ចៅក្រម​បន្ត​សាកសួរ​តំណាង​រាស្ត្រ​៥​រូប​និង​យុវជន​១​នាក់​នៅ​គុក​ព្រៃស

0:00 / 0:00

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​ការ​សាកសួរ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​ទាំង ៦​រូប​បន្ត​ទៀត នៅ​ថ្ងៃ​ទី​១៧ កក្កដា នេះ។

នៅ​ថ្ងៃ​ទី​១៧ កក្កដា នេះ ការ​សាកសួរ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​ទាំង ៦​រូប​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ​នៅ​ពន្ធនាគារ​ព្រៃស ក្នុង​សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​មេធាវី​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ​រូប ដែល​ការពារ​ក្ដី​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​ឃុំ​ទាំង ៦​រូប​នោះ មាន​ប្រសាសន៍​ថា ចៅក្រម​បាន​សាកសួរ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ទាំង ៦​រូប​នោះ​ឡើង​វិញ ដោយសារ​តែ​កាល​ពី​ម្សិលមិញ មន្ត្រី​ទាំង​នោះ​មិន​បាន​ឆ្លើយ​អ្វី​ពេញ​លេញ​ទេ​នៅ​ឯ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ។ មេធាវី​ដដែល​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៧ កក្កដា នេះ មន្ត្រី​ទាំង​នោះ​ក៏​នៅ​រក្សា​ជំហរ​មិន​ឆ្លើយ​អ្វី​ច្រើន​ដែរ។ លោក​បញ្ជាក់​ថា ជំហរ​បែប​នេះ គឺ​ជា​សិទ្ធិ​របស់​ពួក​គាត់។

ស្ថានភាព​នៅ​ឯ​ខាង​ក្រៅ​ពន្ធនាគារ ដូច​គ្នា​ពេល​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ដែរ គឺ​គ្រប់​ច្រក​ចូល​ទៅ​ពន្ធនាគារ ត្រូវ​បាន​ការពារ​យ៉ាង​តឹងតែង​ដោយ​កម្លាំង​នគរបាល​ចម្រុះ​ប្រមាណ ២០០​នាក់ ដែល​មក​ពី​មូលដ្ឋាន​នោះ និង​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បាតុកម្ម​ពី​ខាង​ក្រៅ។

ទិដ្ឋភាព​ខាងក្រៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១ ឬ​ព្រៃស ខណៈ​ចៅក្រម​បន្ត​សាកសួរ​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ ៥រូប និង​យុវជន​សង្គ្រោះជាតិ១រូប នៅ​ថ្ងៃ​ទី ១៧ ខែ​កក្កដា ឆ្នាំ ២០១៤។
ទិដ្ឋភាព​ខាងក្រៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១ ឬ​ព្រៃស ខណៈ​ចៅក្រម​បន្ត​សាកសួរ​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ ៥រូប និង​យុវជន​សង្គ្រោះជាតិ១រូប នៅ​ថ្ងៃ​ទី ១៧ ខែ​កក្កដា ឆ្នាំ ២០១៤។ (RFA/Leng Maly)

ក្រៅ​ពី​នេះ ក៏​មាន​កម្លាំង​សន្តិសុខ​ខណ្ឌ​ដង្កោ រាប់​សិប​នាក់​ទៀត ត្រូវ​ដាក់​បន្ថែម ដែល​មួយ​ក្រុម​ស្លៀកពាក់​ខៀវ​ក្រមៅ និង​មួយ​ក្រុម​ទៀត ស្លៀកពាក់​ពណ៌​កាគី​ខ្ចី ពាក់​មួយ​សុវត្ថិភាព​ពណ៌​ស។ នៅ​ឯ​ចិញ្ចើម​ថ្នល់​ម្ខាង​ទៀត មាន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ២០​នាក់ នាំ​គ្នា​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទល់​មុខ​កម្លាំង​សន្តិសុខ​នៅ​ច្រក​ចូល​ខាង​ត្បូង ដែល​ចូល​ទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១។ ក៏ប៉ុន្តែ អ្នក​គាំទ្រ​ទាំង​នោះ មិន​បាន​ធ្វើ​សកម្មភាព​លើក​បដា​តវ៉ា​ស្រែក​ទាមទារ​អ្វី​ទេ គឺ​គ្រាន់​តែ​នាំ​គ្នា​សម្លឹង​ទៅ​នគរបាល​ដែល​ឈរ​យាម​នៅ​ច្រក​ចូល​នោះ។

ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​នោះ​បាន​សម្រេច​រំសាយ​គ្នា​វិញ​នៅ​វេលា​ម៉ោង​ជិត ៤​រសៀល ហើយ​ងាក​ទៅ​ពិចារណា​ថា នឹង​ត្រូវ​ធ្វើ​អ្វី​ទៀត​នៅ​ថ្ងៃ​ស្អែក និង​ថ្ងៃ​បន្តបន្ទាប់​ទៀត។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ប្រមូល​ផ្ដុំ​គ្នា​នោះ មិន​មាន​ការ​ប៉​ទង្គិច​គ្នា​ទេ ទាំង​ពាក្យ​សម្ដី និង​អំពើ​ហិង្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។