ជាជំហានដំបូង នៅព្រឹកនេះក្រុមប្រឹក្សាធម្មនុញ្ញបានផ្ដល់ឱកាសអោយតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផលស្រាវជ្រាវរបស់ខ្លួន ឆ្លើយតបនឹងការរកឃើញភាពមិនប្រក្រតី បន្ទាប់ពីបើកកញ្ចប់សុវត្ថិភាព "ក" ក្នុងការិយាល័យចំនួន១៣។
ប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មនៃ គ.ជ.ប លោក កែវ ផល្លា មានប្រសាសន៍នៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញថា ភាពមិនប្រក្រតីទាំងឡាយដែលបានរកឃើញនៅក្នុងកញ្ចប់សុវត្ថិភាព "ក" គឺជាកំហុសបច្ចេកទេស ហើយកំហុសនេះពុំធ្វើអោយប៉ះពាល់ដល់លទ្ធផលឆ្នោតឡើយ។ ក្នុងនោះ លោក កែវ ផល្លា ពន្យល់ថា ការរកឃើញថា បាត់សំឡេងឆ្នោតមួយចំនួនរបស់គណបក្សតូចៗ កើតឡើងដោយសារមន្ត្រី គ.ជ.ប នៅមូលដ្ឋាន បានយកសន្លឹកឆ្នោតបានការទាំងនោះ ទៅបញ្ចូលក្នុងបណ្ដុំសន្លឹកឆ្នោតមិនបានការទៅវិញ។ លោក ផល្លា បន្តថា មន្ត្រី គ.ជ.ប នៅមូលដ្ឋានទាំងនោះអះអាងថា កំហុសនោះកើតឡើងដោយសារតែពុំឃើញមានវត្តមានរបស់អ្នកសង្កេតការណ៍នៃគណបក្សតូចៗចូលរួមសង្កេតការណ៍ឡើយ។
កញ្ចប់សុវត្ថិភាព "ក" ចំនួន ១៣ មកពីឃុំស្វាយជ្រះ ខេត្តក្រចេះ ត្រូវបើកចំហជាសាធារណៈ នៅថ្ងៃទី២៥ ខែសីហា បានបង្ហាញថា កញ្ចប់សុវត្ថិភាពចំនួន ៨ ចំហមាត់ស្រាប់ មិនមានសុវត្ថិភាពឡើយ។ បន្ទាប់ពីការត្រួតពិនិត្យកញ្ចប់សុវត្ថិភាព "ក" ទាំង ១៣ នោះ គេរកឃើញថា ចំនួនសន្លឹកឆ្នោតមិនបានការ បានបាត់។ សន្លឹកឆ្នោតមិនបានការដែលបាត់នោះ ត្រូវបានចំណេញទៅគណបក្សតូចៗផ្សេងៗទៀត ដែលខុសពីលទ្ធផលបឋម ដែលការិយាល័យបោះឆ្នោតទាំង១៣ ប្រកាសកាលពីថ្ងៃបោះឆ្នោត។ ក្រៅពីនេះ ក៏មានករណីបំពេញសំណុំឯកសារមិនគ្រប់ទម្រង់ ការខុសគ្នារវាងទិន្នន័យលើតារាងរាប់សន្លឹកឆ្នោតភាពខុសគ្នារវាងទិន្នន័យសន្លឹកឆ្នោតបានការ និងមិនបានការ ការប្រើប្រាស់ប៊ិចពីរពណ៌សរសេរលើតារាងកត់លទ្ធផលបោះឆ្នោត និងបញ្ហាមួយចំនួនទៀត។
សូមរង់ចាំស្ដាប់ និងអានព័ត៌មានបន្ថែម...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។