ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​គ.ជ.ប.បើក​កញ្ចប់​សុវត្ថិភាព "ក" មណ្ឌល​កណ្ដាល

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​សម្រេច​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បើក​កញ្ចប់​សុវត្ថិភាព "ក" មួយ​ចំនួន​នៅ​មណ្ឌល​ខេត្ត​កណ្តាល។

សេចក្តី​ប្រកាស​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ចុះ​ថ្ងៃ​ទី៣០ សីហា បាន​ឲ្យ​ដឹង​ថា ការ​បើក​កញ្ចប់​សុវត្ថិភាព​នោះ គឺ​សរុប​មាន​ចំនួន ៨​ការិយាល័យ នៅ​មណ្ឌល​ខេត្ត​កណ្ដាល នៅ​ក្រុង​តាខ្មៅ សង្កាត់​តាខ្មៅ ដើម្បី​ផ្ទៀងផ្ទាត់​សំឡេង​ឆ្នោត​ក្នុង​ទម្រង់ ១១០២ ១១០៨ និង​ក្រដាស​ធំ​កត់ត្រា​សំឡេង​ឆ្នោត។

ការ​បើក​កញ្ចប់​សុវត្ថិ "ក" នេះ ត្រូវ​ធ្វើ​នៅ​ទីស្ដីការ គ.ជ.ប នៅ​ថ្ងៃ​អាទិត្យ ទី១ ខែ​កញ្ញា វេលា​ម៉ោង ៨​ព្រឹក ហើយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នឹង​ចាត់​តាំង​តំណាង​ឲ្យ​ទៅ​ចូល​រួម​ស្រាវជ្រាវ​ស៊ើប​អង្កេត។

កន្លង​មក ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​បញ្ជា​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បើក​កញ្ចប់​សុវត្ថិភាព "ក" នៅ​ខេត្ត​ចំនួន​៣ មក​ហើយ ដើម្បី​ផ្ទៀងផ្ទាត់​សំឡេង​ឆ្នោត។ ខេត្ត​ទាំង​៣ នោះ​មាន ខេត្ត​ក្រចេះ បាត់ដំបង និង​ខេត្ត​សៀមរាប។ កញ្ចប់​សុវត្ថិភាព "ក" ដែល​បាន​បើក​កន្លង​មក​មាន​ខេត្ត​ខ្លះ កញ្ចប់​សុវត្ថិភាព​នោះ​មាន​របើក​មាត់​ថង់ ដោយ​គ្មាន​ចំណង ឬ​បិទ​ឲ្យ​បាន​ជិត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។