេវិញ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ នេះ នឹងចូលមកដល់នៅថ្ងៃទី២៨ កក្កដា ខាងមុខនេះ ប៉ុន្តែប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅខេត្តបន្ទាយមានជ័យ នៅតែបន្តនាំគ្នាចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ។
ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ លោក គី គឹមសេង ថ្លែងថា លំហូររបស់អ្នកស្រុកនៅក្នុងខេត្តជាប់ព្រំដែនប្រទេសថៃ នេះ កំពុងបង្កឲ្យផលប៉ះពាល់ដល់ចំនួនអ្នកបោះឆ្នោតដែលគេរំពឹងទុកថា នឹងមានចំនួនថយចុះ។
លោក គូសបញ្ជាក់ថា នៅឃុំសង្កាត់ទូទាំងខេត្តបន្ទាយមានជ័យ មនុស្សពេញវ័យ និងជាអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បាននាំគ្នាទៅប្រទេសថៃ ស្ទើរស្ងាត់អស់ពីភូមិ នៅសល់តែមនុស្សចាស់ៗនៅចាំផ្ទះតែប៉ុណ្ណោះ។
នៅក្នុងយុទ្ធនាការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតកន្លងទៅនេះ គណៈកម្មការរៀបចំការបោះឆ្នោត បានរាយការណ៍ទៅអាជ្ញាធរខេត្ត ដើម្បីមានវិធានការទប់ស្កាត់លំហូរពលរដ្ឋចំណាកស្រុកទៅប្រទេសថៃ ហើយបញ្ហានេះ អាជ្ញាធរខេត្តក៏ពុំមានវិធានការជាក់លាក់ណាមួយអាចទប់ស្កាត់លំហូរនេះបាននោះទេ គ្រាន់តែមានការផ្សព្វផ្សាយតាមរយៈប្រជាពលរដ្ឋដែលទៅធ្វើការនៅស្រុកថៃនោះឲ្យពួកគាត់ប្រាប់តៗគ្នាតែប៉ុណ្ណោះ។
ប្រធានគណបក្សសង្គ្រោះជាតិប្រចាំក្រុងប៉ោយប៉ែត លោក ចៅ វាសនា ថ្លែងថា នៅក្រុងប៉ោយប៉ែត មានប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាទៅរកការងារធ្វើនៅស្រុកថៃ ហើយពួកគេទាំងនោះជាអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ចំណែកប្រជាពលរដ្ឋជាអ្នកចំណាកស្រុកមួយចំនួនទៀតដែលមានឈ្មោះបោះឆ្នោតនៅក្រុងប៉ោយប៉ែត នោះ បានវិលត្រឡប់ទៅស្រុកកំណើតរបស់គេនៅតាមខេត្តផ្សេង។ បញ្ហានេះគណបក្សសង្គ្រោះជាតិ បារម្ភថា ចំនួនអ្នកបោះឆ្នោតនឹងមានការថយចុះ។
មន្ត្រីគណបក្សប្រឆាំងដដែលបញ្ជាក់ថា នៅមានប្រជាពលរដ្ឋមួយចំនួនទៀតនៅក្រុងប៉ោយប៉ែត ពួកគាត់ពុំមានឈ្មោះបោះឆ្នោត។ ការខកខាននេះ គឺបណ្ដាលមកពីអាជ្ញាធរមូលដ្ឋានបង្កការលំបាក ហើយប្រជាពលរដ្ឋមួយចំនួនមានការធុញថប់ បន្ទាប់មកក៏នាំគ្នាសម្រេចចិត្តមិនព្រមនាំគ្នាចុះឈ្មោះ បោះឆ្នោតក៏មាន។ កត្តារើសអើងខាងផ្នែកនយោបាយ ក៏ជាចំណុចសំខាន់មួយទៀត។
ទាក់ទិនបញ្ហានេះ អ្នកសម្របសម្រួលសមាគមអាដហុក លោក ស៊ុំ ច័ន្ទគា សម្ដែងការសោកស្ដាយចំពោះចំណុចអវិជ្ជមាន ដូចជាការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋខ្មែរទៅប្រទេសថៃ និងប្រជាពលរដ្ឋមួយចំនួនទៀតពុំមានឈ្មោះបោះឆ្នោតជាដើម។ បញ្ហាទាំងនេះ នឹងនាំផលប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅពេលខាងមុខនេះ។
លោកសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ៥ឆ្នាំមានម្ដង។ កម្ពុជាគួរមានវិធានការទប់ស្កាត់បញ្ហាប្រជាពលរដ្ឋចំណាកស្រុកនេះឲ្យបានល្អ ដើម្បីឲ្យពួកគាត់បានចូលរួមបោះឆ្នោតទាំងអស់គ្នា។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០១២ កន្លងទៅ ចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺមានតែ ៥២% ប៉ុណ្ណោះ នៅទូទាំងខេត្តបន្ទាយមានជ័យ ដែលបាននាំគ្នាទៅបោះឆ្នោត។ ចំណែកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៣ នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ រំពឹងទុកថា ប្រជាពលរដ្ឋ ដែលនឹងទៅចូលរួមបោះឆ្នោតនៅទូទាំងខេត្តនោះមិនខុសគ្នាទៅនឹងឆ្នាំ២០១២ នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
