សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ បានសម្រេចឃុំខ្លួនបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិទាំង ៥រូប និងសកម្មជនម្នាក់ទៀត នៅពន្ធនាគារព្រៃស។
មន្ត្រីសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត ដែលតាមដានរឿងក្ដីនេះយ៉ាងដិតដល់ឲ្យដឹងនៅរសៀលថ្ងៃនេះថា បន្ទាប់ពីបានសាកសួរអស់រយៈពេលមួយថ្ងៃរួចមក ចៅក្រមបានចោទបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិទាំង ៥រូបពីបទ ផ្ដើមគំនិតឲ្យមានកុបកម្ម ដឹកនាំធ្វើកុបកម្មហិង្សាមានស្ថានទម្ងន់ទោស និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិទាំង ៥រូប និងសកម្មជនម្នាក់ទៀតនោះ ត្រូវបានបញ្ជូនខ្លួនទៅគុកព្រៃស នៅល្ងាចថ្ងៃទី១៦ កក្កដា នេះ។
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ ៥រូប ដែលប៉ូលិសចាប់ខ្លួន ត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីម៉ោងប្រមាណ ៧ព្រឹកថ្ងៃនេះ ដោយដៃជាប់ខ្នោះទៅក្រោយ។
បេក្ខជនតំណាងរាស្ត្របក្សសង្គ្រោះជាតិ ៥រូបនោះមាន អ្នកស្រី មូរ សុខហួរ លោក ម៉ែន សុថាវរិន្ទ្រ លោក កែវ ភិរម្យ លោក ហូរ វ៉ាន់ និងលោក រៀល ខេមរិន្ទ្រ ដែលសមត្ថកិច្ចទើបចាប់ខ្លួនពីខេត្តកំពង់ចាម និងជំនួយការផ្ទាល់លោកស្រី មួរ សុខហួរ លោក អឿន ណារិទ្ធ ត្រូវបានចាប់ខ្លួននៅបឹងត្របែក នៅម៉ោងជាង ១០ព្រឹក នៅថ្ងៃទី១៦ ខែកក្កដា ហើយបញ្ជូនទៅសាកសួរនៅតុលាការសាលាដំបូងរាជធានីភ្នំពេញ។
ចំណែកនៅក្រៅតុលាការវិញ អ្នកគាំទ្របក្សសង្គ្រោះជាតិ រាប់ពាន់នាក់បានស្រែកទាមទារឲ្យតុលាការដោះលែងអ្នកតំណាងរាស្ត្រទាំង ៥រូប ហើយឲ្យតុលាការចាប់ជនដៃដល់ខាងភាគីកងសន្តិសុខដែលបង្កឲ្យមានអំពើហិង្សានៅទីលានប្រជាធិបតេយ្យមកផ្ដន្ទាទោសវិញ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក វណ្ណ វិចារ ពីគុកព្រៃស៖
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ឡេង ម៉ាលី ពីទិដ្ឋភាពនៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ៖
សូមស្ដាប់ការបកស្រាយរបស់លោកមេធាវី សំ សុខគង់ មេធាវីម្នាក់ក្នុងចំណោមមេធាវីការពារក្ដីឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៥នាក់ និងសកម្មជនម្នាក់ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។