មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងនៅថ្ងៃទី១៥ វិច្ឆិកា ថា គម្រោងជួបគ្នាបន្តការចរចារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នៅក្នុងសប្ដាហ៍នេះ គណបក្សទាំងពីរមិនទាន់ឯកភាពគ្នានៅឡើយ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ត្រូវប្រជុំគណៈកម្មការនាយកជាមុនសិន មុននឹងកំណត់ពេលជួបគ្នាជាថ្មី។ លោកអះអាងថា ការជួបគ្នាជាថ្មីនោះ សំខាន់នៅត្រង់ថា គណបក្សសង្គ្រោះជាតិ នៅតែទាមទារឲ្យស្វែងរកការពិតលើលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា។
មន្ត្រីគណបក្សប្រជាជនកម្ពុជា សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរក្នុងការចរចានេះ។ លោកបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ទោះបីជាគណបក្សទាំងពីរមិនទាន់ជួបគ្នាជាផ្លូវការក្ដី ប៉ុន្តែតំណាងគណបក្សទាំងពីរបានពិភាក្សាគ្នាក្រៅផ្លូវការខ្លះៗ អំពីការកំណត់កាលបរិច្ឆេទការចរចា តែមិនទាន់កំណត់យកថ្ងៃណានៅឡើយ។
គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានជួបចរចាកាលពីថ្ងៃទី៥ វិច្ឆិកា ដើម្បីរកដំណោះស្រាយនយោបាយរួមគ្នាមួយ បន្ទាប់ពីជាប់គាំងនយោបាយក្រោយបោះឆ្នោតជិត ៤ខែមកហើយនោះ។
គណបក្សសង្រ្គោះជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានភ្លាមៗ កាលពីថ្ងៃទី៥ វិច្ឆិកា ក្រោយពេលជួបចរចានោះថា ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា បានបរាជ័យដោយសារភាគីគណបក្សប្រជាជនកម្ពុជា នៅតែបដិសេធមិនទទួលយកនូវការស្រាវជ្រាវស្វែងរកការពិតភាពមិនប្រក្រតី ដែលកើតមានក្នុងការបោះឆ្នោតនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ។
គណបក្សជាប់ឆ្នោតទាំងពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានជួបចរចារកដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់ភាពជាប់គាំងនេះចំនួនបីលើកមកហើយ ប៉ុន្តែបញ្ហាសំខាន់ដែលនៅតែមិនទាន់រកចំណុចរួមឃើញនោះ ដោយសារតែគណបក្សសង្គ្រោះជាតិ នៅតែទាមទារឲ្យស៊ើបអង្កេតភាពមិនប្រក្រតីធ្ងន់ធ្ងរនៃការបោះឆ្នោតកាលពីថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៣ និងករណីមួយចំនួនទៀត។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគនយោបាយបានលើកឡើងថា ការដោះស្រាយភាពជាប់គាំងមិនបាននេះ អ្នកដែលខាតបង់នោះ គឺប្រជាពលរដ្ឋ ដោយសារថា អ្នកនយោបាយមិនបានយកពេលវេលាដើម្បីធ្វើការបម្រើប្រជាពលរដ្ឋក្រោយពេលបោះឆ្នោត។ ម្យ៉ាងទៀត អ្នកវិភាគសង្កត់ធ្ងន់ថា ប្រសិនអ្នកនយោបាយយកប្រយោជន៍ជាតិជាធំ គណបក្សទាំងពីរត្រូវតែរកចំណុចបង្រួបបង្រួមជាតិ ដើម្បីធ្វើការរួមគ្នាដោះស្រាយវិបត្តិសង្គម ដែលកំពុងកើតមាននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
